-
រដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់មិនបើកចំហរ ទើបសង្គមស៊ីវិលព្រួយបារម្ភ?
- ថ្ងៃចេញផ្សាយ ២៥-ឧសភា-២០១៥
សេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាង ថានឹងមិនមានការគាបសង្កត់ រឺរារាំងដល់សកម្មភាព ទៅលើអង្គការក្រៅរដ្ឋាភិបាលនោះទេ។ បើទោះបីជាមានការអះអាងពីលោកហ៊ុន សែនបែបនេះក្តី ក៏នៅតែមានអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ នៅតែមានការភ័យខ្លាច និងការព្រួយបារម្ភ ពីសេចក្តីព្រាងច្បាប់នេះ។លោកអ៊ូ វីរៈ ប្រធានវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈបានអះអាងថា មូលហេតុ ចំបងដែលធ្វើឲ្យអង្គការសង្គមស៊ីវិល ភ័យខ្លាច និងការព្រួយបារម្ភ ពេលដែលរដ្ឋាភិបាលកម្ពុជាធ្វើសេចក្តីព្រាងច្បាប់ម្តងៗ គឺដោយសារតែរដ្ឋាភិបាល ធ្វើសេចក្តីព្រាងច្បាប់អ្វីមួយ មានភាពលាក់លៀម និងមិនមានជជែកគ្នាជាចំហ។ ចំណែកលោកកែម ឡី អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជាបានសង្កត់ធ្ងន់ថា នេះគឺដោយសារតែរដ្ឋាភិបាលកម្ពុជា អត់បង្កើតច្បាប់ស្តីពីនីតិវិធីនៃការតាក់តែងច្បាប់។ ការបង្កើតច្បាប់នីមួយៗ ត្រូវតែមានការចូលរួមពិគ្រោះយោបល់ទូលំទូលាយ ទើបច្បាប់នោះ មានភាពស្តង់ដា សមនឹងប្រទេស ប្រកាន់របបប្រជាធិបតេយ្យ និងមាននីតិរដ្ឋ។យ៉ាងណាក្តីសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលមាន៩ ជំពូក និង ៣៤ មាត្រានេះ កំពុងត្រៀមបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រជុំ ពិភាក្សា នឹងបញ្ជូនទៅរដ្ឋសភា ធ្វើការអនុម័ត។ សេចក្តីព្រាងច្បាប់នេះក៏មានចែងដែរថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្ហាញព័ត៌មានលម្អិតទៅកាន់ ក្រសួងមហាផ្ទៃ ក្នុងនោះក៏មានប្រភពធនធាន និងទ្រព្យសម្បត្តិផងដែរ៕ដកស្រង់ពីសារព័ត៍មានវាយោ ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥។