-
សកម្មជនអារ៉ែងប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្តកោះកុង ដើម្បីលើកទឹកចិត្តតំណាងពួកគេ
- ថ្ងៃចេញផ្សាយ ១០-មេសា-២០១៥
សកម្មជនព្រៃឈើជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង និងក្រុមយុវជនពីភ្នំពេញជិត១០០នាក់នៅថ្ងៃសុក្រនេះ នាំគ្នាប្រមូលផ្តុំនៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីលើកទឹកចិត្តតំណាងពួកគេ ដែលតុលាការសាកសួរតាមពាក្យបណ្តឹងរបស់រដ្ឋបាលព្រៃឈើស្រុកថ្មបាំង ។កាលពីដើមខែមីនាតុលាការខេត្តកោះកុងបានចេញដីកាកោះហៅតំណាងសហគមន៍ម្នាក់ ដែលតែងតែចូលរួមយ៉ាងសកម្មការពារធនធានធម្មជាតិនៅតំបន់អារ៉ែង បន្ទាប់ពីលោក អាឡិច ត្រូវបានអាជ្ញាធរ បណ្តេញចេញពីកម្ពុជាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ។សកម្មជនជាតិដើមភាគតិចលោក ហឹង ពៅ ឲ្យ VOD ដឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា នេះថា ប្រជាពលរដ្ឋមកពីតំបន់អារ៉ែង និងមកសហគមន៍ដីធ្លីផ្សេងទៀត រួមទាំងក្រុមយុវជនពីភ្នំពេញទៅប្រមាណជិត១០០នាក់ នាំគ្នាប្រមូលផ្តុំនៅមុខតុលាការដើម្បីលើកទឹកចិត្តដល់ប្រធានសហគមន៍ព្រៃឈើនៅតំបន់អារ៉ែង លោក វ៉ែន វ៉ន ដែលត្រូវបានតុលាការកោះហៅសាកសួរនៅព្រឹកនេះតាមបទចោទ កាប់បំផ្លាញព្រៃឈើខុសច្បាប់ ។ លោកបន្តថា ការដែលរដ្ឋបាលព្រៃឈើស្រុកថ្មបាំងខេត្តកោះកុង ប្តឹងលោក វ៉ែន វ៉ន នេះមិនត្រឹមត្រូវទេ ព្រោះសកម្មជនរូបនោះគ្រាន់តែប្រមូលទិញឈើពីសហគមន៍ ដើម្បីយកមកសាងសង់រោងសម្រាប់ប្រជុំ និងធ្វើការការពារព្រៃឈើប៉ុណ្ណោះ ។ លោកថា«ពួកយើងឡើងមកឃ្លាំមើល ហើយលើកទឹកចិត្តដល់គាត់ ព្រោះគាត់អត់មានធ្វើអីខុសសោះ ហេតុអីបានរដ្ឋបាលព្រៃឈើប្តឹងគាត់មកដល់សាលាដំបូងខេត្តកោះកុង ។ អ៊ីចឹងពួកយើងអត់អស់ចិត្ត នាំគ្នាមកទាំងអស់គ្នា ។ តាមការសង្កេតមើលរបស់ខ្ញុំ គឺអត់មានអីខុសសោះ ព្រោះនេះគឺជា ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ អនុផលព្រៃឈើដែលយើងរស់នៅក្បែរ យើងអាចប្រើប្រាស់ជាប្រពៃណីធម្មតា គ្មានជួយដូរធ្វើជាអាជីវកម្មអីផង» ។មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សអង្គការលីកាដូ លោក អ៊ិន គង់ជិត យល់ថា រដ្ឋបាលព្រៃឈើប្តឹងលោក វ៉ែន វ៉ន គឺជារឿងគំនុំ ព្រោះមុនអាជ្ញាធរបណ្តេញលោក អាឡិច ចេញពីកម្ពុជា គឺលោក សកម្មជនរូបនេះ ជាមុខសញ្ញាទីពីរដែលតែងតែចេញមុខយ៉ាងសកម្មការពារធនធានធម្មជាតិនៅ តំបន់អារ៉ែង ។ លោកបន្តថា ពាក្យបណ្តឹងរបស់រដ្ឋបាលព្រៃឈើស្រុកថ្មបាំងនេះមិនត្រឹមត្រូវទេ វាគ្រាន់តែជាការចោទប្រកាន់ដើម្បីគំរាមកំហែងដល់ សកម្មជនការពារព្រៃឈើប៉ុណ្ណោះ ។ លោកថា«គាត់ដឹកនាំសហគមន៍ការពារតំបន់ព្រៃឈើ ។ អ្វីដែលគាត់ធ្វើការកន្លងមក គាត់តែងរាយការណ៍ប្រាប់រដ្ឋបាលព្រៃឈើអំពីបទល្មើសព្រៃឈើនៅក្នុងតំបន់ហ្នឹង តែរដ្ឋបាលព្រៃឈើបែរជាប្រងើយកន្តើយមិនដែរយកចិត្តទុកដាក់នឹងពាក្យបន្តឹងរបស់ប្រជាពលរដ្ឋទេ ហើយគ្រាន់តែពួកគាត់ទិញឈើបន្តិចបន្តួច ធ្វើស្នាក់ការហ្នឹងប្តឹងចោទគាត់វិញ អ៊ីចឹងការដាក់បន្តឹងនេះ បានន័យថា ចង់បំបាក់ស្មារតីឬក៏គំរាមកំហែងគាត់តាមផ្លូវតុលាការ» ។លោក អ៊ឹង គង់ជិត បន្ថែមទៀតថា តុលាការមិនព្រមចាត់ការទៅលើក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ និងដឹកឈើជារៀងរាល់ថ្ងៃចេញពីតំបន់នោះ បែរជាមកចាត់ការតែលើអ្នកការពារធនធានធម្មជាតិទៅវិញ ។បន្ទាប់ពីចូលខ្លួនបំភ្លឺតាមការកោះរបស់តុលាការអស់រយៈពេល៣ម៉ោងនៅព្រឹកនេះមក លោក វ៉ែន វ៉ន ឲ្យដឹងថា តុលាការគ្រាន់តែសួរនាំថា ការកាប់ឈើនោះមានច្បាប់អនុញ្ញាតឬទេ តែមិនទាន់សម្រេចបែបណានៅឡើយទេ ។មន្ត្រីសង្គមស៊ីវិលឲ្យដឹងថា លោក វ៉ែន វ៉ន ជាតំណាងសហគមន៍ការពារធនធានធម្មជាតិនៅតំបន់អារ៉ែង ហើយលោកធ្លាប់ចូលរួមយ៉ាងសកម្មជាមួយជនជាតិអេស្ប៉ាញលោក អាឡិច ដើម្បីការពារធនធាន ធម្មជាតិនៅតំបន់អារ៉ែង ដែលក្រុមហ៊ុនចិនឈ្មោះ ស៊ីណូហាយត្រូ ចុះទៅអភិវឌ្ឍន៍ និងគ្រោងសង់ទំបន់វារីអគ្គិសនីតំបន់ នោះ ។ តែអ្នកការពារធនធានធម្មជាតិសិក្សាឃើញថា បើមានការសង់ទំបន់អគ្គិសនីនឹងធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅតំបន់នោះ ៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៥ ។