-
លោក អ៊ុក ពេជ្រសំណាង ថាលោកនៅតែជាចំណាប់ខ្មាំងនយោបាយ
- ថ្ងៃចេញផ្សាយ ២៦-ឧសភា-២០១៥
សកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង លើកឡើងថា រូបលោក និងសកម្មជន ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ១០នាក់ផ្សេងទៀតនៅតែជាចំណាប់ខ្មាំងរបស់អ្នកនយោបាយ ហើយតុលាការនឹងមិនទម្លាក់ការចោទប្រកាន់មកលើពួកលោកនៅមុនការបោះឆ្នោតឆ្នាំ២០១៨នោះទេ ។លោក អ៊ុក ពេជ្រសំណាង បានថ្លែងបែបនេះ នៅមុខសាលាដំបូងរាជធានីភ្នំពញ នៅម៉ោងប្រមាណ១០ព្រឹកនេះ បន្ទាប់ពីចៅក្រមបានផ្អាកការសាកសួរសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងករណីហិង្សានៅជិតទីលានប្រជាធិបតេយ្យកាលពីខែកក្តដា ឆ្នាំ២០១៤ កន្លងទៅ ។លោក អ៊ុក ពេជ្រសំណាង បន្តថា បើសិនជាអ្នកនយោបាយមិនទុកពួកលោកជាចំណាប់ខ្មាំនោះទេ តុលាកាប្រហែលជាដោះលែងពួកលោកជាមិនខាន ។ លោកបន្ថែម «ពួកខ្ញុំចំណាប់ខ្មាំងសុទ្ធ អស់លោកអ្នកសារព័ត៌មានជឿថាពួកខ្ញុំជាចំណាប់ខ្មាំងទេ ហើយជឿថាគេដោះលែងពួកខ្ញុំទេ គេមិនដោះលែងទេ គេទុកពួកខ្ញុំ ពន្យាពេលដល់ឆ្នាំ២០១៨ បើអស់លោកមិនហ៊ានសន្យាជាមួយពួកខ្ញុំទេ ខ្ញុំហ៊ានសន្យាជាមួយពួកអស់លោក» ។សកម្មជនម្នាក់ទៀត លោក សាន សីហៈ ដែលត្រូវចៅក្រមធ្វើការសាកសួរនៅព្រឹកនេះ ឲ្យដឹងថា តុលាការមិនទាន់បានបញ្ចប់ការសាកសួរមកលើរូបលោកទេនៅព្រឹកនេះ ហើយនឹងបន្តការសាកសួររូបលោកនៅរសៀលនេះបន្តទៀត ។ លោកថា សវនាការត្រូវបានផ្អាកដោយសារតែលោក អឿ ណារិទ្ធ ដែលជាសកម្មជនម្នាក់ទៀតមានអាការៈឈឺពោះ ។ លោកបន្តថា ការដែលតុលាការនៅតែធ្វើការសាកសួររូបលោកជាបន្តបន្ទាប់ និងមិនព្រមលើកបទចោទបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់លោក ។មេធាវីគណបក្សសង្គ្រោះជាតិ លោក ជូង ជូងី មានប្រសាសន៍ថា តុលាការចោទសកម្មជនទាំងនោះពីបទដឹកនាំ និងចូលរួមធ្វើកុប្បកម្មនៅជិតទីលានប្រជាធិបតេយ្យកាលពីខែកក្តដា ឆ្នាំ២០១៤ កន្លងទៅ ។ លោកថា សវនាការជំនុំជម្រះអង្គសេចក្តី នៅថ្ងៃនេះ គឺជាការសួរដេញដោលដើម្បីរកថាតើជនទាំង១១នាក់នោះមានកំហុសឬយ៉ាងណា បើសិនជាគ្មានកំហុសតុលាការនឹងលើកលែងបទចោទលើពួកគាត់ ។គួរបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុក ពេជ្រសំណាង ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងករណីហិង្សាលើសន្តិសុខខណ្ឌដូនពេញ នៅជិតទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ លោក អ៊ុក ពេជ្រសំណាង និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ព្រមទាំងព្រះសង្ឃ៣អង្គ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។គណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិល បានហៅការចាប់ខ្លួន និងការចោទប្រកាន់លើសកម្មជនគណបក្សសង្គ្រោះជាតិនេះថាជារឿងនយោបាយ និងទាមទារឲ្យទម្លាក់ការចោទប្រកាន់ ។ ទោះយ៉ាងណា គណបក្សប្រជាជនកម្ពុជាបានបដិសេធការចោទប្រកាន់នេះ និងអះអាងថា ចំណាត់ការរបស់តុលាការគឺធ្វើទៅតាមនីតិវិធីច្បាប់ ៕ដកស្រង់ពីសារព័ត៍មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។