• ពលរដ្ឋ​នៅ​ខណ្ឌ​ជ្រោយចង្វារ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចាក់​ខ្សាច់​លុប​ដី​ពួកគាត់​

    • ថ្ងៃចេញផ្សាយ ៣០-មេសា-២០១៥

    ​អ្នកភូមិ​ច្រើន​សង្កាត់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​២៩ ខែមេសា ឆ្នាំ​២០១៥ កាន់​បដា​តវ៉ា​នៅ​លើដី​កសិកម្ម​របស់​ពួកគេ ដែល​ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី បូម​ខ្សាច់​ចាក់​លុប​រំលោភ​យក​។​​ ​ពលរដ្ឋ​ភូមិ​ព្រែកលៀប លោក ស៊ុន ប៊ុន​សុង ថ្លែងថា ដីចម្ការ​ទំហំ​ជិត ១​ហិកតារ ត្រូវ​ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី ចាក់ដី​លុប​ស្ទើរ​អស់ ហើយ​ឲ្យ​សំណង​តម្លៃ ១​ម៉ែត្រការ៉េ​តែ ១៥​ដុល្លារ ប៉ុន្តែ​គាត់​មិនអាច​លក់​ដី​ឲ្យ​បាន ព្រោះ​ដី​នោះ​ផ្ដល់​ចំណូល​ពី​ការដាំ​កសិផល​មួយឆ្នាំ​ជាង ៥​ពាន់​ដុល្លារ​។លោក​បន្តថា បើ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ទិញ​ដី​នោះ​ចន្លោះ​ពី ៣០០ ទៅ ៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នោះ​ទើប​អាច​ចរចា​គ្នា​បាន​៖ «​សាលាខណ្ឌ ឬក៏​សាលាក្រុង​ហ្នឹង សហការ​ជាមួយ​ក្រុមហ៊ុន​ហ្នឹង មក​ដោះស្រាយ​ជូន​ពួកយើងខ្ញុំ​ឲ្យ​បាន​ក្នុងពេល​ឆាប់ៗ​»​។​​ ​បុរស​ម្នាក់ទៀត​នៅ​ភូមិ​ស្វាយ​ជួរ ឈ្មោះ ណា​រិ​ទ្ធ ដែល​ចូលរួម​តវ៉ា​ដែរ​ឲ្យ​ដឹងថា ដី​ដែល​ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី កំពុង​ចាក់​លុប​នេះ ពីមុន​មិន​លិច​ទឹក​ទេ អ្នកភូមិ​ដាំពោត សណ្ដែក បាន​ផល​ច្រើន​។ តែ​ឥឡូវ​នៅពេល​ក្រុមហ៊ុន​វិនិយោគ​ចាក់​លុប​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​អស់ ១២​គ្រួសារ ហើយ​បំពាន​ដល់​ដី​គាត់​ដាំ​ដុះ​ទៀត ទើប​គាត់ និង​អ្នកភូមិ ៥​សង្កាត់​លើកគ្នា​មក​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កុំ​ឲ្យ​បន្តសកម្មភាព​នេះ​តទៅទៀត​៖ «​ការតវ៉ា បើសិន​គាត់​អត់​ដោះស្រាយ​អ៊ីចឹង គាត់​នៅតែ​មក​ឈូសឆាយ​ទៀត គឺ​ពួក​ខ្ញុំ​នឹង​នាំគ្នា​មក​តវ៉ា​កាន់តែ​ធំ​ជាង​នេះ​»​។​​ទាក់ទង​ករណី​នេះដែរ តំណាង​សហគមន៍​ព្រែកលៀប លោក ឃឹម ភុ​ន ថ្លែងថា បើ​សហគមន៍​ទាំងអស់​មិន​រួមគ្នា​ប្រឆាំង​ទេ ក្រុមហ៊ុន​ពង្រីក​សកម្ម​ភាព​ប្លន់​យក​ដី​ពលរដ្ឋ​ដោយ​មិនមាន​សំណង​ឡើយ​។ លោក​ថា សហគមន៍​ទាំងអស់​ក្នុង​ខណ្ឌ​ជ្រោយចង្វារ នឹង​តវ៉ា​ទ្រង់ទ្រាយ​ធំ​បើសិន​គ្មាន​ការចរចា​ទិញដូរ​ដី​ពី​ប្រជាពលរដ្ឋ​តាម​តម្លៃ​ទីផ្សារសេរី​ដោយ​សន្តិវិធី​ទេនោះ​៖ «​អត់​ទាន់​មាន​ដំណោះស្រាយ មានតែ​ពីដំបូង​មក​ឲ្យ​តែ​ប្រជាពលរដ្ឋ ១​ការ៉េ ១៥​ដុល្លារ​។ អ៊ីចឹង​ប្រជាពលរដ្ឋ​មិនអាច​លក់​ជូន​ក្រុមហ៊ុន​បានទេ ១៥​ដុល្លារ​នោះ​»​។​​ ​នៅក្នុង​ព្រឹត្តិការណ៍​តវ៉ា​នោះ​មាន​វត្តមាន​លោក​អភិបាលរងខណ្ឌ​ជ្រោយចង្វារ ឈ្មោះ ហ៊ុយ សារុន ទៅ​បញ្ឈប់​គ្រឿងចក្រ​ច្រើន​គ្រឿង​របស់​ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី ដែល​កាយ​ចាក់​ខ្សាច់​មកលើ​ដី​អ្នកភូមិ​។ លោក​អភិបាលរង​រូបនោះ​ប្រាប់ថា លោក​មិនមាន​ភារកិច្ច​ដោះស្រាយ​រឿងនេះ​ក្រៅតែពី​សម្របសម្រួល​កុំ​ឲ្យ​មាន​បញ្ហា​កើត​អំពើហិង្សា​នៅ​ទីនោះ​។​​លោក​បន្តថា ការដោះស្រាយ​គឺ​សម្រេច​លើ​ក្រុមហ៊ុន និង​អភិបាលខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត​។​​ប៉ុន្តែ​ក្នុងករណីនេះ មេធាវី​អង្គការ​សិទ្ធិ​លំនៅឋាន លោក ណន អូ​នី ថ្លែងថា ដើម្បី​កុំ​ឲ្យ​មាន​ការតវ៉ា​ពី​ពលរដ្ឋ​មូលដ្ឋាន​ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី ត្រូវ​ចរចា​តម្លៃ​ដែល​ពលរដ្ឋ​ចង់ល​ក់ដី​ឲ្យ និង​ក្រុមហ៊ុន​ចង់​ទិញ​ដី​ឲ្យ​បាន​ស្រុះស្រួល​គ្នា ទើប​ជំរុញ​ឲ្យ​ការអភិវឌ្ឍ​នៅ​ទីក្រុង​រណប​ជ្រោយចង្វារ មួយ​នេះ បាន​ជោគជ័យ​៖ «​តម្លៃ​ចរចា​គឺជា​តម្លៃ​មួយ​ដែល​អា​ចុះ​តទៅទៀត តែ​សំខាន់​តើ​ឆន្ទៈ​របស់​ក្រុមហ៊ុន​ហ្នឹង​គាត់​គួរតែ​ដោះស្រាយ​បញ្ហា ឬក៏​ទុក​បញ្ហា​ហ្នឹង​? ហើយ​បើសិនជា​គាត់​ការពារ​ជំហរ ១៥​ដុល្លារ​នោះ ខ្ញុំ​គិតថា វា​មិនអាច​ទៅរួច​ទេ ព្រោះ ១៥​ដុល្លារ​នោះ គឺ​វា​មានតម្លៃ​ដែល​ទាប​ជាង​តម្លៃ​ដែល​រដ្ឋ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ​ទៅទៀត ព្រោះ​បង់ពន្ធ​នោះ គឺ​ពី ១០០​ដុល្លារ ទៅ ៥០០​ដុល្លារ​»​។​​ទោះយ៉ាងណា នៅ​ថ្ងៃ​ដដែល​នេះ អ្នកភូមិ​បាន​ផ្អាក​ការតវ៉ា​បណ្ដោះអាសន្ន ក្រោយពី​គ្រឿងចក្រ​ក្រុមហ៊ុន​បាន​ដកថយ​តាម​បញ្ជា​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ប៉ុន្តែ​អ្នកស្រុក​នៅតែ​តាមឃ្លាំមើល​ការ​លួច​បំពាន​ចាក់​ខ្សាច់​មកលើ​ដី​ពួកគាត់ ដែល​ភាគច្រើន​ខាង​ក្រុមហ៊ុន​តែង​ធ្វើឡើង​នៅពេល​យប់​៕​ដកស្រង់​ចេញពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០១៥ ។​