-
ស្ត្រីបឹងកក់ ព្រះសង្ឃកម្ពុជាក្រោម និងមន្ត្រីបក្សសង្គ្រោះជាតិនឹងត្រូវដោះលែងទាំងអស់
- ថ្ងៃចេញផ្សាយ ១៣-មេសា-២០១៥
សកម្មជនតវ៉ាដីធ្លីបឹងកក់ចំនួន១០នាក់ ព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន ៣នាក់ និងលោក មាជ សុវណ្ណារ៉ា រួមទាំងមន្ត្រីគណបក្សសង្គ្រោះជាតិ ៤នាក់ទៀតនឹងត្រូវដោះលែងឲ្យមានសេរីភាព និងនៅក្រៅឃុំ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក ជូង ជូងី មេធាវីការពារក្តីរបស់គណបក្សសង្គ្រោះជាតិបានប្រាប់ឲ្យដឹងនៅថ្ងៃសុក្រនេះ។លោក មេធាវី បានថ្លែងថា ការដោះលែងនេះ ក៏ជាផ្នែកមួយនៃការសម្របសម្រួលផ្នែកនយោបាយនៃគណបក្សទាំងពីរ។អ្នកទាំង ១៨ នាក់ ដែលត្រូវបានអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ រិះគន់និងមើលឃើញថា ជារឿងជាប់ពាក់ពន្ធនឹងនយោបាយនោះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារលើករណីដាច់ឡែកពីគ្នា។ស្ត្រីបឹងកក់ ដែលនឹងត្រូវដោះលែងតាមរយៈព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ រួមមាន អ្នកស្រី ទេព វន្នី, ង៉ែត ឃុន, ផាន់ ឈុនរ៉េត, បូ ឆវី, សុង ស្រីលាភ, គង់ ចាន់ថា, នង ស្រេង,ទាំង ៧ នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ចាប់ខ្លួនកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈ ពួកគាត់នាំគ្នាមកតវ៉ាទាមទារសុំឲ្យអាជ្ញាធររាជធានីអន្តរាគមន៍ បូមរំដោះទឹកស្អុយដោយសារភ្លៀងជន់លិចផ្ទះ និងភូមិពួកគាត់។ មួយថ្ងៃបន្ទាប់មក អ្នកទាំង ៧ នាក់ត្រូវសាលាដំបូងរាជធានីសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ម្នាក់ៗមួយឆ្នាំ និងពិន័យប្រាក់ ២ លានរៀលពីបទធ្វើឲ្យកកស្ទះដងផ្លូវសាធារណៈ។ចំណែកឯស្ត្រីបឹងកក់ផ្សេងទៀត អ្នកស្រី ហេង ពេជ្រ,អ៊ឹម ស្រីទូច, ភួង សុភាព និងអតីតសង្ឃ សឺន ហៃ ត្រូវបានសមត្ថកិច្ចខណ្ឌ ៧មករា ចាប់ខ្លួននៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ពេលធ្វើដំណើរទៅសាលាដំបូង រាជធានីចូលរួមគាំទ្រឲ្យមានការដោះលែង ស្ត្រីបឹងកក់ទាំង ៧ នាក់។ ពួកគាត់ត្រូវសាលាដំបូងភ្នំពេញចោទប្រកាន់ពីបទ «ប្រឆាំងមន្ត្រីរាជការសាធារណៈ» និងផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗមួយឆ្នាំ និងពិន័យប្រាក់ចំនួន ២ លានរៀល។ក្នុងសំណុំរឿងនេះ ស្ត្រីបីនាក់និងអតីតសង្ឃ ១អង្គ ជាប់ចោទពីបទ «ប្រឆាំងមន្ត្រីរាជការសាធារណៈ» ត្រូវចៅក្រមជំនុំជម្រះសម្រេចបន្ថយទោសឲ្យតែស្ត្រីបីនាក់ទេ មានអ្នកស្រី ហេង ពេជ្រ សកម្មជនមកពីសហគមន៍បឹងកក់ អ្នកស្រី អ៊ឹម ស្រីទូច អតីតបឹងកក់ និងអ្នកស្រី ភួង សុភាព មកពីសហគមន៍ថ្មគោល ដោយសារជាស្ត្រីមេផ្ទះ ត្រូវមើលថែទាំកូននិងក្រុមគ្រួសារនោះ ត្រូវបន្ធូរបន្ថយទោសពី ១ ឆ្នាំឲ្យមកនៅត្រឹម ១០ ខែ និងពិន័យប្រាក់ ១,៥ លានរៀល។ ប៉ុន្តែ អតីតសង្ឃ សឺន ហៃ នៅវត្តស្ទឹងមានជ័យ ដែលសកម្មក្នុងការតវ៉ាប្រឆាំងនឹងមន្ត្រីនាំពាក្យនៃស្ថានទូត វៀតណាម ដែលថ្លែងបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម មិនត្រូវបានផ្ដល់ស្ថានសម្រាលទោសអ្វីបន្តិចឡើយ។ឯព្រះសង្ឃពីរទៀតឈ្មោះ ឃិត វណ្ណៈ និង សាង កុសល ដែលត្រូវឃាត់ខ្លួនមួយថ្ងៃក្រោយមក ពេលដែលពួកគេបានយកបំពង់ឫស្សីជាដងទង់ជាតិ ពីវត្តស្ទឹងមានជ័យ បម្រុងយកមកឲ្យពលរដ្ឋខេត្តព្រះវិហារដែលតវ៉ាពីបញ្ហាដីធ្លី។ដោយឡែកសកម្មជន ៥នាក់ របស់គណបក្សសង្គ្រោះជាតិ រួមមានលោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការដែលស្នើឲ្យក្រៅឃុំ នៅថ្ងៃចន្ទ ទី១៣ មេសាខាងមុខនេះ។អ្នកទាំង៥ ស្ថិតក្នុងចំណោមសកម្មជន ១១ នាក់ដែលក្នុងនោះ ៦នាក់នៅក្រៅឃុំរួចហើយ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ និងលោក ឃិន ជំរឿន ដែលរងការចោទពីរបទល្មើស គឺបទដឹកនាំកុបកម្ម និងបទចូលរួមកុបកម្ម ចំណែកឯ លោក សាន សីហៈ លោក កែ ឃីម លោក នាង សុឃុន លោក សាន គឹមហេង លោក ស៊ុំ ពុទ្ធី លោក អ៊ុក ពេជ្រសំណាង លោក ទេព ណារិន និងលោក អាន បឋម ជាប់ចោទពីបទ ចូលរួមកុបកម្មទាក់ទងនឹងការផ្ទុះអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដាកន្លងទៅ ជាសំណុំរឿងដែលក្រុមមេធាវី និងអង្គការសង្គមស៊ីវិលចាត់ទុកថា ជារឿងនយោបាយ។ដកស្រង់ពីកាស៉ែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ ។