• គណៈកម្មាធិការ​សិទ្ធិមនុស្ស​UN ស្នើ​កម្ពុជា​ស៊ើបអង្កេត​ការបាញ់សម្លាប់​មនុស្ស​ក្រោយ​ការបោះឆ្នោត​

    • ថ្ងៃចេញផ្សាយ ១០-មេសា-២០១៥

    ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែលមាន​ទីតាំងនៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស បានដាក់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​ករ​ណី​បាញ់សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​ករណី​ផ្សេងៗ​ទៀត​ដែល​បាន​កើតឡើង​ក្រោយ​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣ ។ ​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល VOD ទទួល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ឲ្យ​ដឹងថា ប្រទេស​កម្ពុ​ជាមាន​កាត​ព្វ​កិច្ច​ក្នុងការ​ស៊ើបអង្កេត ករណី​ទាំង​អស់នៃ​កា​រំលោភ​សិទ្ធិមនុស្ស ហើយ​ចាប់​ជនដៃដល់​មក​កាត់ទោស និង​ផ្តល់​សំណង​ជូន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ។ ប៉ុន្តែ​គណៈកម្មាធិការ​នេះ បារម្ភ​ពី​កង្វះ​នៃ​ព័ត៌មាន​ជាក់លាក់​ទៅលើ​ការស៊ើបអង្កេត​លើ​ករណី​ទាំងនេះ នាំ​ឲ្យ​មាន​និ​ទណ្ឌ​ភាព​បន្ត​កើតមាន ។ ​ក្នុង​របាយការណ៍​នោះ ក៏បាន​ដាក់​អនុសាសន៍​ថា «​ភាគី​រដ្ឋ​[​កម្ពុជា​] គួរតែ​ស៊ើបអង្កេត​នូវ​ការចោទប្រកាន់​ទាំងអស់ ទាក់ទង​ទៅនឹង​ការប្រើប្រាស់​កម្លាំង​ហួសហេតុ ជាពិសេស​ការប្រើប្រាស់​ក​ម្លាំ​ង​ដោយ​នគរបាល ទាហាន ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ដោយ​ធានាថា​ជនដៃដល់​ត្រូវបាន​កាត់ទោស និង​ជនរងគ្រោះ​ត្រូវបាន​ផ្តល់​សំណង​គ្រប់គ្រាន់​» ។​​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​កម្ពុជា លោក ម៉ក់ សម្បត្តិ ប្រាប់ VOD ថា មិនចាំបាច់ គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដាក់​អនុសាសន៍​មក​កម្ពុជា​ទេ ព្រោះ​បច្ចុប្បន្ន រដ្ឋាភិបាល​កំពុង​ធ្វើ​កិច្ចការ​ទាំងអស់​នេះហើយ ។ តែ​លោក​មិនបាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​លើ​ករណី​ទាំង​នោះទេ ។ លោក​បញ្ជាក់ថា «​ខាង​រដ្ឋាភិបាល គាត់​បានធ្វើ​កិច្ចការ​ហ្នឹង​រួចហើយ បានន័យថា​ខាង​ក្រសួងមហាផ្ទៃ​បាន​ចាត់​គណៈកម្មការ ដើម្បី​ចុះ​ស៊ើបអង្កេត​បញ្ហា​ហ្នឹង​។ (​សំណួរ​អ្នកសារព័ត៌មាន​ប​៖ ឯកឧត្តម​ឥឡូវ​មាន​ស៊ើបអង្កេត ឮ​តម្រុយ​ឃើញ​ជនល្មើស​អី​ច្បាស់​ឬ​នៅ​?) កន្លែង​ហ្នឹង​នៅលើ​គណៈ កម្ម​ការ ជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ខ្ញុំ​មិនអាច​ហ៊ាន​និយាយ​នៅ​ហ្នឹង ព្រោះ​មិនមែន​សមត្ថកិច្ច​របស់​ខ្ញុំ​» ។​​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា លោក​មិន​ជឿថា រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ឆន្ទៈ​ស៊ើបអង្កេត​រក​ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស ទាក់ទង​នឹង​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​ហិង្សា​ផ្សេងទៀត​នោះទេ ។ លោក​បញ្ជាក់ថា ផ្ទុយទៅវិញ​រដ្ឋាភិបាល​បែរជា​ព្យាយាម​ទំលាក់កំហុស​លើ​ក្រុម​ទាំង​រងគ្រោះ​ទៅវិញ ។ លោក​ថា «​ខ្ញុំ​មិន​ជឿថា រដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុងការ​ស៊ើបអង្កេត​រឿងនេះ ព្រោះថា​មកដល់ពេលនេះ ខិតខំ​តែ​បង្វែង​ករណីនេះ ទម្លាក់កំហុស​លើក​ម្មករ បាតុករ​ដែល​អហិង្សា​ទៅវិញ​ទេ ។ យើង​ឃើញ​ហើយ ទាំង​ក្រសួងមហាផ្ទៃ ទាំង​ទីស្តីការគណៈរដ្ឋមន្ត្រី​ទាំងអស់​ហ្នឹង បបួលគ្នា​ទម្លាក់កំហុស​ហ្នឹង​ទៅលើ​កម្មករ ដែល​គ្នា​គ្មាន​អាវុធ​» ។​​គួររំឭកថា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ ហិង្សា​មួយ​បានកើត​ឡើង​រវាង​អ្នកធ្វើដំណើរ និង​កម្លាំងប្រដាប់អាវុធ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខ​ចាន់ បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង ។ ចំណែក​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហិង្សា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​ស្ពាន​ស្ទឹងមានជ័យ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ អេង សុខុម បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង ។ ចំណែក​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែមករា ឆ្នាំ​២០១៤ សមត្ថកិច្ច​បង្ក្រាប​កម្ម​ករ​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់ ។ ប៉ុន្តែ​ករណី​ទាំងនេះ សមត្ថកិច្ច​មិនទាន់បាន​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​នៅឡើយ ៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៥ ។​