• មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បង្កើន​ចំណេះដឹង​ផ្នែក​ច្បាប់​ដល់​សហគមន៍​ក្រីក្រ​

    • ថ្ងៃចេញផ្សាយ ២៧-មីនា-២០១៥

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​បាន​ចាក់​បញ្ចាំង ភាពយន្ត​ឯកសារ​ខ្លី​មួយ​ឲ្យ​តំណាង​សហគមន៍​អ្នកមាន​ជម្លោះដីធ្លី​ទស្សនា ដែល​អង្គការ​នោះ​យល់ថា ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ខណៈ​តុលា​ការរង​ការរិះគន់​ថា​មាន​ទំនោរ​ទៅរក​បក្ស​កាន់អំណាច​។​​ការចាក់​បញ្ចាំង​នេះ ធ្វើឡើង​នៅ​ស្នាក់ការ​(CCHR)​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​អ្នកចូលរួម​ជិត ១០០​នាក់ មកពី​តំណាង​អង្គការក្រៅរដ្ឋាភិបាល និង​សហគមន៍​អ្នកមាន​ជម្លោះដីធ្លី​ខ្លះ នៅ​តំ​បឹងកក់ និង​បុរី​កីឡា​ជាដើម​។​​អ្នកសម្របសម្រួល​គម្រោង​កំណែទម្រង់​ប្រព័ន្ធតុលាការ​របស់​(CCHR) លោក សួន ប៊ុនធឿន ថ្លែងថា ការជំនុំជម្រះ​ក្តី​ក្នុង​តុលាការ​បច្ចុប្បន្ននេះ ពេលខ្លះ​ជនសង្ស័យ ឬ​ជនជាប់ចោទ គ្មាន​មេធាវី​ការពារ និង​ពេលខ្លះទៀត គ្មាន​វត្តមាន​ជនជាប់ចោទ​ក្នុង​សវនាការ​។​​លោក សួន ប៊ុនធឿន ឲ្យ​ដឹង​ទៀតថា តាមរយៈ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្នាត​ខ្លី​នេះ អ្នកទស្សនា​នឹង​យល់ដឹង​ពី​សិទ្ធិ និង​អាច​ជំរុញ​ឲ្យ​ពួកគេ​ចេះ​ប្រើប្រាស់​សិទ្ធិ​នេះ ហើយ​អាចជា​ចរន្ត​ជំរុញ​ឲ្យ​ចៅក្រម​កាត់ក្តី​ដោយ​ឯករាជ្យ​។​​ខ្សែភាពយន្ត​ខ្នាត​ខ្លី​នោះ បានបង្ហាញ​ពី​ដំណើររឿង​ក្មេងប្រុស​ម្នាក់ រង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌ ដោយ​ចោទ​ពីបទ​លួច​សម្ភារៈ​។ ហើយ​ផ្នែក​ខ្លះទៀត​នៃ​ភាពយន្ត​នោះ បង្ហាញ​ពីបទ​សម្ភាស​ជាមួយ សកម្មជន​រងគ្រោះ​មួយចំនួន ដែល​រង​ការរំលោភបំពាន​ដោយ​តុលាការ មេធាវី និង​មន្ត្រី​រដ្ឋាភិបាល​។​​ជាងនេះទៅទៀត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមីនា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញថា បើទោះបីជា​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ មានការ​ធានា​ការពារ​ពី​ច្បាប់​ជាតិ និង​សន្ធិសញ្ញា​អន្តរជាតិ ដែល​កម្ពុជា​ជា​ភាគី​ហត្ថលេខី​ក៏ដោយ ក៏​ជនជាប់ចោទ​នៅ​កម្ពុជា​កម្រ​ទទួលបាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ដែរ​។​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា តុលាការ​កម្ពុជា​បច្ចុប្បន្ន​ត្រូវបាន​គេ​មើលឃើញថា មាន​កង្វះ​ឯករាជ្យភាព និង​ដំណើរការ​នីតិវិធី​ក្រោម​ការជ្រៀតជ្រែក​ពី​អ្នក នយោបាយ ។​​យ៉ាងនេះ​ក្តី​ប្រមុខ​រាជរដ្ឋាភិបាល ធ្លាប់​អះអាង​ជារឿយៗ​ថា ខ្លួន​មិនមាន​ឥទ្ធិពល​ណាមួយ​ត្រួតត្រា​ទៅលើ​ប្រព័ន្ធយុត្តិធម៌​ទេ​៕​ដកស្រង់​ចេញពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៥ ។​