• អ្នកកាសែត​នឹង​លើកយក​បញ្ហា​ប្រឈម​នានា​ទៅ​ជជែក​ក្នុង​ទិវា​សេរីភាព​អ្នកសារព័ត៌មាន​

    • ថ្ងៃចេញផ្សាយ ៥-ឧសភា-២០១៥

    ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) នឹង​បើកឱកាស​ឲ្យ​មាន​ការជួប​ជជែក​គ្នា​អំពី​បញ្ហា​ប្រឈម​នានា​ជុំវិញ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា នៅ​ថ្ងៃទី​៤ ឧសភា ខាងមុខ ដើម្បី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​។​​ក្នុងជំនួប​នេះ មានការ​ចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ដែល​ធ្វើការ​ងារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន ក្នុងនោះ​រួមមាន​ក្លឹប​អ្នកកាសែត​កម្ពុជា ជាដើម​។​​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​កម្ពុជា ឆ្នាំ​២០១៥ នេះ ធ្វើឡើង​ក្រោម​ប្រធានបទ "​អ្នកសារព័ត៌មាន និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​"​។ អង្គការ​យូណេស្កូ នឹង​ប្រារព្ធ​ទិវា​នេះ​នា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​៤ ឧសភា ដោយមាន​ការចូលរួម​ពី​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ក្លឹប​អ្នកកាសែត​កម្ពុជា សមាគម​កម្ពុជា ការពារ​អ្នកកាសែត ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ហៅ​កាត់​ថា ឌី​អឹម​ស៊ី (DMC) រួមទាំង​ស្ថាប័ន​ជាច្រើន​ទៀត​ដែល​ធ្វើការ​លើ​វិស័យនេះ​។​​បើតាម​សេចក្តីប្រកាស​របស់​អង្គការ​យូណេស្កូ ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ ឧសភា បាន​បង្ហាញថា គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំនេះ គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​អនុវត្តន៍​ផ្ទាល់ លើកយក​បញ្ហា​ប្រឈម​នានា​ក្នុងការ​បញ្ជូន​ព័ត៌មាន​ទៅ​សាធារណជន ទៅ​ជជែក និង​ដើម្បី​រំឭក​ដល់​អ្នកសារព័ត៌មាន​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន​រប​ស់​ពួកគេ​។​​លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្នុងឱកាស​នោះ​លោក​នឹង​ជជែក​អំពី​ច្បាប់​ទទួលបាន​ព័ត៌មាន និង​ផល​ល្អ និង​ផល​អាក្រក់​នៃ​ច្បាប់​នេះ​។ លោក ប៉ែន បូ​ណា បន្ថែមថា ប្រធានបទ​ត្រូវបាន​លើកឡើង​ខាងលើ គឺ​វា​ចំ​បរិបទ​ប្រទេស​យើង ដែល​យើង​គ្រប់គ្នា​កំពុង​ទន្ទឹងរង់ចាំ​ច្បាប់​ស្ដីពី​ការទទួលបាន​ព័ត៌មាន​នឹង​ឯង​។ ដូច្នេះ នៅពេល​ជួបជុំគ្នា​នៅ​ថ្ងៃទី​៤ ឧសភា គេ​នឹង​ជជែក​ពិភាក្សាគ្នា​ថា តើ​ច្បាប់​ស្ដីពី​សិទ្ធី​ទទួលបាន​ព័ត៌មាន​នេះ យើង​ត្រូវ​រង់ចាំ​ដល់​ពេលណា ហើយ​ថា​មាន​ផល​ល្អ​អី អាក្រក់​អី​យ៉ាងម៉េច​ទៀត​?​និយាយ​ពី​សេរីភាព ឬ​វិស័យ​សារព័ត៌មាន​ទាំងមូល​នៅ​កម្ពុជា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា រូបនេះ បាន​លើកឡើងថា បច្ចុប្បន្ននេះ​កំពុងតែ​រីកចម្រើន​ទៅមុខ ប៉ុន្តែ​ករណី​ដោយឡែកៗ​ខ្លះ ការប្រកប​អាជីព​វិជ្ជាជីវៈ​សារព័ត៌មាន​នៅតែ​មាន​បញ្ហា ដូចជា​ការគំរាមកំហែង និង​រង​អំពើហិង្សា ជាដើម​។​​ដោយឡែក លោក សោម រតនា ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេពី​ប្រធានបទ ដែល​លោក​នឹងត្រូវ​លើក​ជជែក​ក្នុង​ទិវា​នេះ​។ បើតាម​ដំណឹង ការជួប​ជុំគ្នា​នៅ​ថ្ងៃទី​៤ ឧសភា នោះ ក៏មាន​តំណាង​ភាគី​រដ្ឋាភិបាល​ចូលរួម​ដែរ​។​​នៅមុន​ទិវា​សេរីភាព​សារព័ត៌មាន​នេះ​មកដល់ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ងារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​រកឃើញថា អ្នក​បំពេញ​កិច្ចការ​លើ​វិស័យ​សារព័ត៌មាន​នៅតែ​ពុំទាន់​មាន​ភាព​ឯករាជ្យ​ពេញលេញ ក្នុង​អាជីព​របស់ខ្លួន​នៅឡើយ​។ អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ បានបង្ហាញ​របាយការណ៍​ថា ចាប់តាំងពី​ឆ្នាំ​២០១២ មកដល់​ឆ្នាំ​២០១៥ មាន​អ្នកសារព័ត៌មាន ១៣​នាក់​ហើយ​ត្រូវបាន​សម្លាប់ និង ២៥​នាក់​ឋិត​ក្រោម​ការគំរាមកំហែង​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៥ ។​