• សកម្មជន​ដីធ្លី​បដិសេធ​ការ​ចោទ​របស់លោក ហ៊ុន សែន ដែលថា​តវ៉ា​ដើម្បី​ពានរង្វាន់​

    • ថ្ងៃចេញផ្សាយ ៣១-មីនា-២០១៥

    ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ចេញ​តវ៉ា​ជាថ្មីទៀត នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​បដិសេធ​ការ​ចោទ​របស់ លោក ហ៊ុន សែន ដែល​បាន​ចោទប្រកាន់​លើ​ពួកគេ​ថា តវ៉ា​កន្លងមក​ដើម្បី​បាន​ពានរង្វាន់ ឬ​តវ៉ា​ដើម្បី​យក​ជំនួយ​ជាដើម​នោះ ។​​ស្ត្រី​សកម្មជន​ដីធ្លី​ដែល​នៅ​សេសសល់​ពី​ការចាប់​ដាក់ពន្ធនាគារ បានធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទី​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បដិសេធ​នឹង​ការចោទប្រកាន់​របស់​នា​យក​រដ្ឋមន្ត្រី ។ ​តំណាង​ពលរដ្ឋ​បឹងកក់ អ្នកស្រី បូ​វ សោភា ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែមីនា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ស្រុក​ខ្មែរ​គឺជា​ឋាន​សួ​គ៏​សម្រាប់​អ្នកធ្វើ​បាតុកម្ម អ្នក​តវ៉ា​មុខ​ដដែលៗ និង​អ្នក​តវ៉ា​ដើម្បី​យកពាន​ជាដើម ។ ប៉ុន្តែ​អ្នកស្រី សោភា អះអាងថា ប្រជា​សហគមន៍​តវ៉ា​គឺ​ដើម្បី​ក្រពះ និង​ជម្រក​ដែល​មន្ត្រី​របស់លោក ហ៊ុន សែន ធ្វើ​ឲ្យ​បាត់បង់ ។ សកម្មជន​ដីធ្លី​រូបនេះ បាន​ហៅ​ការ​ថ្លែង​របស់លោក ហ៊ុន សែន ថា​ជា​ការមិន​ទទួលខុសត្រូវ​លើ​សុខទុក្ខ​ពលរដ្ឋ ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា ។​​អ្នកស្រី​បញ្ជាក់ថា «​និយាយ​រួម​ទៅ ពាក្យ​អស់ហ្នឹង​ខ្ញុំ​ចង់តែ​សើច​ទេ វា​ជា​ពាក្យ​ចំអក​ឡកឡាយ ផ្ទះ​ប្រជាពលរដ្ឋ​ដដែល មិនទាន់​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ខ្ញុំ​បាន​និយាយ​ពី​ដើម​ហើយ​ថា ប្រជាពលរដ្ឋ​មិន​ដែរ​ចង់​ដើរ​យំ​ស្រែក​តាមផ្លូវ​ទេ តែមាន​ដំណោះស្រាយ​គឺ​គាត់​ឈប់​ហើយ ។ ជាក់ស្តែង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គាត់​កំពុងតែ​បាន​ដំណោះស្រាយ​ដីធ្លី​ហើយ គាត់​មានអី​ត្រូវ​តវ៉ា​ទៀត បើ​គាត់​មាន​ដំណោះស្រាយ​ហើយ គាត់​ត្រូវ​ការរស់នៅ​ជួបជុំ​គ្រួសារ ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​របស់គាត់​» ។​​អ្នកស្រី បូ​វ សោភា អះអាងថា ការធ្វើ​បាតុកម្ម ឬ​តវ៉ា​របស់​ប្រជា​សហគមន៍​ដីធ្លី​មូលហេតុ​ចម្បង គឺ​មកពី​ពួកគេ គ្មាន​ផ្ទះសម្បែង​រស់នៅ និង​ផ្ទះ​របស់​ពួកគេ​ត្រូវ​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ដីធ្លី ឈូសឆាយ ដោយ​គ្មាន​ផ្តល់​សំណង​តាម​តម្លៃ​ទីផ្សារ និង​តាម​គោលការណ៍​ច្បាប់ ។​​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត VOD​មិនទាន់​អាច​សុំ​ការបកស្រាយ​បានទេ​នៅថ្ងៃនេះ ដោយ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នកទទួល ។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែងថា លោក​មានការ​សោកស្តាយ​ចំពោះ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ដែលថា សកម្មជន​ដីធ្លី​តវ៉ា​ដើម្បី​បាន​ពានរង្វាន់ ។ លោក​បន្តថា ក្នុងឋានៈ​ជា​ថ្នាក់ដឹកនាំ​កំពូល ត្រូវតែ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ហើយ​បើ​មិនមាន​លទ្ធភាព​ដោះស្រាយ​ទេ មិនគួរ​ប្រើ​សំដី​ចំអក​បែប​នេះឡើយ ។ លោក​ថា «​ខ្ញុំ​មានការ​សោកស្តាយ ការចោទប្រកាន់​ពួកគាត់ ការ​បាតុកម្ម ឬ​ការជាប់គុក​ដើម្បី​ពានរង្វាន់ ប៉ុន្តែ​ការពិតទៅ យើង​មើល​ឲ្យ​ច្បាប់​ទៅ ថាបើ​មិនមាន​ករណី​ដីធ្លី​របស់​ពួកគាត់ ក៏​ពួកគាត់​ក៏​មិន​អាចធ្វើ​ការតវ៉ា ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដែរ​» ។​​បើតាម​អ្នកស្រី បូ​វ សោភា គឺ​សហគមន៍​បានដាក់​ញត្តិ​ពី​៣០​ទៅ​៥០​ដង ទៅ​ស្ទើរ​គ្រប់​ក្រសួង និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី សុំ​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រៃ​នេះ​តែ​រហូតមក​ដល់ពេលនេះ នៅតែ​គ្មាន​ដោះស្រាយ ៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៥ ។​​