• តុលាការ​នឹង​សាកសួរ​លោក មា​ជ សុវណ្ណារ៉ា នៅ​សប្ដាហ៍​ក្រោយ​

    • ថ្ងៃចេញផ្សាយ ២១-ឧសភា-២០១៥

    ​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ចប់​ការសាកសួរ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​នាក់ ចំណែក​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន ព្រមទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥​នាក់​ផ្សេងទៀត​នឹងត្រូវ​សាកសួរ​នៅ​ថ្ងៃទី​២៦ ខែឧសភា ។​​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតមកដល់​ម៉ោង​៥​ល្ងាច​នេះ តុលាការ​បានបញ្ចប់​ការសាកសួរ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់​រួមមាន​លោក អ៊ុក ពេជ្រ​សំណាង លោក អឿ ណា​រិ​ទ្ធ លោក ឃិន ជំរឿន លោក កែ ឃីម និង​លោក សាន សីហៈ ។ ចំណែកឯ​លោក មា​ជ សុវណ្ណារ៉ា និង​អ្នក​ផ្សេងទៀត​នឹងត្រូវ​សាកសួរ​នៅ​ថ្ងៃទី​២៦ ខែឧសភា ។​​ ​​បន្ទាប់​ចេញពី​សវនាការ​នៅថ្ងៃនេះ លោក មា​ជ សុវណ្ណារ៉ា បាន​អះអាងថា លោក​នឹង​ចូលខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី​២៦ ខែឧសភា តាម​ការកំណត់​របស់​តុលាការ ។​​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ជូ​ង ជូ​ងី មានប្រសាសន៍ថា ការសាកសួរ​នៅក្នុង​សវនាការ​នា​ថ្ងៃនេះ ចៅក្រម​បាន​ប្រើការ​សង្កត់​សំឡេង និង​សំណួរ​ធ្ងន់ៗ ក្នុង​សាកសួរ​កូនក្ដី​របស់លោក ។ ទោះយ៉ាងណា លោក​អះអាងថា នីតិវិធី​នៃ​ការសួរដេញដោល​នា​ថ្ងៃនេះ​មានការ​ល្អប្រសើរ​ជាង​មុន ។ លោក​បន្តទៀតថា លោក​សង្ឃឹមថា​តុលាការ​នឹង​ឈរលើ​គោលការណ៍​ឯករាជ្យ​ក្នុងការ​ជំនុំជម្រះ ហើយ​កូនក្ដី​របស់លោក​ទាំង​១១​នាក់​នឹង​រួច​ផុតពី​ការចោទប្រកាន់ ។​​ចំណែក​លោក អ៊ុក ពេជ្រ​សំណាង បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា ការកោះហៅ​រូបលោក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​មក​សាកសួរ​នៅថ្ងៃនេះ​គឺធ្វើឡើង​ទៅតាម​ការប្រែប្រួល​នៃ​ស្ថានភាព​នយោបាយ​ប៉ុណ្ណោះ ។ លោក​បន្តថា លោក​សង្ឃឹមថា​តុលាការ​នឹងធ្វើ​ការ​ដោយ​ឈរលើ​គោលការណ៍​ឯករាជ្យ ហើយ​ទម្លាក់​បទ​ចោទ​លើ​រូបលោក ក៏ដូចជា​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ។​​ ​​គួរ​បញ្ជាក់ថា លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុងករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌដូនពេញ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។ នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ព្រមទាំង​ព្រះសង្ឃ​៣​អង្គ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥​។​