• ​អ្នកព័ត៌មាន​ជើងចាស់​មួយរូប​លើកឡើងថា ដើម្បី​ឲ្យ​សារព័ត៌មាន​មាន​លក្ខណៈ​ឯករាជ្យ និង​ឥត​លម្អៀង គេ​ត្រូវមាន​ប្រភពធនធាន​គ្រប់គ្រាន់ និង​ភាពជាក់លាក់ ដើម្បី​គាំទ្រ​ដល់​ការងារ​នោះ ។​ ​និពន្ធ​នាយក​សារព័ត៌មាន​ខ

    • ថ្ងៃចេញផ្សាយ ៥-ឧសភា-២០១៥

    អង្គការ​សង្គម​ស៊ីវិល​ជាង​២៥០ នៅ​ថ្ងៃ​ចន្ទ​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការអនុម័ត​ពង្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​សេចក្តីព្រាង​ជា​សាធារណៈ​សម្រាប់​ការពិគ្រោះ​យោបល់​។​​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​រួមមាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា សម្ព័ន្ធ​សហគមន៍​កសិករ កម្ពុជា គណៈកម្មាធិការ​នៃ​អង្គការ​-​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​លីកាដូ អង្គការ​ផេ​ក​កម្ពុជា និង អង្គការ​ស្តារ​កម្ពុជា​ ជាដើម​។​​សេចក្តីថ្លែងការណ៍​រប​ស់​សង្គម​ស៊ីវិល ឲ្យ​ដឹងថា​អង្គការ​សង្គម​ស៊ីវិល​បានធ្វើការ​ភាពជា​ដៃគូ​ជាមួយ រដ្ឋាភិបាល​ជាង​៣០​ឆ្នាំ​មកហើយ ក្នុងការ​ស្តារ ការផ្សះផ្សារ​ជាតិ ការកសាង​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ព្រមទាំង​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​ទៀត​។ បើតាម​សេចក្តីថ្លែងការណ៍ ក្នុង​ឆ្នាំ​២០១២ អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​១១៣០​ បាន​ចូលរួមចំណែក​ថវិកា​ច​ន្លោះ​ពី ​៦០០​ទៅ ​៧០០​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​​អង្គការ​សង្គម​ស៊ីវិល​បានស្នើ​ឲ្យ​ផ្តល់​សេចក្តីព្រាងច្បាប់​ជា​ផ្លូវការ​ដល់​សាធារណជន និង​ទាមទារ​ឲ្យ​បើកទូលាយ​ក្នុងការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។ សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​«​យើងខ្ញុំ អង្គការ​សង្គម​ស៊ីវិល​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សូម​លើកកម្ពស់​ភាពជា​ដៃគូ​ប្រកបដោយ​សមភាព និង​ការទទួលខុសត្រូវ​រវាង​រាជរ​ដ្សា​ភិ​បាល និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀ​ត។ យើង​ស្នើសុំ​កា​រប​ន្តេ​ជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ឆ្ពោះទៅ រក​វប្បធម៌​នៃ​ការសន្ទនា ការការពារ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា​»​។​​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា លោក សឿង សារឿន មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​អង្គការ​ប្រមាណ​២៧២ បាន​គាំទ្រ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការបញ្ឈប់​ពង្រាងច្បាប់ និង​ធ្វើការ​ពិគ្រោះ​យោបល់​។ ក្នុងនោះ អង្គការ​អន្តរជាតិ​ចំនួន​៥០​បាន​គាំទ្រ​សេចក្តីថ្លែងការណ៍​នេះ​។​​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​នឹងត្រូវ​ឆ្លង​គណៈរដ្ឋមន្ត្រី ក្នុង​ខែឧសភា ឆ្នាំ​២០១៥​ខាងមុខនេះ ដោយ​លោក​អំពាវនាវ​ឲ្យ​មានការ​ផ្តល់យោបល់​ជាជាង​ការរារាំង​កុំ​ឲ្យ​មានការ​អនុម័ត​ច្បាប់​នេះ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​រិះគន់​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល​បាន​យកលុយ​ពី​បរទេស