• ក្រសួងការបរទេស​ក​ម្ពុ​ជា​ក្រើនរំឭក​ឯកអគ្គរដ្ឋទូត​អាមេរិក​ពី​ការជ្រៀតជ្រែក​កិច្ចការ​កម្ពុជា​

    • ថ្ងៃចេញផ្សាយ ២១-ឧសភា-២០១៥

    ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​ថ្ងៃ​ពុធ​នេះ​បាន​ក្រើនរំឭក​ឯកអគ្គរដ្ឋទូត​អាមេរិក លោក វា​លៀម ថដ​(William E. Todd) ពី​ការជ្រៀតជ្រែក​កិច្ចការ​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​លោក​រិះគន់​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្តីព្រាង​។​​ក្រសួងការបរទេស​ក​ម្ពុ​ជា​បានចេញ​កំណត់​ទូត​មួយ​ចុះ​កាលបរិច្ឆេត​ថ្ងៃទី​២០​ខែឧសភា ឆ្នាំ​២០១៥ ដាក់​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ដែលមាន​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ កំណត់​ទូត​ឲ្យ​ដឹងថា​លោក វា​លៀម ថដ បាន​សរសេរ​នៅលើ​ប្លក​របស់លោក និង​ត្រូវបាន​ដកស្រង់​មក​ផ្សាយ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​អង្គា​រថា​“​ដើម្បី​ទាញយក​ផលប្រយោជន៍​នេះ កម្ពុជា​ត្រូវ​បង្ហាញ​នូវ​រូបភាព​ដែល​ទាក់ទាញ​វិនិយោគទុន​បរទេស បច្ចេកវិទ្យា និង​ធនធានមនុស្ស​” “​មុខមាត់​របស់​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ពី​សេចក្ដីព្រាងច្បាប់​អង្គការក្រៅរដ្ឋាភិបាល​” និង​“​ខ្ញុំ​ចូលរួម​ការអំពាវនាវ​ដើម្បី​ធ្វើ​សកម្មភាព​”​ទៅកាន់​សហគមន៍​អន្តរជាតិ ដើម្បី​ទាមទារ​រដ្ឋាភិបាល​កម្ពុ​ជា​ចេញផ្សាយ​នូវ​សេចក្ដីព្រាងច្បាប់​អង្គការក្រៅរដ្ឋាភិបាល និង​រៀបចំ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ​។កំណត់​ទូត​បន្ថែមថា​“​នៅពេលដែល​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​អំពី​ជំហាន​បន្ទាប់​របស់ខ្លួន វា​ជាការ​សំខាន់​ដែល​ត្រូវ​ដឹងថា​ពិភពលោក​កំពុង​ឃ្លាំមើល​”​។​​នៅក្នុង​កំណត់​ទូត​នោះ ក្រសួងការបរទេស​បាន​រំឭក​លោក​វា​លៀម ថដ ពី​អនុសញ្ញា​ទីក្រុង​វី​យ៉ែ​ន​ស្តីពី​ទំនាក់ទំនង​ការទូត​ដែល​ចែងថា​«​ដោយ​ពុំមាន​ប៉ះពាល់​ដល់​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​ពួកគេ អ្នក​ដែល​ទទួលបាន​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​មាន​កាតព្វកិច្ច​គោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​ម្ចាស់ផ្ទះ​។ អ្នក​ទាំងនោះ​ក៏មាន​កាតព្វកិច្ច​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​នោះដែរ​»​។ ក្រសួង​បញ្ជាក់​បន្ថែមថា​«​ដូចនេះ​ឯកអគ្គរដ្ឋទូត​អាមេរិក​ត្រូវគោរព​អនុសញ្ញា​នេះ ដែល​ប្រទេស​របស់គាត់​បានផ្តល់​ស​ច្ចា​ប័ន​រួចហើយ​នៅ​ឆ្នាំ​១៩៧២»​។ កំណត់​ទូត​បញ្ជាក់ថា​«​ពាក្យសម្តី​របស់​ឯកអគ្គ​រដ្ឋទូត​បរទេស​ប្រចាំ​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​ព្រហើន​ខ្លាំង ទោះបី​គាត់​តំណាង​ប្រទេស​ធំ​មួយ​ក៏ដោយ​»​។​​បើតាម​កំណត់​ទូត កម្ពុជា​ជា​នីតិរដ្ឋ ដូច្នេះ​រាល់​សេចក្តីព្រាងច្បាប់ ឬ​សេចក្តីស្នើច្បាប់ ត្រូវ​ជូន​រដ្ឋសភា​ពិនិត្យ អនុម័ត ស្របតាម​ការកំណត់រ​បស់​រដ្ឋធម្មនុញ្ញ​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួ​ង ប្រាប់​VOD​ថា​«[​ការចេញ​កំណត់​ទូត​នេះ​] ចង់​ក្រើនរំឭក​គាត់​ឲ្យ​បាន​យល់​ការងារ​របស់​អ្នកកា​ទូត​ទូទៅ​ដែល​បំពេញការងារ​នៅ​ប្រទេស​ជា​ម្ចាស់ផ្ទះ​»​។​​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក ជេ រ៉ា​មែន (Jay Raman) ប្រាប់​VOD​តាមរយៈ​អ៊ីម៉េល​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ស្ថានទូត​មិនមាន​យោបល់​អ្វី​លើ​កំណត់​ទូត​នេះ​ទេ​។​​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែងថា​រដ្ឋសភា​កម្ពុជា​នឹង​អនុម័ត​ច្បាប់​នានា​តាម​ការគ្រោងទុក បើទោះជា​មានការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល​នានា និង​ទូត​បរទេស​ក្នុង​ដំណើរ​ការអនុម័ត​ច្បាប់​អ្វីមួយ​។ លោក​បាន​ថ្លែងថា​«​យើង​នឹង​បន្ត​ចេញ​ច្បាប់​តាម​ដែល​ការកំណត់​របស់​យើង ព្រោះ​មានតែ​រដ្ឋសភា​ទេ ដែលមាន​សិទ្ធិ​អនុម័ត​ច្បាប់ មិនមែន​អង្គការក្រៅរដ្ឋាភិបាល មិនមែន​ទូត​បរទេស​ទេ ដែលមាន​សិទ្ធិ​អនុម័ត​ច្បាប់​នោះ​។ ពិតមែន​ហើយ យើង​ស្តាប់​មតិយោបល់​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​នានា ដើម្បី​ឈានទៅដល់​ការកសាង​នូវ​ច្បាប់ ព្រោះ​ច្បាប់​មួយ​វា​មិន​ពាក់ព័ន្ធ​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​តួអង្គ​ទាំងអស់​ក្នុងប្រទេស​»​។​​កាលពី​ថ្ងៃ​អង្គារ លោក ជេ រ៉ា ប្រាប់​VOD​តាមរយៈ​អ៊ី​ម៉េ​ថា​លោក​មិនមែន​អ្វីដែល​ត្រូវ​ផ្តល់យោបល់​លើ​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​ទេ ដោយ​លោក​បង្វែរ​ទៅ​សារ​របស់​ឯកអគ្គរដ្ឋទូត​លើ​ប្លក ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​។​​កន្លងទៅ លោក វា​លៀម ថដ បាន​សរសេរ​នៅលើ​ប្លុក​របស់លោក​ថា​សង្គម​ស៊ីវិល​នៅ​សហរដ្ឋអាមេរិក​ក៏​ត្រូវគោរព​ការចុះបញ្ជី និង​តម្រូវការ​ផ្សេងៗ​ស្របទៅតាម​ច្បាប់​។ ប៉ុន្តែ​លោ​កថា​បញ្ញត្តិ​របស់​អាមេរិក​ដែល​នឹងមាន​ឥទ្ធិពល​លើ​សង្គម​ស៊ីវិល​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល និង​គាំទ្រ មិនមែន​បង្អាក់​ទឹកចិត្ត​ក្នុងការ​បង្កើត និង​ដំណើរការ​របស់​សង្គម​ស៊ីវិល​នោះទេ​។លោក​បញ្ជាក់ថា​«​ខ្ញុំ​បន្ត​ចែករំលែក​ការ​ព្រួយ​បារ​មុ្ភ​ដូចជា​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ផ្សេងទៀត​ទាក់ទង​នឹង​ច្បាប់​អង្គការ​នេះ ហើយ​សង្ឃឹមថា​សេរីភាព​នៃ​ការប្រមូលផ្តុំ និង​ការបញ្ចេញមតិ​នឹងត្រូវ​គោរព​។ វា​ជា​ក្តីសង្ឃឹម​ដ៏​ស្មោះត្រង់​មួយ​ដែលថា​ច្បាប់​នេះ​នឹង​ជំរុញ និង​ជួយ​សម្រួល​សង្គម​ស៊ីវិល​ក្នុង​កិច្ចការ​សំខាន់​ដែល​ពួកគេ​ធ្វើ ដោយ​បន្ត​នូវ​គោលនយោបាយ​គតិបណ្ឌិត​របស់​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​រីកចម្រើន និង​ចូលរួម​ការអភិវឌ្ឍ​ប្រទេស​»៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥​។​