-
អ្នកភូមិក្នុងខេត្តកំពង់ស្ពឺប្រឈមមុខដោយហិង្សារឿងជម្លោះដីធ្លី
- ថ្ងៃចេញផ្សាយ ៣០-មេសា-២០១៥
ពលរដ្ឋ៣០គ្រួសារ កំពុងប្រឈមមុខដោយហិង្សាជាមួយអ្នកភូមិជាង១០០នាក់ទៀត ក្នុងភូមិថ្មី ក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រឿងជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងក្រុមហ៊ុនលីយ៉ុងផាត់ ។ តាមការអះអាងរបស់សាក្សីម្នាក់នៅថ្ងៃចន្ទនេះ គឺអ្នកស្រី សុខ ពៅ ប្រាប់ VOD ថាមានប្រជាពលរដ្ឋជាង១០០នាក់ ប្រដាប់ដោយកាំបិត ពូថៅ និងដំបង បានចេញមុខការពារក្រុមហ៊ុនលីយ៉ុងផាត់ ដើម្បីបណ្តេញពលរដ្ឋរងគ្រោះដីធ្លី៣០គ្រួសារ ដែលព្យាយាមហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន មិនឲ្យឈូសឆាយលំនៅឋានរបស់ពួកគេអស់ជាង៣០ហិកតា ។សាក្សីរូបនោះអះអាងទៀតថា ការប្រឈមមុខដាក់គ្នាប្រដាប់ដោយកំបិត និងពូថៅរយៈពេល២ថ្ងៃនេះ ដោយសារពលរដ្ឋជាង១០០នាក់ ខ្លះស្ថិតក្នុងភាពស្រវឹងស្រាផង ត្រូវបានជួលដោយឈ្មួញដី ឈ្មោះ សម លក្ខិណា ដើម្បីបណ្តេញអ្នកភូមិ៣០គ្រួសារ ហើយយកដីនោះលក់ឲ្យក្រុមហ៊ុនលីយ៉ុងផាត់ ។ មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ដែលបានចុះស៊ើបអង្កេតលើករណីនោះ លោក វណ្ណ សុផាត ឲ្យដឹងថា ពលរដ្ឋទាំងនោះនឹងមានគ្រោះថ្នាក់ទាំងសងខាង បើសមត្ថកិច្ចមិនចុះអន្តរាគមន៍ឲ្យទាន់ពេលនោះទេ ។មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំយាអង្គ លោក ជន សាវុធ ឲ្យដឹងថា សមត្ថកិច្ចមូលដ្ឋានកំពុងចុះធ្វើអន្តរាគមន៍លើវិវាទនោះ ហើយមកដល់ពេលនេះមិនទាន់មានអំពើហិង្សាកើតឡើងទេ ។ យ៉ាងនេះក្តី លោកអះអាងទៀតថា ពលរដ្ឋដែលការពារគ្រឿងចក្រឲ្យក្រុមហ៊ុននោះ ពិតជាស្រវឹងជោគជាំមែន ។អ្នកភូមិអះអាងថា ឈ្មួញដី ឈ្មោះ សម លក្ខិណា បានឃុបឃិតជាមួយមេភូមិ យកដីអ្នកភូមិជិត៨០០ហិកតាដែលមានទាំងដីព្រៃ និងដីលំនៅឋានរបស់ពលរដ្ឋ ដើម្បីលក់ឲ្យក្រុមហ៊ុនលីយ៉ុតផាត់ ។ ប៉ុន្តែ VOD មិនអាចទាក់ទងឈ្មោះ សម លក្ខណា នោះបាននៅឡើយ ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥ ។