-
អ្នកព័ត៌មានជើងចាស់៖ សារព័ត៌មានឯករាជ្យ និងឥតលម្អៀងត្រូវមានធនធានគ្រប់គ្រាន់ និងភាពជាក់លាក់
- ថ្ងៃចេញផ្សាយ ៥-ឧសភា-២០១៥
អ្នកព័ត៌មានជើងចាស់មួយរូបលើកឡើងថា ដើម្បីឲ្យសារព័ត៌មានមានលក្ខណៈឯករាជ្យ និងឥតលម្អៀង គេត្រូវមានប្រភពធនធានគ្រប់គ្រាន់ និងភាពជាក់លាក់ ដើម្បីគាំទ្រដល់ការងារនោះ ។និពន្ធនាយកសារព័ត៌មានខ្មែរម្ចាស់ស្រុក លោក ហង្ស ចក្រា មានប្រសាសន៍បែបនេះក្នុងវេទិកា ស្ដីពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា ដែលរៀបចំធ្វើនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសានេះ។ លោក ហង្ស ចក្រា បន្ថែមថា បើគ្មានប្រភពធនធានគ្រប់គ្រាន់ និងភាពជាក់លាក់ទេ នោះសារព័ត៌មាននឹងត្រូវការជំនួយ ក៏ដូចជាពឹងពាក់ពីអ្នកដទៃ ដែលជាកត្តាធ្វើឲ្យសារព័ត៌មាននោះបាត់បង់ឯករាជ្យភាព ។សូមបញ្ជាក់ថា វេទិកាស្ដីពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR និងគណៈកម្មការពិសេសដោះស្រាយទំនាស់ ACT ។ វេទិកានេះរៀបចំឡើងនៅរយៈពេលបីថ្ងៃមុន ទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលនឹងចូលមកដល់គឺថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ ខាងមុខ ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥ ។