-
បក្សប្រឆាំងគ្រោងស្នើសុំធ្វើវិសោធនកម្មលើច្បាប់ពាក់ព័ន្ធតុលាការ
- ថ្ងៃចេញផ្សាយ ៣១-មីនា-២០១៥
គណបក្សសង្គ្រោះជាតិ គ្រោងនឹងស្នើទៅស្ថាប័នពាក់ព័ន្ធនានា ឲ្យធ្វើវិសោធនកម្មលើច្បាប់ចំនួន៣ ក្នុងប្រព័ន្ធតុលាការឡើងវិញ ដើម្បីឲ្យស្ថាប័ននេះឯករាជ្យ និងអាចឲ្យពលរដ្ឋជឿទុកចិត្តបាន។ច្បាប់ទាំងនោះរួមមាន ការរៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្តិទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែថ្លែងរិះគន់ប្រព័ន្ធច្បាប់ និងតុលាការនៅកម្ពុជា បច្ចុប្បន្នថាមិនទាន់ឯករាជ្យ ដែលមិនអាចធានារកយុត្តិធម៌ជូនពលរដ្ឋទូទៅបានឡើយ។ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ រដ្ឋសភា លោក កឹម សុខា ថ្លែងក្នុងពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយការវាយប្រហារគប់គ្រាប់បែកដៃកាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ នៅមុខអតីតអគាររដ្ឋសភាចាស់ លើសួនច្បារមុខវត្តបទុមវតី។លោកថា ជំហានបន្ទាប់ពីការកែទម្រង់ច្បាប់បោះឆ្នោត កែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) ហើយនេះ គណបក្សសង្គ្រោះជាតិ នឹងធ្វើការកែទម្រង់ស្ថាប័នជាតិ ដើម្បីពង្រឹងនូវតុល្យភាពអំណាចរវាងស្ថាប័នទាំងបី គឺនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ៖ «»។ រដ្ឋសភាកម្ពុជា កាលពីចុងខែឧសភា ឆ្នាំ២០១៤ បានអនុម័តជាស្ថាពរនូវសេចក្ដីព្រាងច្បាប់ ចំនួន៣នេះដោយរលូន ដោយគ្មានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលរួមទេ។ ចំណែកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ម្នាក់ៗ ហ៊ានក្រោកឡើងថ្លែងបរិហារអំពីការប្រព្រឹត្តខុសឆ្គងរបស់មន្ត្រីរដ្ឋាភិបាលនៅពេលកន្លងមក ឬក៏ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្ហាញការទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសឆ្គងរបស់មន្ត្រីតុលាការក្នុងពេលអនាគតនោះដែរ។តែទោះយ៉ាងណា គណបក្សប្រឆាំងកាលនោះបានលើកឡើងម្ដងហើយម្ដងទៀតថា ច្បាប់ដែលរដ្ឋសភាដែលមានតែតំណាងរាស្ត្រតែម្ខាង គឺគណបក្សប្រជាជនកម្ពុជា កំពុងអនុម័តនេះ នឹងគ្មានតម្លៃនោះទេ ហើយថា ពួកគេនឹងធ្វើការសើរើឡើងវិញនៅថ្ងៃណាមួយ។ទាក់ទងនឹងការលើកឡើងរបស់លោកមេដឹកនាំគណបក្សសង្គ្រោះជាតិ នេះ ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) លោកបណ្ឌិត ហ៊ាង ឬទ្ធី បានគាំទ្រ។ លោកថា ច្បាប់ទាំងបីនេះត្រូវតែធ្វើវិសោធនកម្មឲ្យបាន ពីព្រោះច្បាប់ទាំងនេះកន្លងមកបានអនុម័តដោយសភាតំណាងរាស្ត្រឯកបក្សមិនទាន់គ្រប់ជ្រុងជ្រោយ ដែលធានាធ្វើយ៉ាងណាកុំឲ្យមន្ត្រីតុលាការមានជាប់ពាក់ព័ន្ធនឹងបក្សនយោបាយ៖ «»។ ឆ្លើយតបនឹងគម្រោងស្នើធ្វើវិសោធនកម្មនៃច្បាប់នេះ មន្ត្រីនាំពាក្យនៃក្រសួងយុត្តិធម៌ លោក ស សោភ័ណ្ឌ មានប្រសាសន៍ថា ការស្នើសុំណាមួយរបស់បក្សប្រឆាំង គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែអ្វីៗត្រូវសម្រេចលើអង្គសភាទាំងមូល៖ «»។ច្បាប់ទាំង៣ រួមមានច្បាប់ការរៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្តិទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីនៅជាសេចក្ដីព្រាងនៅឡើយ ក៏មានការរិះគន់ជាច្រើនចំណុចពីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងដែរ ព្រមទាំងទាមទារឲ្យកែប្រែនូវចំណុចមួយចំនួនជាចាំបាច់នៅក្នុងសេចក្ដីព្រាងនោះ មានដូចជា ការកំណត់កញ្ចប់ថវិកាស្វយ័តរបស់ស្ថាប័នតុលាការ និងព្រំដែននៃការចូលរួមសកម្មភាពគណបក្សនយោបាយរបស់ចៅក្រម ព្រះរាជអាជ្ញាជាដើម ប៉ុន្តែពុំមានការទទួលយកទៅកែប្រែឡើយ៕ ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៥ ។