• លោក​ហ៊ុន សែន និង​សម រង្ស៊ី​សម្របសម្រួល​គ្នា​ដោះលែង​អ្នក​បឹងកក់​និង​សកម្មជន​បក្សប្រឆាំង​

    • ថ្ងៃចេញផ្សាយ ១៣-មេសា-២០១៥

    មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ អេង ឆៃអ៊ាង បាន​លើកឡើងថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពិភាក្សាគ្នា​ដើម្បី​សម្របសម្រួល​ឱ្យមាន​ការដោះលែង​សកម្មជន​បឹងកក់ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមទាំង​អតីត​ព្រះសង្ឃ​សរុប​ចំនួន ១៨​នាក់​។​​នៅ​ទីបំផុត ការដោះលែង​សកម្មជន​បឹងកក់ និង​ការសុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន​១៨​នាក់​មាន​ពន្លឺ​លេចឡើង​ហើយ​។ លោក ​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គូសបញ្ជាក់ថា​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ពិភាក្សា​សម្របសម្រួល​ឱ្យមាន​ការដោះលែង​សកម្មជន​បឹងកក់ ចំនួន​១៣​ ដែល​រួមមាន​អ្នកស្រី​ទេព វ​ន្នី និង​អតីត​ព្រះសង្ឃ​ចំនួន ៣​អង្គ​។ បើតាម​លោក ​អេង ឆៃ អ៊ាង ​ដដែល សកម្មជន​បឹងកក់​ទាំង​១៣​នាក់​នឹងត្រូវ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅកាន់​ព្រះមហាក្សត្រ​ដើម្បី​ដោះលែង​។​​ប៉ុន្តែ​សកម្មជន​បឹងកក់​ទាំងអស់​ត្រូវតែ​ដក​បណ្តឹង​សារ​ទុក​របស់ខ្លួន​ចេញពី​តុលាការ​ជាមុនសិន ហើយ សរសេរ​លិខិត​សុំ​កិច្ច​អន្តរាគមន៍​មកកាន់​លោកនាយក​រដ្ឋមន្ត្រី​។ លោក​ អេង ឆៃអ៊ាង​ បាន​បន្ថែមថា ដោយឡែក​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ ទាំង​៥​រូប​ដែល​រួមមាន​លោក មា​ជ សុវណ្ណារ៉ា​ វិញ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​ការសុំ​នៅក្រៅ​ឃុំ​នៅ​ថ្ងៃ​ចន្ទ​ទី​១៣ មេសា​សប្តាហ៍​ក្រោយនេះ​។ លោក​មេធាវី ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា​លោក​បាន​សរសេរ​ពាក្យសុំ​នៅក្រៅ​ឃុំ​ទៅកាន់​តុលាការ​រួចហើយ​។​ សូម​រំលឹកថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចំនួន​៥​រូប ដែល​រួមមាន​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​នៅតាម​មូលដ្ឋានចំនួន​៤​នាក់​ផ្សេងទៀត ត្រូវបាន​តុលាការ​កម្ពុជា ចាប់​ដាក់ពន្ធនាគារ​ប​ណ្តោះ​អាសន្ន​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការរំដោះ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ ។ ដោយឡែក​សកម្មជន​បឹងកក់ ចំនួន​១៣​នាក់ ដែល​រូ​ម​មាន​សកម្មជន លោកស្រី​ទេព វ​ន្នី និង​អតីត ព្រះសង្ឃ​ចំនួន​៣​អង្គ​ផង​ត្រូវបាន​តុលាការ​កាត់ទោស ឱ្យ​ជាប់ពន្ធនាគារ​ពី​៦​ខែ ដល់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ ​ដល់​ ​១​លាន​៥​សែន​រៀល​។​ លោក​ អេង ឆៃអ៊ាង​ដដែល បាន​បញ្ជាក់ថា ការយល់ព្រម​ដោះលែង និង ការអនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​នេះ គឺ​នឹង​ធ្វើតាម​នីតិវិធី​ច្បាប់ និង​មិន​បំពាន​ទៅលើ​តុលាការ​នោះទេ​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ពន្លឺ​នៃ​ការដោះលែង និង​សុំ​នៅក្រៅ​ឃុំ​នេះ ថា​ជា​ផ្លែផ្កា​នៃ​វប្បធម៌​សន្ទនា របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបិទ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​។ លោក​បណ្ឌិត សុខ ទូច​ អ្នកវិភាគ​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា បាន​ហៅ​ការសម្របសម្រួល​នៃ​អ្នកនយោបាយ​ទាំងពីរ​បក្ស​ដើម្បី​ឱ្យមាន ការដោះលែង​នេះ​ថា គឺជា​ជំហាន​ចាស់ទុំ​ផ្នែក​នយោបាយ​ដ៏​ធំ សម្រាប់​កាលានុវត្តភាព​អភិវឌ្ឍន៍​របស់​សង្គម​ទៅ​ថ្ងៃ​អនាគត​៕​ដកស្រង់​ចេញពី​វិទ្យុ​បារាំង​អន្តរជាតិ ចេញផ្សាយ​ថ្ងៃទី ១០ ខែ មេសា ឆ្នាំ​២០១៥ ។​