• តុលាការ​កោះហៅ​លោក កឹម សុខា ចូល​បំភ្លឺ​មុន​ចូលឆ្នាំ​ខ្មែរ​

    • ថ្ងៃចេញផ្សាយ ៣១-មីនា-២០១៥

    តុលាការ​បានចេញ​ដីកា​កោះហៅ លោក កឹម សុខា ដែលជា​អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ក្នុង​ដីកា​នោះ មិនឃើញ​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ទេ ។​​ប៉ុន្តែ​ចំណាត់ការ​នេះ​ធ្វើឡើង​ក្រោយពី​លោក ហ៊ុន សែន ព្រមាន​ចាត់ការ​តាម​ប្រព័ន្ធតុលាការ​ទៅលើ​អនុប្រធាន​គណបក្សប្រឆាំង​រូបនេះ ដោយ​ចោទថា​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។​​លោក​ ចាន់ ចេ​ន ជា​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កាលពី​ម្សិលមិញ លោក​បានទទួល​ដីកា​កោះហៅ​ពី​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លី សុផាន់​ណា ដែល​កោះហៅ​លោក កឹម សុខា ជា អនុប្រធាន​ទី​១​រដ្ឋសភា​ដែលមាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​នោះ ឲ្យ​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​២០១៥​ខាងមុខនេះ ដើម្បី​សាកសួរ​បន្ថែម​។​បើទោះជា​ដីកា​នោះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​ក្តី​តែ​មេធាវី បញ្ជាក់ថា​ការកោះហៅ​នេះ ទាក់ទង​ទៅនឹង​បាតុកម្ម កាលពី​ឆ្នាំ​២០១៤​នៅលើ​ផ្លូវ​វ៉េងស្រេង បើទោះជា​លោក កឹម សុខា បាន​ចូល​បំភ្លឺ​រួចរាល់​ហើយក៏​ដោយ​។​​លោក ចាន់ ចេ​ន ឲ្យ​ដឹង​ទៀតថា បើ​គិត​តាមផ្លូវ​ច្បាប់​ការកោះហៅ​កូនក្តី​របស់លោក​គឺ​ត្រូវតែ​ដាក់​លិខិតស្នើ​ត្រឹមត្រូវ​តាមរយៈ​ក្រសួងយុត្តិធម៌ ហើយ​ឆ្លងកាត់​រដ្ឋសភា​ជាមុនសិន មិនមែន​គ្រាន់តែ​កោះហៅ​ដោយ​មិន​បញ្ជាក់​មូលហេតុ​បែបនេះ​ទេ ព្រោះ​កូនក្តី​លោក​មាន​អភ័យឯកសិទ្ធិ​។ VOD​មិនទាន់​អាចទាក់ទង​ព្រះរាជអាជ្ញារង លី សុផាន់​ណា ដើម្បី​សុំ​ការឆ្លើយតប​បន្ថែម​លើ​ដីកា​កោះហៅ​បាន​នោះទេ ។​អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់ថា ការកោះហៅ​នេះ​គឺជា​រឿង​នយោបាយ​ដែល​គណបក្សកាន់អំណាច​តែង​យក​ប្រព័ន្ធតុលាការ​មក​គំរាមកំហែង​គណបក្សប្រឆាំង​។ លោក​បន្តថា លោក កឹម សុខា មាន​សិទ្ធិ​គ្រប់គ្រាន់​សម្រេចចិត្តថា​ចូល​ឬ​មិន​ចូល​បំភ្លឺ ព្រោះ​លោក​មាន​អភ័យឯកសិទ្ធិ​។​របាយការណ៍​ក្រុម​អង្គការសិទ្ធិមនុស្ស​រក​ឃើញថា​មាន​បាតុករ​យ៉ាងតិច​៧​នាក់​បាន​ស្លាប់ ដោយសារ​គ្រាប់កាំភ្លើង​របស់​ក្រុម​សមត្ថកិច្ច ដែល​បាញ់​បង្ក្រាប​នៅ​គ្រា​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល ក្លាយជា​អំពើហិង្សា នៅ​ផ្លូវ​វ៉េងស្រេង កាលពីដើមឆ្នាំ​២០១៤​។​​អ្នកវិភាគ និយាយថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​ទម្លាក់​ការទទួលខុសត្រូវ​លើ​បញ្ហា​នេះ ទៅលើ​មេដឹកនាំ​កណ​បក្សប្រឆាំង ហើយ​ចោទថា លោក កឹម សុខា ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត ២០១៣​។ ប៉ុន្តែ​លោក កឹម សុខា បដិសេធថា លោក​មិនបាន​ថ្លែងថា ផ្តួលរំលំ​នោះទេ គឺ​គ្រាន់តែ និយាយថា​ផ្លាស់ប្តូរ​ក្នុងន័យ​អហិង្សា និង​ដោយ​សន្តិវិធី តាមរយៈ​ការបោះឆ្នោត​ដោយ​យុត្តិធម៌​៕​ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៥ ។