-
ពលរដ្ឋខេត្តពោធិ៍សាត់ព្រមានទប់ស្កាត់ការចិញ្ចឹមត្រីឆ្ដោរនិងឆក់ត្រីក្នុងបឹងគុជនប់ដោយខ្លួនឯង
- ថ្ងៃចេញផ្សាយ ៣-មីនា-២០១៥
តំណាង និងពលរដ្ឋរស់នៅឃុំមួយចំនួននៃស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមានចុះដកហូតម៉ាស៊ីនបូមទឹក និងទប់ស្កាត់សកម្មភាពចិញ្ចឹមត្រីឆ្ដោរ និងឆក់ត្រីក្នុងបឹងគុជនប់ ដោយខ្លួនឯង ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅតែមិនដោះស្រាយ។ ក្រុមពលរដ្ឋបញ្ជាក់ថា សកម្មភាពចិញ្ចឹមត្រីទាំងនេះបានធ្វើឲ្យទឹកបឹងគុជនប់ រីង និងប៉ះពាល់ដល់ពលរដ្ឋមិនអាចប្រើទឹកជាច្រើនភូមិ។តំណាងពលរដ្ឋមកពីឃុំអន្លង់ត្នោត ឃុំឈើតុំ និងឃុំក្បាលត្រាច បានរកឃើញម៉ាស៊ីនបូមទឹកចំនួន ៩គ្រឿង កំពុងបញ្ឈរចាំបូមទឹកបឹងគុជនប់ និងស្រះចិញ្ចឹមត្រីឆ្ដោរចំនួនពីរ ហើយស្រះចិញ្ចឹមត្រីប្រា និងត្រីទីឡាព្យា ចំនួន ១០ស្រះ។ ពួកគាត់ថា អាជ្ញាធរឃុំ និងស្រុក តែងតែឆ្លើយខុសការពិតអំពីបញ្ហាដែលកើតមានក្នុងមូលដ្ឋានជាមួយអ្នកសារព័ត៌មាន ហើយមិនគិតគូរដោះស្រាយបញ្ហាទាំងនោះទេ។ប្រជាពលរដ្ឋមកពីឃុំក្បាលត្រាច អ្នកស្រី ឡោន ស៊ីវី មានប្រសាសន៍នៅថ្ងៃទី៣ ខែមីនា ថា តំណាង និងប្រជាពលរដ្ឋកំពុងពិភាក្សារៀបចំវិធានការទប់ស្កាត់បទល្មើសឆក់ក្នុងបឹង និងដកហូតម៉ាស៊ីនបូមទឹកតាមទំនប់ នៃបឹងគុជនប់ ទៅទុកនៅទីស្នាក់ការរដ្ឋបាលជលផលស្រុក។ អ្នកស្រីបន្តថា បឹងគុជនប់ មានប្រភពទឹកចេញពីអូរជាច្រើន ហើយទំនប់ក៏មិនបាក់ធ្លាយទឹកទៅណាក្រៅពីបូមបញ្ចូលស្រះដែរ៖ «យើងចាំមើលអាជ្ញាធរប្រសិនបើអត់ទប់ស្កាត់អីទៅលើបញ្ហាបូមទឹកដាក់ស្រះអីហ្នឹងទេ ពួកខ្ញុំនឹងទៅទប់ស្កាត់ផ្ទាល់ទៅចាប់ម៉ាស៊ីនកន្លែងបូមទឹក ទៅដាក់ឲ្យកន្លែងជលផលតែម្ដង ចាំមើលគាត់ថាម៉េចទៀត ព្រោះអីព័ត៌មានទាំងអស់ហ្នឹងមិនមែនគាត់ (អាជ្ញាធរមូលដ្ឋាន) ឆ្នាំមុនៗអ៊ីចឹងពេលប្រជាពលរដ្ឋរាយការណ៍ទៅ គាត់បានតែចុះមកយកលុយទេ»។ទាក់ទងបញ្ហានេះ ម្ចាស់ស្រះចិញ្ចឹមត្រី អ្នកស្រី អ៊ឹង ស្រីណាក់ បញ្ជាក់ថា កន្លងទៅប្រជាពលរដ្ឋបានចោទប្ដីរបស់គាត់ដែលមន្ត្រីរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ថាបានចិញ្ចឹមត្រីឆ្ដោរខុសច្បាប់ តែជាក់ស្ដែង គ្រួសារគាត់មានស្រះជួលឲ្យគេ និងចិញ្ចឹមត្រីខ្លួនឯងសរុបចំនួន ១០ស្រះ ហើយត្រីដែលចិញ្ចឹមនោះ គឺជាប្រភេទត្រីប្រា និងត្រីទីឡាព្យា ដែលការចិញ្ចឹមនេះមិនត្រូវការទឹកផ្លាស់ប្ដូរច្រើនដងទេ។អ្នកស្រីថា បច្ចុប្បន្នអ្នកជួលស្រះរបស់គាត់ ចិញ្ចឹមត្រីមានម៉ាស៊ីនបូមទឹកចាស់មួយគ្រឿង កំពុងបញ្ឈរចោលនៅបឹងគុជនប់ មែន ព្រោះម្ចាស់ឈឺ កំពុងសម្រាកព្យាបាលនៅវៀតណាម៖ «គាត់ (ប្ដី) ធ្វើមន្ត្រី ប៉ុន្តែគាត់មិនដែលទៅស្រះវាក់វិន (ជាប់ទាក់ទង) ជាមួយខ្ញុំទេ។ដីហ្នឹងពេលខ្ញុំទិញ ហើយខ្ញុំជីកស្រះយូរហើយ សហគមន៍នៅនោះក៏ដឹងដែរ ព្រោះអីប្អូនខ្ញុំនៅស្វាយ អត់មានការងារធ្វើ បានជាខ្ញុំជួលស្រះដាច់ឲ្យវាទៅ រួចហើយវាចិញ្ចឹមតែត្រីហ្នឹង (ត្រីទីឡាព្យា និងត្រីប្រា) វាអត់មានលទ្ធភាពចិញ្ចឹមត្រីឆ្ដោរទេ»។ចំណែកមេឃុំក្បាលត្រាច លោក ដួង សារិន ថ្លែងថា បទល្មើសឆក់នៅបឹងគុជនប់ អាចនឹងកើតមានខ្លះមែន ដោយសារប្រជាការពារភូមិមិនសូវទៅដល់។ លោកថា អាជ្ញាធរឃុំ និងសហគមន៍ នឹងមានវិធានការគ្រប់គ្រងទឹកនៅរដូវវស្សាឲ្យបានត្រឹមត្រូវ ដើម្បីតម្កល់ទឹកឲ្យបានប្រើប្រាស់រហូតដល់រដូវប្រាំងឡើងវិញ ប៉ុន្តែលោកទទួលស្គាល់ថា ប៉ុន្មានឆ្នាំមកនេះមានអ្នកប្រើប្រាស់ទឹកច្រើនពេក។ពលរដ្ឋឲ្យដឹងថា បឹងគុជនប់ មានទំហំប្រហែល ១០ហិកតារ ជម្រៅ ៤ម៉ែត្រ។ បឹងនេះមានពលរដ្ឋជាច្រើនភូមិ នៃឃុំក្បាលត្រាច ប្រើប្រាស់។ ក្រុមពលរដ្ឋចង់ឲ្យអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់សកម្មភាពនានាដែលប៉ះពាល់ដល់ទឹកបឹងគុជនប់៕ដងស្រង់ចេញពីវិទ្យុ អាស៊ីសេរី ចេញផ្សាយនៅថ្ងៃទី ២០១៥-០៤-០៣ ។