-
សហគមន៍មានជម្លោះដីធ្លីនៅភ្នំពេញស្នើស្ថានទូតអាមេរិកអន្តរាគមន៍ជួយដោះស្រាយ
- ថ្ងៃចេញផ្សាយ ៣១-មីនា-២០១៥
សហគមន៍មានជម្លោះដីធ្លីនៅភ្នំពេញប្រមាណ៥០នាក់ នៅព្រឹកថ្ងៃចន្ទនេះដាក់ញត្តិទៅស្ថានទូតអាមេរិក និង ស្ថាប័នអន្តរជាតិមួយចំនួន ដើម្បីឲ្យជួយអន្តរាគមន៍ជំរុញទៅរដ្ឋាភិបាលពន្លឿនរកដំណោះស្រាយជម្លោះដីធ្លីជូនពួកគាត់ដែលអូសបន្លាយជាច្រើនឆ្នាំមកនេះ ឲ្យបានឆាប់។អ្នករងគ្រោះដីធ្លីទាំងនោះរួមមាន អតីតសហគមន៍បឹងកក់ដែលទទួលយកសំណងខ្លះ អតីតបឹងកក់ដែលមិនទាន់ទទួលយកសំណង និងសហគមន៍SOS ។ ស្ថានទូត និងស្ថាប័នដែលបានដាក់ញត្តិរួមមាន ស្ថានទូអាមេរិក សហគមន៍ អឺរ៉ុប និងធនាគារពិភពលោក (World Bank) ។តំណាងអតីតសហគមន៍បឹងកក់ អ្នកស្រី សៀ ណារ៉េត មានប្រសាសន៍ថា បើទោះជាគ្រួសាររងគ្រោះមួយចំនួនធ្លាប់ចរចាជាមួយសាលារាជធានីភ្នំពេញ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយសមរម្យណាមួយឡើយ ។ អ្នកស្រីបន្តថា សហរដ្ឋអាមេរិកចាំបាច់ត្រូវឃ្លាំមើល និងបញ្ជាក់ជំហររបស់ខ្លួនចំពោះការរំលោភសិទ្ធិដីធ្លី និងលំនៅដ្ឋាននៅបឹងកក់ ។ អ្នកស្រីបន្តទៀតថា ចំណែកធនាគារពិភពលោកត្រូវតែតាមដានឃ្លាំមើលការអភិវឌ្ឍរបស់រដ្ឋាភិបាល មុននឹងផ្តល់ជំនួយដល់ការសាងសង់នានា ។យ៉ាងណាក៏ដោយមន្ត្រីស្ថានទូតអាមេរិកទទួលញត្តិពីពលរដ្ឋថ្លែងថា នឹងយកបញ្ហានេះទៅពិភាក្សាជាមួយមន្ត្រី ពាក់ព័ន្ធ ។ ចំណែកមន្ត្រីកម្មវិធីរបស់សហភាពអឺរ៉ុប លោក សង់ វ៉ាន់ស៊ីង ដែលចេញមកទទួលញត្តិនេះសន្យាថា នឹងយកញត្តិរបស់ពលរដ្ឋដាក់ជូនថ្នាក់លើ ។ក្នុងពេលដាក់ញត្តិនេះ ក៏មានសន្តិសុខខណ្ឌដូនពេញ និងកងម្លាំងប្រដាប់អាវុធប្រមាណ៥០នាក់ ចូលរួមឃ្លាំមើល សកម្មភាពរបស់ប្រជាពលរដ្ឋផងដែរ ។ ប្រជាពលរដ្ឋអះអាងថា កាលពីឆ្នាំ២០១០ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា និងក្រុមហ៊ុនស៊ូកាគូអីន របស់លោក ឡៅ ម៉េងឃិន បានដឹកនាំកម្លាំងចុះបូមខ្សាច់ពន្លិចផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិពួកគាត់ចំនួន១៣គ្រួសារ ដោយមិនផ្តល់សំណងសមរម្យ ៕ ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៥ ។