-
អង្គការសិទ្ធិមនុស្សធ្វើយុទ្ធនាការទាមទារឲ្យដោះលែងស្ត្រីសកម្មជនដីធ្លី១២នាក់
- ថ្ងៃចេញផ្សាយ ១២-មីនា-២០១៥
អង្គការការពារសិទ្ធិមនុស្ស ចាប់ផ្តើមធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនដីធ្លីទាំង១២នាក់ ដើម្បីបង្ហាញទៅដល់អ្នកជាប់ឃុំទាំងនោះថា ពួកគេមិនមានភាពឯកកា និងលើកទឹកចិត្តសកម្មជនផ្សេងទៀតឲ្យហ៊ានការពារដីរបស់ខ្លួន ។ការប្រកាសយុទ្ធនាការនេះ ធ្វើឡើងក្នុងសន្និសីទនៅថ្ងៃទី៦ ខែមីនានេះ ។ ស្ត្រីសកម្មជនដីធ្លី និងព្រះសង្ឃចំនួន១១អង្គ/នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ខណៈដែលពួកគេតវ៉ា និងព្យាយាមបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញដើម្បីទាមទារឲ្យមានអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ ។ ចំណែកកញ្ញា លី ស៊ីវមិញ ត្រូវបានចាប់ខ្លួនក្នុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឃុនសៀ បន្ទាប់ពីក្រុមគ្រួសារពួកគេមិនព្រមចាកចេញពីទីតាំងមានជម្លោះនៅតំបន់បឹងកក់១ ។ នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងក្នុងសន្និសីទនេះថា យុទ្ធនាការនេះដើម្បីបង្ហាញថា ស្ត្រីដែលជាសកម្មជនការពារដីធ្លីគួរទទួលបានកិច្ចការពារពីរដ្ឋាភិបាល ជាជាងការចាប់ចង និងមានការគំរាមកំហែងពីសំណាក់អាជ្ញាធរ ។ លោកស្រីបន្តថា ការចាប់ស្រី្តដាក់ពន្ធនាគារនេះ វាអាចប៉ះពាល់ដល់សិទ្ធិសេរីភាពមូលដ្ឋាន ក្រុមគ្រួសារ ជាពិសេសប៉ះពាល់ដល់កុមារដែលគ្មានម្តាយទំនុកបំរុង ។ លោកស្រីថ្លែងថា «ថ្ងៃនេះខ្ញុំគ្រាន់តែចង់ឆ្លៀតឱកាសថា សហគមន៍បើទោះបីគាត់បច្ចុប្បន្ន គាត់ជាប់នៅពន្ធនាគារក្តី គឺសង្គមស៊ីវិលយើងតែងតែយកចិត្តទុកដាក់ ហើយយើងតែងតែព្យាយាមគិតនូវយុទ្ធសាស្ត្រ នានា ថាតើយើងអាចធ្វយ៉ាងម៉េចដើម្បីអាចជួយដល់ពួកគាត់ ហើយដើម្បីធ្វើយ៉ាងម៉េច ដែលគាត់ប្រឈមនៅក្នុងពន្ធនាគារនេះ គឺគាត់មិនឯកា»។លោកស្រី ចក់ សុភាព បន្ថែមថា យុទ្ធនាការនេះក៏ដើម្បីផ្ញើសារដល់អ្នកជាប់ឃុំទាំងនោះថា ពួកគេមិនមានភាពឯកានោះទេ ហើយសង្គមស៊ីវិល និងប្រជាពលរដ្ឋនឹងទាមទារសិទ្ធិជូនស្ត្រីទាំងនោះ ។អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សង្គមស៊ីវិលនៅតែគាំទ្រ និងលើកទឹកចិត្តទៅដល់ស្ត្រី និងបណ្តាសហគមន៍ទាំងអស់ ដែលក្រោកឈរដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួន ។ លោកស្នើដល់រដ្ឋាភិបាល បន្ថែមការយកចិត្តទុកដាក់ក្នុងការការពារអ្នកការពារសិទ្ធិមនុស្ស ក៏ដូចជាស្រី្តដែលពួកគេចេញតស៊ូមតិ ។ កុមារី សៀង ស្រីភ័ស្តុ អាយុ១២ឆ្នាំ ជាកូនស្រីរបស់អ្នកជាប់ឃុំ អ្នកស្រី ភួង សុភាព ដែលមានកូនក្នុងបន្ទុក៧នាក់ រៀបរាប់ថា ខណៈម្តាយរបស់ខ្លួនស្ថិតនៅពន្ធនាការ ក្នុងក្រុមគ្រួសារពួកគេគ្មានអ្នកផ្គត់ផ្គង់អាហារ និងថែទាំកូនចៅ ។ កុមារីរូបនោះសង្ឃឹមថារដ្ឋាភិបាល នឹងពិរចារណាឡើងវិញដោះលែងម្តាយរបស់ខ្លួន និងសកម្មជនដីធ្លីផ្សេងទៀត «ពួកខ្ញុំអត់ម្តាយពិបាកណាស់ ប្អូនខ្ញុំនៅផ្ទះឈឺ ព្រោះអីអត់មានម៉ាក់នៅផ្ទះហើយបងខ្ញុំទៅធ្វើការបាត់អ៊ីចឹង អត់មានអ្នកណានៅមើលប្អូនទេ ហើយខ្ញុំទៅរៀនបាត់ទៀត ដល់ម៉ោង១២ទើបខ្ញុំបានដាំបាយហូបបង ព្រោះតែម្តាយខ្ញុំអត់នៅ ។ កាលមុនម្តាយខ្ញុំនៅ ខ្ញុំម៉ោង១១ហូបបាយ ហើយប្អូនខ្ញុំខ្យល់ទៀត ថវិការខ្វះខាត ខ្ញុំទៅរៀនខ្វះខាតច្រើនណាស់» ។ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៥ ។