ដើម្បី​និយាយ​អាក្រក់​ពី​រដ្ឋាភិបាល​។ លោក​បន្តថា​ការបង្កើត​ច្បាប់​នេះ គឺ​ដើម្បី​ការគ្រប់គ្រង​មួយ មិនមែន​ដើម្បី​រារាំង​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​នោះទេ​។​​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​«​អង្គការក្រៅរដ្ឋាភិបាល​កុំ​ជ្រួលជ្រើម​ពេក ល្មមៗ​បាន​ហើយ អស់លោក​មិនទាន់មាន​សិទ្ធិ​អនុម័ត​នោះទេ​។ លោក​ចង់​និយាយ​ក៏​និយាយ​ទៅ​ចុះ ក៏ប៉ុន្តែ​សិទ្ធិ​របស់​រាជរដ្ឋាភិបាល សិទ្ធិ​របស់​សភា គឺ​អនុម័ត​ហើយ​…​ប្រហែល​ចាប់ពី​ខែ​៥(​ឧសភា​)​ហ្នឹង​ទៅ គឺ​ប្រជុំ​ដាក់ចូល​គណៈរដ្ឋមន្ត្រី​ហើយ​ចង់​នរណា​គាំទ្រ​ឬ​មិន​គាំទ្រ សំឡេង​របស់​សមាជិក​សភា​ដែលមាន​សិទ្ធិ​អនុម័ត​៥០​បូក​១​គឺ​គ្រប់គ្រាន់​ដើម្បី​នឹង​អនុម័ត​។ យល់​ល្អ​ផ្តល់​មតិ​វិញ ជៀសវាង​ទប់ស្កាត់​មិន​ឲ្យ​ចេញ​»​។​​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងមហាផ្ទៃ​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៥ ឲ្យ​ដឹងថា មកដល់​បច្ចុប្បន្ននេះ សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង មាន​ចំនួន​សរុប​៤៣៧៨(​សមាគម​១៧០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​២៦៧២)​។ របាយការណ៍​បន្តថា​នៅក្នុង​ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃ បាន​ចុះបញ្ជី​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៥៣៩(​សមាគម ១៧៧ និង អង្គការ​មិនមែន​រដ្ឋាភិបាល​៣៦២)​។​​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​សង្គម ស៊ីវិល​ក្នុងស្រុក ឲ្យ​ដឹងថា​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មានបំណង​ចុះបញ្ជី អាច​ប្តឹងតវ៉ា​ទៅ​តុលាការ​បាន នៅពេល​ក្រសួងមហាផ្ទៃ​មិន​ព្រម​ចុះបញ្ជី​ឲ្យ​។ បើតាម​សេចក្តីព្រាងច្បាប់​ដែលមាន​៣៤​មាត្រា និង​៩​ជំពូក សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ព័ត៌មាន​លម្អិត​ទៅកាន់​ក្រសួងមហាផ្ទៃ ក្នុងនោះ​ក៏មាន​ប្រភពធនធាន និង​ទ្រព្យសម្បត្តិ​ផងដែរ​។​​បើតាម​សេចក្តី​ពង្រាង បន្ទាប់ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​បាន​តម្កល់​សំណុំលិខិត​នៅ​ក្រសួងមហាផ្ទៃ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ស្តីពី​ការបន្ត​សកម្មភាព​រប​ស់​ខ្លួន​យ៉ាងតិច​៣៦៥​ថ្ងៃ ដោយមាន​បញ្ជាក់​អំពី​ឈ្មោះ អា​សយ​ដ្ឋា​នៃ​ទីស្នាក់ការ អត្តសញ្ញាណ​ថ្នាក់ដឹកនាំ និង​លក្ខន្តិកៈ​កែប្រែ​ចុងក្រោយ​(​បើ​មាន​)​។ បើ​ហួស​រយៈពេល​ដូច​បានកំណត់​ខាងលើនេះ ក្រសួងមហាផ្ទៃ​ចាត់ទុកថា​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​នោះបាន​បោះបង់​សកម្មភាព​របស់ខ្លួន​ហើយ​។​​ចំណែក​សមាគម ឬ​អង្គការ​មែន​មែនរដ្ឋាភិបាល​បរទេស​ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយ ក្រសួង​ការ បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​រួចហើយ នៅមាន​សុពលភាព​អនុវត្ត​រហូតដល់​ថ្ងៃ​ផុតកំណត់​សុពលភាព​អនុស្សារណៈ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ​២០១៥ ។​