-
សង្គមស៊ីវិលព្រួយបារម្ភចំពោះច្បាប់គ្រប់គ្រងខ្លួនខ្លាចមានការបិទសិទ្ធិសេរីភាព
- ថ្ងៃចេញផ្សាយ ២-មេសា-២០១៥
លោកគល់ បញ្ញា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ឬក៏រាជរដ្ឋាភិបាលកម្ពុជា មិនគួរមានចេតនាបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋទេ ពីព្រោះដោយសារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនេះ គឺមានចែងនៅក្នុង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។លោក គល់ បញ្ញា បានថ្លែងប្រាប់វិទ្យុវាយោនៅព្រឹកថ្ងៃទី០២ ខែមេសា ថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលត្រូវតែខិតខំ លើកស្ទួយនូវសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលនេះ ឲ្យមានភាពល្អប្រសើទើបជាការល្អ ហើយកិត្តិយសរបស់រាជរដ្ឋាភិបាលថែមទៀត។លោកបន្តថាបើសិនជា រាជរដ្ឋាភិបាលចង់បិទសិទ្ធិសេរីភាពក្នុងការចូលរួមនយោបាយ មានន័យថា រាជរដ្ឋាភិបាលបានរំលោភរដ្ឋធម្មនុញ្ញ៖សម្លេងលោក គល់ បញ្ញា៖ចំណែកលោក ព្រាប កុល ប្រធានអង្គការតម្លាភាពបានមានប្រសាសន៍ថា លោកមិនទាន់អាចនិយាយបានទេ ដោយសារតែច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលមិនទាន់ចេញ។ប៉ុន្តែលោកបានបញ្ជាក់ថា បើសិនប្រៀបធៀបទៅនិងច្បាប់ដែលកើតមានកន្លងមកនោះ គឺមានលក្ខណៈបិទសិទ្ធិសេរីភាព និងមានការជ្រៀកជ្រែក មុខងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការងារអ្នកឃ្លាំមើល និងតស៊ូមតិ និងការងារសិទ្ធិមនុស្ស ដែលមានផលប៉ះពាល់ទៅលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន។ដូច្នេះ បើសិនជាច្បាប់ថ្មីគ្រោងចេញនោះ នៅក្នុងទម្រង់ច្បាប់ចាស់ ច្បាប់នោះមានលក្ខណៈចង្អៀតបិទសិទ្ធិសេរីភាព និងមានការជ្រៀកជ្រែកមុខងាររបស់អង្គការសង្គមស៊ីវិល។យ៉ាងណាក្តីប្រធានអង្គការតម្លាភាពរូបនេះ បានបញ្ជាក់ប្រាប់វិទ្យុវាយោនៅព្រឹកថ្ងៃនេះថា អង្គការសង្គមស៊ីវិល ក៏ចង់មានច្បាប់ដែល ប៉ុន្តែយើងចង់ឲ្យច្បាប់នោះត្រូវតែមានការគាំទ្រ សិទ្ធិសេរីភាព និងការពារផលប្រយោជន៍អង្គការសង្គមស៊ីវិលជាដើម៖សម្លេងលោកព្រាបកុល៖ទាក់ទងនិងបញ្ហាខាងលើនេះដដែរ លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថាលោកស្រីមិនបដិសេធទាំងស្រុងចំពោះច្បាប់នេះទេ បើសិនជាច្បាប់នេះធ្វើឡើងដើម្បីសម្រួលដល់ការងាររបស់អង្គការសង្គមស៊ីវិល ក្នុងការធានាដល់សិទ្ធិរបស់អង្គការសង្គមស៊ីវិល ក្នុងធ្វើប្រតិបត្តិការណ៍របស់ខ្លួន៖សម្លេង លោកស្រី ចក់ សុភាព៖គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃទី០១ ខែមេសា បានអះអាងថាច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងចេញ នៅពេលខាងមុខនេះដោយលោកចាត់ទុកថាច្បាប់នេះនឹងដាក់កំហិតដល់អង្គការដែលកំពុងធ្វើការងារក្រៅច្បាប់៕ដកស្រង់ពីវិទ្យុវាយោ ចេញផ្សាយថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៥ ។