-
ពលរដ្ឋនាំគ្នាតវ៉ាប្រឆាំងគ្រឿងចក្ររបស់រដ្ឋបាលព្រៃឈើខេត្ដកំពង់ធំ
- ថ្ងៃចេញផ្សាយ ២០-ឧសភា-២០១៥
ប្រជាពលរដ្ឋជិត៤០នាក់ នៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ នៅព្រឹកថ្ងៃពុធនេះ បានប្រមូលផ្ដុំគ្នាតវ៉ាមិនឲ្យគ្រឿងចក្ររបស់រដ្ឋបាលព្រៃឈើខេត្ដ ឈូសឆាយដីដើម្បីដាំកូនឈើក្រញូង ដោយពួកគេអះអាងថា ប៉ះពាល់ដីចម្ការដំឡូងពួកគាត់ ។ពលរដ្ឋនៅឃុំបក់ក្ដារ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ លោក ខុន រិទ្ធិ ប្រាប់ VOD ថា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដកំពង់ធំ លោក តឹប ញាតា បានយកគ្រឿងចក្រប្រហែល៤គ្រឿង មកឈូសឆាយដីធ្លីដើម្បីដាំកូនឈើក្រញូង ប៉ុន្ដែបានប៉ះពាល់ដល់ដីចម្ការដំឡូងពលរដ្ឋជាង៣០គ្រួសារ ដែលពួកគាត់កំពុងអាស្រ័យរាល់ថ្ងៃ ។ លោកបន្ដថា ចំណុចដីដែលរដ្ឋបាលព្រៃឈើឈូសឆាយបម្រុងទុកដាំកូនឈើនោះ មិនបានដាំកូនឈើនោះទេ ពោលមានតែដើមដំឡូងប៉ុណ្ណោះ ។ជាមួយគ្នានោះដែរលោកថា ខាងរដ្ឋបាលព្រៃឈើខេត្ដបានហាមឃាត់ពលរដ្ឋមិនដាំដំឡូងបន្ដទៀត និងបានគំរាមកំហែងចាប់ពួកគេដាក់ពន្ធនាគារផងដែរ ។ ពលរដ្ឋមួយរូបទៀត លោក អៀង អៃ ឲ្យដឹងថាតាមគម្រោងរដ្ឋបាលព្រៃឈើ គ្រោងឈូសឆាយតែជាង១០ហិកតាប៉ុណ្ណោះ ប៉ុន្ដែបានឈូសឆាយរាលដាលដល់ដីពលរដ្ឋជិត២០ហិកតា ទើបពួកគាត់តវ៉ាឲ្យរដ្ឋបាលព្រៃឈើបញ្ឈប់គ្រឿងចក្រ ។VOD មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដកំពង់ធំ លោក តឹប ញាតា ដើម្បីសាកសួរពីបញ្ហានេះបាននៅឡើយទេ ដោយលោកប្រាប់ថាជាប់រវល់។ បើតាមពលរដ្ឋឲ្យដឹងថា ដីចម្ការពួកគេដែលមានជម្លោះជាមួយរដ្ឋបាលព្រៃឈើនោះ មានជាង៦២ហិកតា ស្ថិតនៅជាប់ព្រំប្រទល់ ឃុំបក់ក្ដា ស្រុកបារាយណ៍ និងឃុំក្រយា ស្រុកសន្ទុក ខេត្ដកំពង់ធំ ហើយពួកគាត់បានដាំដំឡូង និងដំណាំផ្លែឈើជាច្រើនមុខទៀតតាំងពីឆ្នាំ២០១០ ៕ដកស្រង់ពីសារព័ត៍មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។