• ពលរដ្ឋ​៤​នាក់​ចូល​បំភ្លឺ​នៅ​តុលាការខេត្ត​ពោធិ៍សាត់​រឿង​ប្ដឹង

    • ថ្ងៃចេញផ្សាយ ២៨-មករា-២០១៥

    អភិបាលរង​ខេត្ត​​មន្ត្រី​សិទ្ធិមនុស្ស និង​តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ស្នើ​ឲ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី និង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​កម្ទេច​ផ្ទះ និង​ផលដំណាំ​អ្នកភូមិ​សង្គម​ថ្មី ចំនួន ១២​គ្រួសារ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៤​។ ការស្នើ​នេះ គឺ​បន្ទាប់ពី​តំណាង​អយ្យការ​ខេត្តពោធិ៍សាត់ កោះហៅ​តំណាង​ពលរដ្ឋ ៥​គ្រួសារ​ដើម្បី​សាកសួរ​។​​ពាក្យបណ្ដឹង​របស់​ពល​រដ្ឋ​ចំនួន ៥​គ្រួសារ ក្នុងចំណោម ១២​គ្រួសារ ដែល​ប្ដឹង លោក ខូ​យ រី​ដា អភិបាលរង​ខេត្តពោធិ៍សាត់ ត្រូវបាន​ព្រះរាជអាជ្ញា លោក តន់ សីហ​តេ​ជៈ លើក​មក​ពិនិត្យ និង​សាកសួរ​បឋម​លើ​ពលរដ្ឋ​ចំនួន ៤​នាក់​ក្នុងនាម​ដើមបណ្ដឹង នៅ​ថ្ងៃទី​២៧ ខែមករា​។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ហាក់​មិនសូវមាន​ជំនឿ​លើ​ចំណាត់ការ​នេះឡើយ ព្រោះ​កន្លងទៅ​អ្នករងគ្រោះ​ក្នុង​រឿង​ដីធ្លី​តែងតែ​រង​នូវ​ភាព អយុត្តិធម៌​។​​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម ៤​នាក់ ដែល​បាន​បំភ្លឺ​នៅ​តុលាការ​លើ​សំណុំរឿង​របស់ខ្លួន គឺ​លោក ប៊ី ង៉ុ​យ មានប្រសាសន៍ថា រូបលោក និង​ពលរដ្ឋ​ផ្សេងទៀត​មាន​បង្កាន់ដៃ ឬ​លិខិត​កាន់កាប់​ដី​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។ លោក​រំឭកថា ផ្ទះ និង​ដំណាំ​របស់លោក​ត្រូវគេ​ឈូស​បំផ្លាញ ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន នៅ​គ្រា​ដែល​លោក​ដេកពេទ្យ​ព្យាបាល​របួស​ជើង​ជាន់មីន​ពេល​ដើរល្បាត ព្រំដែន​៖ «​មក​ដេក​នៅ​ពោធិ៍សាត់ ត្រឡប់​ទៅវិញ​អស់​ផ្ទះ​រលីង​អ៊ីចឹង​! ខ្ញុំ​អស់ជំនឿ​លើ​ខ្លួនឯង​ផង រាជរដ្ឋាភិបាល​ផង តាមមើលទៅ​បម្រើ​ជាតិ បម្រើ​យូរៗ​ទៅ​ឡើង​អស់​ដី​អស់​ផ្ទះ​បាត់​ហើយ​»​។​​កាលពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ អាជ្ញាធរខេត្ត​ពោធិ៍សាត់ បានដាក់​កម្លាំងចម្រុះ​ចុះ​រុះរើ​ខ្ទម និង​ផ្ទះ​ពលរដ្ឋ​ភូមិ​សង្គម​ថ្មី នៃ​ឃុំ​ថ្មដា ចំនួន ១២​ខ្នង​។ ក្រោយមក គឺ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ មាន​ពលរដ្ឋ​ចំនួន ៥​គ្រួសារ បានដាក់​ពាក្យ​ប្ដឹង លោក ខូ​យ រី​ដា ដែល​ប្រជាពលរដ្ឋ​អះអាងថា​ជា​អ្នកដឹកនាំ​កម្លាំងចម្រុះ​កម្ទេច​ផ្ទះ​របស់ ពួកគាត់ ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន អឹម​.​ឌី​.​អេស (MDS)​។​​ឆ្លើយតប​បញ្ហា​នេះ អភិបាលរង​ខេត្តពោធិ៍សាត់ លោក ខូ​យ រី​ដា ថ្លែង​ស្វាគមន៍​ចំពោះ​ការប្ដឹង​របស់​ពលរដ្ឋ ដោយ​លោក​ប្រាប់ថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ មិន​ថា​អាជ្ញាធរ ឬ​ពលរដ្ឋ​សាមញ្ញ​នោះទេ​។ លោក​ថា ប្រសិនបើ​តុលាការ​រកឃើញថា ពួកគាត់​រស់នៅ​ស្របច្បាប់​មិន​ទៅ​រុករាន​ដីព្រៃ គឺ​រដ្ឋ​ជា​អ្នកទទួលខុសត្រូវ ប៉ុន្តែ​ចំពោះ​ករណីនេះ​អាជ្ញាធរ​បាន​សិក្សា​យ៉ាងច្បាស់​មុននឹង​អនុវត្ត​៖ «​អាជ្ញាធរ របស់​យើង​បាន​ជជែក​គ្នា​ហើយ សូម្បី​សង្គម​ស៊ីវិល​ដែល​ចូលរួម​សហការ គឺ​យើង​ចុះ​ធ្វើ​របស់គាត់ (​ប្រជាពលរដ្ឋ​ទាំង ១២​គ្រួសារ​) យើង​នឹង​ដោះស្រាយ​ជូន​គាត់​។ តែ​គាត់​មិនអាច​ចង់បាន​ដី​កន្លែង​ណា​ទៅ​កន្លែង​ណា​នោះបានទេ ព្រោះ​ដីព្រៃ​របស់​រដ្ឋ​»​។​​មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក យី សុខសាន្ដ ថ្លែងថា ការដោះស្រាយ​បញ្ហា​ដោយ​ប្ដឹងទៅ​តុលាការ គឺជា​ឆន្ទៈ ឬ​ជា​ជំហាន​មួយ​ដែល​ពលរដ្ឋ​ហ៊ាន​តតាំង​ជាមួយ​អ្នកមាន​លុយ ឬ​មានអំណាច ដើម្បី​ប្រឆាំង​អំពើ​អយុត្តិធម៌​ក្នុងសង្គម បើទោះបីជា​តុលាការ​បច្ចុប្បន្ន​មិន​ឯករាជ្យ​។ លោក​ថា ចៅក្រម ឬ​ព្រះរាជអាជ្ញា គឺជា​មនុស្ស​សំខាន់​ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​។​​ជម្លោះដីធ្លី​របស់​ពលរ​ដ្ឋ​ឃុំ​ថ្មដា និង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ចាប់ផ្ដើម​កក្រើក​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១០ គឺ​ពេលដែល​ក្រុមហ៊ុន អឹម​.​ឌី​.​អេស របស់លោក​ឧកញ៉ា ទ្រី ភាព ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម​។ ទាក់ទង​រឿង​ដីធ្លី​នេះ អាជ្ញាធរ​បាន​ប្ដឹង​បុរស​ពីរ​នាក់​ទៅ​តុលាការ និង​ចាប់​ស្ត្រី​ម្នាក់​ឃុំខ្លួន​មួយរយៈ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ (RFA) ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥​ ។