• ពលរដ្ឋ​ខេត្តកោះកុង​ចោទ​ក្រុមហ៊ុន​ចិន​កាយ​ប្រឡាយ​រំលោភ​ដី​អ្នកភូមិ​២១​គ្រួសារ​

    • ថ្ងៃចេញផ្សាយ ១៨-ឧសភា-២០១៥

    ​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ នៅ​ខេត្តកោះកុង នៅ​ថ្ងៃ​ព្រឹក​សៅរ៍​នេះ បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន​មួយ ដែល​បាន​យក​គ្រឿងចក្រ​មួយគ្រឿង​កាយ​ប្រឡាយ​ធ្វើ​ព្រំដី ប៉ះពាល់​ដល់​ដំណាំ​អ្នកភូមិ ។​​ពលរដ្ឋ​ម្នាក់ ក្នុងចំណោម​អ្នក​តវ៉ា​ទាំងនោះ លោក ​ទឹម ទុយ ប្រាប់ VOD នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុមហ៊ុន​ចិន​យូ​ញៀន ឌី​វើ​ឡុ​ប​មែន គ្រុប បាន​កាយ​ប្រឡាយ​ធ្វើ​ព្រំដី​កាត់​ចំពាក់​កណ្ដាល​ភូមិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចម្ការ​អ្នកភូមិ​២១​គ្រួសារ នៅ​ចំណុច​កូន​កុក ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ ខេត្តកោះកុង ។ លោក​ថា ប្រជាពលរដ្ឋ​បាន​តវ៉ា​អស់​រយៈពេល​ជាច្រើន​ម៉ោង ទើប​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​នៅ​ម៉ោង​ប្រហែល​៣​ល្ងាច ។ លោក​បន្ថែមថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ពី​ការរំលោភ​ដី​អ្នកភូមិ​នេះ ទៅដល់​អាជ្ញាធរ​មូលដ្ឋាន មាន​ប្រធានភូមិ មេឃុំ និង​អភិបាលស្រុក​ផងដែរ ប៉ុន្តែ​មិនមាន​មន្ត្រី​ណា​ម្នាក់​ជួយ​អន្តរាគមន៍​នោះទេ ។​​លោក​ ទុយ ទឹម អំពាវនាវ​ឲ្យ​អាជ្ញាធរ ដែល​លោក​ប្រៀបប្រដូច​នឹង​អាណាព្យាបាល​របស់​ប្រជាពលរដ្ឋ​នោះ​ឲ្យ​ចុះជួយ​ប្រជាពលរដ្ឋ បញ្ឈប់​ក្រុមហ៊ុន​ចិន​នោះ​កុំ​ឲ្យ​រំលោភ​ដី​ពួកគាត់​បន្ថែមទៀត ។​VOD ព្យាយាម​ទាក់ទង​អភិបាលស្រុក​គិរីសាគរ លោក ​ឃឹម ចន្ទ​ឌី ដើម្បី​បំភ្លឺ​ករណីនេះ ប៉ុន្តែ​ទូរ​សព្ទ​លោក​មិនអាច​ទំនាក់ទំនង​បាន ។​​យ៉ាងនេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការសិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្តកោះកុង លោក​អ៊ី​ន គង់​ជិត ឲ្យ​ដឹងថា លោក​បាន​ទាក់ទង​អភិបាលស្រុក​គិរីសាគរ​លោក​ឃឹម ចន្ទ​ឌី​នោះ​ហើយ ដោយ​លោក​ថា លោក​នឹង​ចុះទៅ​ពិនិត្យមើល​កន្លែង​ប៉ះពាល់​នោះ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៥​។​