-
សកម្មជនបក្សប្រឆាំង និងព្រះសង្ឃ មានសេរីភាពវិញនៅមុនថ្ងៃឆ្លងចូលឆ្នាំថ្មី
- ថ្ងៃចេញផ្សាយ ២០-មេសា-២០១៥
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានរៀបចំពិធីស្វាគមន៍សកម្មជនរបស់ខ្លួន ជាពិសេសលោក មាជ សុវណ្ណារ៉ា ដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យនៅក្រៅឃុំ នារសៀលថ្ងៃទី១៣ ខែមេសានេះ ។ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងមន្ត្រី សកម្មជនគណបក្សសង្គ្រោះជាតិ៥រូប និងព្រះសង្ឃចំនួន៣អង្គផ្សេងទៀត ។ សកម្មជនគណបក្សសង្គ្រោះជាតិ និងព្រះសង្ឃដែលបានដោះលែងនោះរួមមាន លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយគណបក្សសង្គ្រោះជាតិ លោក ស៊ុម វុទ្ធី លោក ទេព ណារិន លោក អ៊ុក ពេជ្រសំណាង និងលោក កែ ធីម។ ចំណែកឯព្រះសង្ឃ៣អង្គទៀតមាន ព្រះតេជព្រះគុណ សឺន ហាយ ព្រះតេជគុណឃិត វណ្ណៈ និងព្រះតេជគុណ ថាច់ កុសល។ ការនៅក្រៅឃុំនេះ លោក ម៉ាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយគណបក្សសង្គ្រោះជាតិ ត្រូវបង់ប្រាក់ ចំនួន ១០លានរៀល ចំណែកឯ សកម្មជន៤រូបទៀត ត្រូវតម្កល់ប្រាក់ម្នាក់ៗ ចំនួន៥លានរៀល។ សកម្មជនបក្សប្រឆាំង៥នាក់ និងព្រះសង្ឃ៣អង្គ ត្រូវបានចាប់ខ្លួនកាលពីអំឡុងចុងឆ្នាំ២០១៤ លើបទចោទប្រកាន់ផ្សេងៗ ដែលទាក់ទងនឹងអំពើហិង្សានយោបាយ។ ការដោះលែងសកម្មជនទាំងនេះ កើតឡើងបន្ទាប់ពីមេបក្សនយោបាយត្រូវរ៉ូវគ្នាលើការជ្រើសតាំងសមាសភាព គ.ជ.ប ថ្មី ហើយកាលពីថ្ងៃទី១១ ខែមេសា កន្លងមក សកម្មជនស្ត្រីបឹងកក់ ក៏ទទួលបាននូវការដោះលែងផងដែរ៕ដកស្រង់ពីសារពើមានអេឡិចត្រូនិច ថ្មីថ្មី ចេញផ្សាយថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៥ ។