• ស្ត្រី​បឹងកក់​ដែល​ជាប់ពន្ធនាគារ​ព្រៃ​ស​បីនាក់​រងរបួស ខណៈ​ប៉ះទង្គិច​សម្ដី​ជាមួយ​ឆ្មាំ​គុក​

    • ថ្ងៃចេញផ្សាយ ១០-មេសា-២០១៥

    ​ស្វាមី​របស់​សកម្មជន​ដីធ្លី​ម្នា​ក់នៅ​តំបន់​បឹងកក់ បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់ខ្លួន និង​ស្ត្រី​ពីរ​នាក់​ទៀត​បាន​រងរ​បួស ដោយសារ​បោក​ក្បាល​នឹង​ជញ្ជាំង ខណៈដែល​ពួកគេ​មាន​ជម្លោះ​ពាក្យសម្តី​ជាមួយនឹង​ឆ្មាំ​យាម​ពន្ធនាគារ ។​​ស្វាមី​របស់​អ្នកស្រី ទេព វ​ន្នី គឺ​លោក អ៊ូ គង់​ជា ប្រាប់​VOD​ថា នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​សុក្រ​នេះ ប្រពន្ធ​របស់គាត់ និង​ស្ត្រី​ផ្សេងៗ​ទៀត​ចង់​ចេញទៅ​ក្រៅ ដើម្បី​ស្រូបយក​ខ្យល់អាកាស ។ លោក​បន្តថា តែ​ក្រោយមក​ឆ្មាំ​យាមគុក​បដិសេធ ហើយក៏​ផ្ទុះ​ពាក្យសម្តី​ដាក់គ្នា ។​​លោក អ៊ូ គង់​ជា អះអាងថា ឆ្មាំ​គុក​បាន​ប្រាប់​ស្ត្រី​ទាំងនោះ​ឲ្យ​សម្លាប់ខ្លួន​ទៅ បើ​ចង់​ចេញទៅ​ក្រៅ ទើប​ធ្វើ​ឲ្យ​ស្ត្រី​សកម្មជន​ដីធ្លី​បីនាក់​សម្រេចចិត្ត​បោក​ក្បាល​នឹង​ជញ្ជាំង​បណ្តាល​ឲ្យ​របួសធ្ងន់ ។​​លោក អ៊ូ គង់​ជា ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ទាំងនោះ​រួមមាន អ្នកស្រី ទេព វ​ន្នី បាក់ធ្មេញ និង​ពក​ក្បាល អ្នកស្រី បូ ឆវី បែកក្បាល និង​អ្នកស្រី គង់ ចន្ថា បែកក្បាល​ពីរ​កន្លែង​ដេរ​ពីរ​ថ្នេរ ហើយ​មកដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​នៅ​សន្លប់​មិនទាន់​ដឹងខ្លួន ។​​គួរ​រំឭក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់​នៅ​សហគមន៍​បឹងកក់​ត្រូវបាន​ចាប់ខ្លួន ខណៈដែល​ពួកគេ​តវ៉ា និង​ព្យាយាម​បិទផ្លូវ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ចេញពី​ភូមិ​។ ​ចំណែកឯ​ស្ត្រី​៣​នាក់ និង​ព្រះសង្ឃ​១​អង្គ​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ខណៈដែល​ពួកគាត់​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មានការ​ដោះលែង​សកម្មជន​ដីធ្លី​៧​នាក់​ខាងលើ ។ ស្ត្រី​ទាំង​១០​នាក់ និង​ព្រះសង្ឃ​១​អង្គ​ខាងលើ ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​ពី​៦​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​ពី​១​លាន ទៅ​២​លាន​រៀល ៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៥ ។​​