-
ប្រជាការពារររបស់សាលារាជធានីប៉ះទង្គិចដោយប្រើហិង្សាលើអតីតស្ត្រីបឹងកក់
- ថ្ងៃចេញផ្សាយ ១១-ឧសភា-២០១៥
ក្រុមសន្តិសុខ និងប្រជាការពារររបស់សាលារាជធានីភ្នំពេញ នៅថ្ងៃនេះបានប៉ះទង្គិចដោយហិង្សាជាមួយអតីតស្ត្រីបឹងកក់ជាថ្មីទៀត ដោយចាប់ស្ត្រីម្នាក់បោះទៅក្បែររបងសាលារាជធានី ខណៈដែលពួកគេតវ៉ានៅក្លោងទ្វារច្រកចេញចូល ។ ហិង្សានេះបានកើតឡើងខណៈពេលដែលស្រី្តបឹងកក់ និងអតីតអ្នកបឹងកក់ប្រមាណជាង៦០នាក់ បានសុំឲ្យសាលារាជធានីភ្នំពេញផ្តល់សំណងបន្ថែម ដោយអះអាងថា សំណងលើកមុនតិចតួចពេក តែពួកគេទទួលយកទាំងបង្ខំព្រោះតែអាជ្ញាធរបូមខ្សាច់ពន្លិច ។ ស្ត្រីម្នាក់ដែលត្រូវកំលាំងសន្តិសុខវាយ និងចាប់បោះទៅរបង ស្របពេលអ្នកតវ៉ាផ្សេងទៀតកំពុងប៉ះសំដីជាមួយប្រជាការពារររបស់សាលារាជធានី គឺ អ្នកស្រី សាប ដា ប្រាប់ VOD ថាអ្នកស្រីបានរងរបួសខ្នង និងកែងដៃ ដោយសារកំលាំងសន្តិសុខចាប់ឡើកបោះ និងហក់ទៅវាយអ្នកស្រី ។ អ្នកស្រីបញ្ជាក់ថា «…គេចាប់ខ្ញុំគ្រវែងទាំងរស់ ក្រវែងបោកខ្ញុំនឹងនេះ(របង)ហ្នឹង វាលោតមកវ៉ៃត្រូវដៃខ្ញុំទៀត។ ខ្ញុំឈឺចាប់ណាស់ ។ បោះខ្ញុំមករបងអំបាញ់មិញ វាលើកបោះខ្ញុំទាំងរស់តែម្តង» ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា មូលហេតុដែលអាជ្ញាធរប្រើហិង្សាលើអ្នកតវ៉ានោះ ដោយសារអ្នកទាំងនោះធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងព្យាយាមបិទច្រកចេញចូលរបស់សាលារាជធានី ។ លោកថា «គាត់បិទច្រកសាលាក្រុង សួរថាច្រកសាលាក្រុងជាកន្លែងអី? គឺជាគ្រឹះស្ថានសាធារណៈមួយដែលបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយបើគាត់បិទទ្វារសាលាក្រុង ហើយតើធ្វើម៉េចអាហ្នឹង? បើសិនជាប្រទេសណាក៏ដោយ ទោះបីជាប្រទេសហ្នឹងប៉ុនណាក៏ដោយ ក៏គេមានច្បាប់គោពដែរ មិនអាចធ្វើអ៊ីចឹងបានទេ» ។អ្នកស្រី អ៊ីម ស្រីតូច ដែលទើបចេញពីពន្ធនាគារបន្ទាប់ពីអាជ្ញាធរចាប់ខ្លួនពេលតវ៉ាលើកមុន បានព្យាយាមសម្លាប់ខ្លួនដោយបោកក្បាលនឹងជញ្ជាំងរបងសាលារាជធានី ដោយអះអាងថា តូចចិត្តនឹងសំដី និងទង្វើរបស់ប្រជាការពារសាលារាជធានីទាំងនោះ តែស្ត្រីម្នាក់នោះមិនបានរងរបួសធ្ងន់ធ្ងរទេ ដោយសារប្រជាសហគមន៍ដ៏ទៃទៀតអន្តរាគមន៍ទាន់ពេល ។ អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា លោកមានការសោកស្តាយចំពោះទង្វើររបស់កម្លាំងសន្តិសុខ ឬប្រជាការពាររបស់សាលារាជធានីភ្នំពេញដែលប្រើហិង្សាលើអ្នក តវ៉ាដើម្បីជំរក និងក្រពះ ។ លោកថា ក្រុមកម្លាំងសន្តិសុខទាំងនោះ បើបានឆ្លងកាត់សាលា ឬយល់ដឹងពីសិទ្ធិមនុស្ស ពួកគេនឹងមិនធ្វើទង្វើបែបនេះទេ ។ លោកថា «តាមពិតទៅ បើយើងនិយាយក្របខណ្ឌច្បាប់ កងប្រជាការពារ ឬសន្តិសុខនេះ មិនមែននៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃទេ ហើយជាអ្នកដែលមិនបានរៀនច្បាប់ រៀនវិជ្ជាជីវៈអី អ៊ីចឹងហើយបានយើងគិតថា ការប្រើប្រាស់កងកម្លាំងទាំងអស់នេះ វាជាការខុសនឹងតួនាទី ព្រោះទាំងអស់នេះ វាអាស្រ័យលើកងកម្លាំងនគរបាល ឬកងរាជអាវុធហត្ថដែលមានវិជ្ជាជីវៈត្រឹមត្រូវ ក្នុងការវឹកហាត់ ជាយុទ្ធសាស្ត្រ ។ ហើយនេះវាជាវិធានការទប់ទល់កន្លងមក គេតែងប្រើប្រាស់កងកម្លាំងសន្តិសុខ ឬប្រជាការពារនេះ» ។គួរបញ្ជាក់ថា កាលពីថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៣ សាលារាជធានីបានធ្វើសាលាកប័ត្រព័ត៌មានចែកជូនប្រជាពលរដ្ឋអតីតបឹងកក់ជាង១០០០គ្រួសារដែលចាកចេញនោះ ហើយក្នុងសាលាកប័ត្រនោះ ប្រាប់ឲ្យប្រជាពលរដ្ឋទាំងនោះធ្វើការស្នើសំណងបន្ថែម បើពួកគេយល់ថា សំណង៨០០០ដុល្លារ និង២លានរៀននោះមិនយុត្តិធម៌ ៕ដកស្រង់ពីសារព័ត៌មានប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៥។