• តុលាការ​ជំនុំជម្រះ​សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​១០​នាក់​

    • ថ្ងៃចេញផ្សាយ ៣១-មីនា-២០១៥

    សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​ផ្សេងទៀត ។​​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១០​នាក់​ត្រូវបាន​នាំខ្លួន​មកដល់​សាលា​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​៨​និង​១០​នាទី ។​​សកម្មជន​ទាំង​១១​នាក់​ដែល​ត្រូវ​ចូល​សវនាការ​នៅថ្ងៃនេះ​រួមមាន​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៤​នាក់​ផ្សេងទៀត​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ និង​សកម្មជន​៦​នាក់​ទៀត​ដែល​កំពុង​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ។​ ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​ក្បែរ​ស្ពាន​នាគ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ និង​អាជ្ញាធរ​បាន​ចាប់ខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូលធ្វើការ​ក្នុង​សភា ៕​ ដកស្រង់​ពីវិទ្យុសម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៥ ។​