• លោក ហ៊ុន សែន អះអាងថា​ច្បាប់​គ្រប់គ្រង​អង្គការ​នឹង​ចេញ​នៅពេល​ខាងមុខ​

    • ថ្ងៃចេញផ្សាយ ២-មេសា-២០១៥

    ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ​បាន​អះអាងថា​ច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​នឹង​ចេញ​នៅពេល​ខាងមុខនេះ ដោយ​លោក​ចាត់ទុកថា​ច្បាប់​នេះ​នឹងដាក់​កំហិត​ដល់​អង្គ​ការដែល​កំពុងធ្វើការ​ងារ​ក្រៅច្បាប់​។​​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន និង​ផ្លូវជាតិ​លេខ​៩​ពី​ខេត្តស្ទឹងត្រែង​ទៅ​ខេត្តព្រះវិហារ ស្របពេល​លោក​ប្រតិកម្ម​ទៅនឹង​សង្គម​ស៊ីវិល​ដែល​រិះគន់ថា​ច្បាប់​គជប​ថ្មី​ដែល​ព្រះមហាក្សត្រ​ទើបតែ​ឡាយព្រះហស្ថលេខា អាក្រក់​ជាង​ច្បាប់​គជប​ចាស់​។​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​ច្បាប់ ​គជប ​ថ្មី​ត្រូវបាន​រដ្ឋសភា​ដែល​តំណាង​ឲ្យ​ប្រជាជន​ជា​អ្នកអនុម័ត រួច​ឆ្លងទៅ​ព្រឹទ្ធសភា​ត្រួតពិនិត្យ និង​ត្រូវបាន​ឡាយ​ព្រះ​ហ​ស្ថ​ដោយ​ព្រះមហាក្សត្រ​។ លោក​ថ្លែង​បែប​ចំអក​ថាបើ​ច្បាប់​គជប​ថ្មី​មិនល្អ នោះ​គួរតែ​ប្រើ​ច្បាប់​ចាស់​វិញ​។ ប៉ុន្តែ​លោក​ថា​រដ្ឋសភា​មិន​នឹងធ្វើ​បែបនេះ តាមតែ​ការរិះគន់​របស់​សង្គម​ស៊ីវិល​នោះទេ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​សំដៅ​ទៅលើ​សង្គម​ស៊ីវិល​ថា​«​សូមអ្នក​ទាំងឡាយ​ដឹងខ្លួន​ឲ្យ​បាន​ច្បាស់ តួនាទី​ខ្លួន​កម្រិតណា​។ ហើយ​ខ្ញុំ​សូម​ប្រកាស​ទុកជាមុន​ច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​នឹង​ចេញ​នៅពេល​ខាងមុខ​។ កុំ​ឲ្យ​វា​ធ្វើ​តាមចិត្ត​ចង់​។ ឥឡូវ​អ្នកឯង​កំពុងស្ថិត​នៅក្រៅ​ច្បាប់​ហើយ​។ បើ​ចង់​មាន​បញ្ជី​ជាតិ ទាល់តែ​ធ្វើ​អា​ច្បាប់​ហ្នឹង​បាន​ចុះបញ្ជី​ជាតិ​បាន​។ អញ្ចឹង​ច្បាប់​អង្គការក្រៅរដ្ឋាភិបាល​ត្រូវតែ​ចេញ​»​។​​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​រិះគន់​អង្គការ​សង្គម​ស៊ីវិល​ដែល​តាំងខ្លួន​ថា​អព្យាក្រឹត តែ​ដើរ​ហែ​គណបក្ស និង​ជេរ​គេឯង​។ ​គួររំឭកថា សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការបោះឆ្នោត​បាន​រិះគន់​ច្បាប់​ គជប ថ្មី​ថា​រឹតបន្តឹង​សិទ្ធិសេរីភាព​របស់​សង្គម​ស៊ីវិល​ក្នុងការ​បញ្ចេញមតិ​។ កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​បាន​រិះគន់​អង្គការ​សង្គម​ស៊ីវិល​ក្រៅ រដ្ឋាភិបាល​មួយចំនួន​ដែល​បាន ធ្វើពហិការ​មិន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។ លោក​ចំអក​ឲ្យ​សង្គម​ស៊ីវិល​កុំ​តាំងខ្លួន​ថា​ជា​តួឯក​។​​កាលពី​ខែធ្នូ ឆ្នាំ​២០១១ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មាន​ប្រសាសន៍ថា​ត្រូវតែមាន​ការពិភាក្សា​គ្នាប​ន្ដ​ទៀត​លើ​ច្បាប់​គ្រប់គ្រង​អង្គការ​។ លោក​ថា​«​ឥឡូវ បើ​មិនទាន់​ឯកភាពគ្នា​ទេ បន្ត​ពិភាក្សាគ្នា​ទៅ​។ ២០១២​មិនទាន់​ឯកភាពគ្នា​ទេ ចាំ​២០១៣​ទៅ​។ បើ​២០១៣ មិន​ឯកភាពគ្នា​ទេ ចាំ​២០១៤​ទៅ ក៏​វា​មិនទាន់​ងាប់​ដែរ​»​។​​គួរ​បញ្ជាក់ថា បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងមហាផ្ទៃ​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៥ ឲ្យ​ដឹងថា មកដល់​បច្ចុប្បន្ននេះ សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង មាន​ចំនួន​សរុប​៤៣៧៨(​សមាគម​១៧០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​២៦៧២)​។ របាយការណ៍​បន្តថា​នៅក្នុង​ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃ​បាន​ចុះបញ្ជី​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៥៣៩(​សមាគម ១៧៧ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​៣៦២)៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៥ ។​