-
សកម្មជនដីធ្លី លីសៀវមិញ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ
- ថ្ងៃចេញផ្សាយ ២៩-មេសា-២០១៥
ភ្នំពេញៈ តុលាការកំពូល បានសម្រេចដោះលែងសកម្មជនដីធ្លី កញ្ញា លី សៀវមិញ ដែលមានជម្លោះដីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនឃុន សៀ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែមកទល់ល្ងាចម្សិលមិញ នៅមិនទាន់មានការដោះលែងពីពន្ធនាគារនៅឡើយទេ។លោក ជូង ជូងី មេធាវី កញ្ញា សៀវមិញ បានឲ្យដឹងម្សិលមិញថា ដីកាសម្រេចនៅថ្ងៃទី ២២ មេសារបស់តុលាការកំពូល ដោះលែងឲ្យនៅក្រៅឃុំ បានទទួលកាលពីម្សិលមិញ និងបានបញ្ជូនទៅពន្ធនាគារព្រៃស ប៉ុន្តែខាងពន្ធនាគារ នៅតែមិនសម្រេចដោះលែង ដោយថាខ្វះឯកសារ ដែលនេះជាការបំពានលើសាលដីកាស្ថាប័នតុលាការកំពូល។លោកថា៖ «ខ្ញុំអត់យល់ យើងកំពុងអនុវត្តនូវសាលដីកាដោះលែងនៅក្រៅឃុំរបស់តុលាការកំពូល ម៉េចបានមន្ត្រីពន្ធនាគារទាមទាររកឯកសារអំពីសាលាដំបូង និងសាលាឧទ្ធរណ៍ទៅវិញ។ ខ្ញុំទទូចឲ្យក្រសួងមហាផ្ទៃ ជួយពិនិត្យមើលការអនុវត្តច្បាប់របស់មន្ត្រីខ្លួន ដែលធ្វើមិនត្រឹមត្រូវតាមទំនើងចិត្តនោះ»។លី សៀវមិញ ត្រូវចាប់ខ្លួនក្នុងខែវិច្ឆិកា ២០១៤ មួយថ្ងៃក្រោយការចាប់ខ្លួនឪពុកនាង លោក លី ស្រ៊ាខេង ប៉ុន្តែ ឪពុកត្រូវដោះលែងឲ្យនៅក្រៅឃុំ កាលពីខែធ្នូ ពាក់ព័ន្ធនឹងបណ្តឹងឆ្នាំ ២០១៤ របស់ឧកញ៉ា ឃុន សៀ ដែលប្តឹងថាពួកគេ បានប្រើហិង្សាលើម្ចាស់អចលនទ្រព្យកាលពីឆ្នាំ ២០១៣ ។មិនអាចទាក់ទងលោក យឹម លាង តំណាងក្រុមហ៊ុនឃុន សៀ បានឡើយ កាលពីម្សិលមិញ។លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ការដោះលែងជាផ្នែកមួយនៃយុទ្ធនាការសុំឲ្យមានការដោះលែង ១៩ នាក់ របស់អង្គការលីកាដូផងដែរ គឺជាលទ្ធផលនៃ «វប្បធម៌សន្ទនា» រវាងលោកនាយករដ្ឋមន្ត្រី និងលោក សម រង្ស៊ី ដែលឈានទៅដល់ការលើកលែងទោសសកម្មជនស្ត្រីបឹងកក់ និងក្រុមសកម្មជនគណបក្សសង្គ្រោះជាតិមុនថ្ងៃចូលឆ្នាំ៕ដកស្រង់ចេញសារព័ត៌មានភ្នំពេញប៉ុស្ត៍ ចេញផ្សាយថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥ ។