-
ក្រុមអង្គការសង្គមស៊ីវិលចំនួន៣០អំពាវនាវឲ្យដោះលែងអ្នកការពារសិទ្ធិដីធ្លី១២នាក់មុនថ្ងៃសិទ្ធិនារី
- ថ្ងៃចេញផ្សាយ ១៧-មីនា-២០១៥
ក្រុមអង្គការសង្គមស៊ីវិលចំនួន៣០ស្ថាប័ន បានចេញសេចក្ដីការណ៍រួមនៅថ្ងៃទី៦ មីនា អំពាវដល់ស្ថាប័នតុលាការ ដោះលែងអ្នកការពារសិទ្ធិដីធ្លីចំនួន១២នាក់ជាបន្ទាន់ មុខទិវាសិទ្ធិនារីអន្តរជាតិ ៨មីនាឆ្នាំ២០១៥។ក្នុងចំណោមអ្នកការពារសិទ្ធិដីធ្លីទាំង១២នាក់ មាន១១នាក់ជាស្ត្រីបឹងកក់ រួមមានលោកស្រី ទេព វន្នី ង៉ែត ឃុន សុង ស្រីលាភ គង់ ចន្ថា ផាន់ ឈុនរ៉េត បូ ឆវី នង ស្រេង ហេង ពេជ្រ អ៊ឹម ស្រីទូច ភួង សុភាព កញ្ញា លី ស៊ីវមិញ និងព្រះតេជព្រះគុណ សឺន ហាយ។អ្នកជាប់ឃុំ១១នាក់ក្នុងចំណោម១២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមុនក្រោយគ្នាមួយថ្ងៃ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៤ នៅពេលដែលពួកគេ តវ៉ាមុខសាលារាជធានីភ្នំពេញ ជុំវិញការទាមទារឲ្យមានដំណោះស្រាយទឹកលិចផ្ទះសម្បែងរបស់ពួកគាត់ និងទាមទារឲ្យដោះលែងអ្នកដែលសមត្ថកិច្ចចាប់ខ្លួន យកមកសវនាការនៅតុលាការក្រុងនៅថ្ងៃបន្ទាប់ ហើយចៅក្រមសាលាដំបូងរាជធានី ប្រកាសសាលក្រមដាក់ពន្ធនាគារក្នុងម្នាក់១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល។ចំណែកកញ្ញា លី ស៊ីវមិញ ត្រូវបានចាប់ខ្លួនជាមួយឪពុក គឺលោក លី ស្រ៊ាខេង ក្នុងជម្លោះដីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ នៅពេលពួកគេមិនព្រមចេញពីដីមានជម្លោះនៅតំបន់បឹងកក់១ កាលពីថ្ងៃទី ១៨ វិច្ឆិកា ២០១៤។ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ថា អ្នកជាប់ឃុំទាំង១២នាក់នោះ ពុំទទួលបានការការពារដោយសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិវិធី ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា អនុសញ្ញាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារឡើយ។ លើសពីនេះទៅទៀតក្រុមអង្គការសង្គមស៊ីវិល ក៏ក្រើនរំលឹកដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែដោះលែងអ្នកទាំង១២នាក់នោះជាបន្ទាន់ នៅមុនទិវាសិទ្ធិនារីអន្តរជាតិឆ្នាំនេះ ដើម្បីបង្កើនភាពជឿជាក់ពីសំណាក់សហគមន៍អន្តរជាតិ ដោយទទួលស្គាល់សារសំខាន់ និងភាពស្របច្បាប់នៃអ្នកការពារសិទ្ធិមនុស្ស ជាពិសេសអ្នកការពារសិទ្ធិមនុស្ស ដែលជាស្ត្រីក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជាការប្ដេជ្ញាចិត្តថ្មីរបស់រដ្ឋាភិបាល ដើម្បីគោរពសិទ្ធិមនុស្ស ចំពោះមុខសហគមន៍អន្តរជាតិ មុនពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឆ្នាំ២០១៤ ត្រួតពិនិត្យជាលើកទី២ នៅថ្ងៃទី១៧ និង១៨ មីនាខាងមុខ៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០១៥ ។