-
លោក ផៃ ស៊ីផាន ស្នើក្រសួង២ចាត់វិធានការលើអ្នកប្រើពាក្យប្រមាថ និងវាយបរិហាកេរ្តិ៍មន្ត្រីរដ្ឋាភិបាល
- ថ្ងៃចេញផ្សាយ ២៥-ឧសភា-២០១៥
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានដាក់ទៅលិខិតទៅក្រសួងចំនួន២ គឺក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីឲ្យចាត់វិធានការតាមផ្លូវច្បាប់ និងផ្លូវបច្ចេកទេសលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដែលលោកហៅថាជា«ជនអគតិ និងអសីលធម៌» ករណីប្រមាថ និងវាយប្រហារបរិហារកេរ្តិ៍ទៅលើមន្ត្រីរាជការ និងថ្នាក់ដឹកនាំរដ្ឋាភិបាល។លិខិតដែលមានខ្លឹមស្រដៀងគ្នា ចុះកាលបរិច្ឆេតថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៥ លោក ផៃ ស៊ីផាន បានលើកឡើងថាក្នុងរយៈពេលថ្មីៗនេះ លោកបានសង្កេតឃើញជនមួយចំនួនប្រើប្រាស់ប្រព័ន្ធសង្គម ដោយប្រើពាក្យអសុរោះ ប្រមាថមាក់ងាយ បំផ្លើស(អក្សរ និងរូបភាព) និងវាយបរិហារកេរ្តិ៍ដល់មន្ត្រីរាជការដែលជាថ្នាក់ដឹកនាំមួយចំនួន។ លោកបន្តថាពាក្យទាំងនោះមានចែងនៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជា និងមានទម្ងន់ទោសជាធរមានស្រាប់។លិខិតរបស់លោកផៃ ស៊ីផាន បញ្ជាក់ថាការប្រមាថ និងការបរិហារកេរ្តិ៍ គឺមិនស្ថិតនៅក្នុងសេរីភាពនៃការបញ្ចេញយោបល់នោះឡើយ ប៉ុន្តែវាជាការរំលោភសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលត្រូវរងការប្រមាថ និងបៀតបៀនសេចក្តីថ្លៃថ្នូរ។ លោក ផៃស៊ីផាន បានបញ្ជាក់ថា«អាស្រ័យហេតុនេះ ខ្ញុំបាទសូមស្នើឯកឧត្តមឧបនាយករដ្ឋមន្ត្រីចាត់វិធានការសមស្របណាមួយចំពោះរាល់ជនអគតិ និងអសីលធម៌ទាំងនោះ។ បច្ចុប្បន្នកាលនៃវប្បធម៌ដៃគូសន្ទនា ជាទស្សនៈប្រវត្តិសាស្ត្រ និងមរតកសម្រាប់កម្ពុជា គឺជាទិសដៅ និងបរិបទនៃការកសាងសង្គមជាតិឲ្យប្រាសចាកពីវប្បធម៌អរិភាព និងហិង្សា(ពាក្យសម្តី និងសកម្មភាព)»។លោក ផៃ ស៊ីផាន បានសរសេរលិខិតផ្លូវការស្នើសុំវិធានការពីក្រសួង២នេះ បន្ទាប់ពីលោកបានសរសេរនៅលើហ្វេសប៊ុកជាលក្ខណៈ«លិខិតចំហរចំពោះជនអគតិ និងអសីលធម៌» កាលពីថ្ងៃពុធ សំដៅទៅរកអ្នកលេងហ្វេសប៊ុកមួយចំនួនដែលប្រើប្រាស់ពាក្យពេចន៍ទាំងនោះ។VODមិនអាចទាក់ទងលោក ផៃ ស៊ីផាន នៅថ្ងៃសុក្រនេះ ដើម្បីបញ្ជាក់បន្ថែមលើលិខិតរបស់លោកបាននៅឡើយទេ។កាលពីខែកុម្ភៈ ឆ្នាំ២០១៣ លោក ផែល ភារុណ ដែលជាគ្រូបង្រៀនម្នាក់ត្រូវបានកោះហៅទៅតុលាការបន្ទាប់ពីលោករិះគន់មន្ត្រីនគរបាលចរចារណ៍រាជធានីភ្នំពេញលើហ្វេសប៊ុករបស់លោក។ចំណែកកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ លោក ជេត សុវិចិត្រ ជាអ្នកគ្រប់គ្រងទីផ្សារម្នាក់ត្រូវបានឃុំខ្លួននៅខេត្តស្ទឹងត្រែង បន្ទាប់ពីលោកបានបង្ហោះរូបថតរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅលើហ្វេសប៊ុក ដោយចោទប្រកាន់ពីការជម្រិតទារប្រាក់។ ចំណែកកាលពីខែកុម្ភៈ ឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញបានពិន័យ សិល្បករមួយរូប អ្នកនាង ដួង ហ្សូរីដា ចំនួន២លានរៀល ដោយសារការចោទប្រកាន់គូបដិបក្ខនៅលើហ្វេសប៊ុកថាបានលួចបុគ្គលិករបស់អ្នកនាង។របាយការណ៍របស់អង្គការលីកាដូស្តីចេញផ្សាយនៅខែឧសភានេះ បានលើកឡើងថាប្រទេសកម្ពុជាកំពុងរីកសាយភាយយ៉ាងខ្លាំងនូវការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ដោយសារកើនឡើងនូវប្រភេទទូរស័ព្ទស្មាតហ្វូន ងាយស្រួលភ្ជាប់អ៊ីនធើណែត និងមានបណ្តាញទូរស័ព្ទចល័តយ៉ាងទូលំទូលាយ។ របាយការណ៍បន្តថាក្នុងនោះប្រជាពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនេះ ដើម្បីចែករំលែកព័ត៌មានក្នុងសង្គមរួមមាន ការប្រើហិង្សារបស់នគរបាល និទណ្ឌភាព អំពើពុករលួយ និងការកាប់បំផ្លាញព្រៃឈើជាដើម។ លីកាដូបានបញ្ជាក់ថាសេរីភាពនៃការបញ្ចេញមតិប្រភេទនេះកំពុងស្ថិតនៅក្រោមការគំរាមកំហែង ដោយសាររដ្ឋាភិបាលបានបង្កើតក្រុមអ្នកជំនាញលើប្រព័ន្ធអ៊ីនធើណែត(Cyber War Team) ដើម្បីត្រួតពិនិត្យប្រមូលព័ត៌មានពីប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសហ៊ុក និងតាមរយៈគេហទំព័រផ្សេងទៀត។មន្ត្រីគម្រោងសិទ្ធិ និងអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន ម៉ារ៉ាណា មានប្រសាសន៍ថាជាគោលការណ៍អន្តរជាតិ រាល់ការបញ្ចេញមតិត្រូវមានព្រំដែនកំណត់ ហើយត្រូវធានាថាមិនប៉ះពាល់ដល់អ្នកដទៃ។ យ៉ាងណាក៏ដោយកញ្ញាយល់ថាប្រសិនបើរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធើណែត និងទូរគមនាគមន៍ វាពិតជាប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់បុគ្គល។កញ្ញា សន រ៉ាម៉ាណា ឲ្យដឹងទៀតថាបើច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធើណែត និងទូរគមនាគមន៍ ត្រូវបានបង្កើតឡើងដើម្បីការពារសន្តិសុខសង្គម នោះជាការប្រសើរ តែបើបង្កើតឡើងដើម្បីរឹតបន្តឹងសេរីភាពប្រជាពលរដ្ឋ វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពបុគ្គលក្នុងការបញ្ចេញមតិ៕ដកស្រង់ពីសារព័ត៍មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥។