-
អាជ្ញាធរថាមានអ្នកញុះញង់ឲ្យមានអំពើហិង្សា ករណីតវ៉ានៅច្រកអន្ដរជាតិប៉ោយប៉ែត
- ថ្ងៃចេញផ្សាយ ២៦-ឧសភា-២០១៥
អាជ្ញាធរថា ករណីផ្ទុះហិង្សាក្នុងបាតុកម្មតវ៉ានៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត្រ នៅរសៀលចន្ទថ្ងៃទី២៥ខែឧសភាម្សិលមិញ ដោយសារមានការញុះញង់ពីជនមួយក្ដាប់តូច ។យោងខ្លឹមសារលិខិតលេខ០៣២កបប របស់អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ផ្ញើជូនគណៈអភិបាលខេត្តបន្ទាយមានជ័យមានខ្លឹមសារថា ក្រោយពីកម្មករអូសរទេះបានតវ៉ាដោយបិទផ្លូវអស់រយៈពេលជាង៣ម៉ោង គឺនៅម៉ោង១២ និង៣០នាទី សមត្ថកិច្ចបានសម្រេចអូសរទេះទាំងនោះចេញពីផ្លូវ ដើម្បីសម្រួលឲ្យមានការធ្វើចរាចរជាធម្មតាឡើងវិញ ។លិខិតនោះមិនបានបញ្ជាក់ថា មានការប៉ះទង្គិចកើតឡើងក្នុងការដណ្ដើមអូសរទេះអ្នកតវ៉ាចេញពីការបិទផ្លូវនោះទេ ប៉ុន្តែបានបន្តថា នៅម៉ោង១ និង៥០នាទី ដោយមានការញុះញង់ពីជនមួយក្ដាប់តូច បានបញ្ឆេះកំហឹងកម្មករឲ្យផ្ទុះសាជាថ្មី ដោយបានទាញរទេះផ្ញាជើងបិទផ្លូវជាតិលេខ៥ម្ដងទៀត និងបានដុតពូក និងសំបកកង់រថយន្ត ។ លិខិតបន្ថែមថា នៅម៉ោង២ និង៤០នាទី កម្មករបានគប់ដុំថ្ម និងសម្រុកចូលការិយាល័យគយ ធ្វើឲ្យរបួសមន្ត្រីគយម្នាក់ និងខូចខាតរថយន្ត៧គ្រឿង ។ថ្វីបើលិខិតមិនបានចោទប្រកាន់ដោយចំលើនរណាម្នាក់ ប៉ុន្តែបានធ្វើការកត់សម្គាល់ថា ការតវ៉ានោះដឹកនាំដោយមនុស្សមួយចំនួនដូចជា លោក ចៅ វាសនា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត គណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី ប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធប៉ោយប៉ែត និងគូកនមួយចំនួនទៀតដែលមិនស្គាល់អត្តសញ្ញាណ ។ចំណែកឯលិខិតមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ចេញនៅថ្ងៃ២៥ ខែឧសភាម្សិលមិញដែរ បញ្ជាក់ថា ការតវ៉ាដំបូងឡើយគ្មានអំពើហិង្សាទេ ប៉ុន្តែដោយមានការញុះញង់ពីក្រុមឆ្លៀតឱកាស បានធ្វើឲ្យការតវ៉ានោះក្លាយជាអំពើហិង្សា ធ្វើឲ្យរងរបួសទាំងសងខាង និងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនមួយចំនួន ពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធ និងអាករ ។លិខិតនោះបញ្ជាក់ថា សមត្ថកិច្ចនឹងស្រាវជ្រាវរកការពិតនៅពីក្រោយអំពើហិង្សានោះ ។ លោក ង៉ោ ម៉េងជ្រួន បញ្ជាក់ថា មានរូបភាពសកម្មភាពអ្នកធ្វើអំពើហិង្សា ហើយសមត្ថកិច្ចនឹងចាប់ឲ្យទទួលខុសត្រូវតាមច្បាប់ ។ លោកថា «ការប្រើអំពើហិង្សាក្រោមការដឹកនាំដោយកម្លាំង របស់ក្រុមដែលគាត់ធ្វើសកម្មភាពហ្នឹង អ៊ីចឹងអ្វីដែលពាក់ព័ន្ធបញ្ហាអំពើហិង្សា បងដឹងហើយ អំពើហិង្សាអ៊ីចឹងវាឈានដល់កម្លាំងសមត្ថកិច្ច ចាប់ផ្តើមអនុវត្តនីតិវិធីផ្លូវច្បាប់ អ៊ីចឹងអ្នកណាដែលប្រើអំពើហិង្សា ពីព្រោះប្រជាពលរដ្ឋមួយចំនួនគាត់អត់បានប្រើអំពើហិង្សាទេ អ៊ីចឹងប្រើអំពើហិង្សាតែបុគ្គលមួយចំនួនតូច អ៊ីចឹងឲ្យបុគ្គលនោះ គាត់ទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោយពីការបានរកឃើញថា គាត់ជាអ្នកដៃដល់ ជាអ្នកប្រើអំពើហិង្សា ព្រោះឃើញភស្តុតាងទាំងអស់រូបភាព» ។ជាការកត់សម្គាល់ តាំងពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បញ្ចូលគ្នាបង្កើតបានជាគណបក្សសង្គ្រោះជាតិ នៅមិនទាន់បានឆ្លងកាត់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឡើយទេ ។ យ៉ាងនេះក្ដី លោក ចៅ វាសនា មានប្រសាសន៍ថា លោកជាចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្សសម រង្ស៊ី ។ លោកថា លោកមិនបានជាប់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានអំពើហិង្សា ដូចការចោទប្រកាន់របស់អភិបាលក្រុងប៉ោយប៉ែតនោះទេ គឺលោកគ្រាន់តែទៅឃ្លាំមើលការធ្វើបាតុកម្មរបស់កម្មករ ដែលជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកប៉ុណ្ណោះ ។ លោកបន្តថា លោកមានប្រជាពលរដ្ឋជាសាក្សីបញ្ជាក់ថា លោកមិនពាក់ព័ន្ធក្នុងរឿងនោះ ។ លោក ចៅ វាសនា បញ្ជាក់ថា ក្នុងការឃ្លាំមើលនោះ លោកបានថតសកម្មភាពរបស់សមត្ថកិច្ចបង្ក្រាបទៅលើអ្នកតវ៉ា ដោយលោកចោទប្រកាន់ថា កងរាជអាវុធហត្ថជាអ្នកបង្កអំពើហិង្សានោះ ។ លោកថា «ខ្ញុំជាចៅសង្កាត់ តួនាទីខ្ញុំឃ្លាំមើលប្រជាពលរដ្ឋខ្ញុំដែលរស់នៅក្នុងសង្កាត់ ដូច្នេះខ្ញុំអត់បានញុះញង់ ឬមួយដឹងថាគេនោះបាតុកម្មនៅថ្ងៃណា ម៉ោងណាទេ ប៉ុន្តែនៅពេលដែលបាតុកម្ម គឺខ្ញុំដឹងប្រជាពលរដ្ឋគាត់តេប្រាប់ថា មានគេបាតុកម្មនៅរង្វង់មូល ក៏ខ្ញុំទៅឃ្លាំមើលតែប៉ុននោះឯង តែការដែលបង្កើតអំពើហិង្សាហ្នឹង ខ្ញុំបានថតច្បាស់លាស់ណាស់ ប៉េអឹមជាអ្នកបង្ករឿងមុខគេទាំងអស់ ដែលវ៉ៃដល់ប្រជាពលរដ្ឋខ្ញុំ» ។ចំណែកឯប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធប៉ោយប៉ែត លោក ឌិន ពុទ្ធី មានប្រសាសន៍ថា ពេលមានបាតុកម្មនោះ លោកមិនបានចូលរួមទេ លុះត្រាឮដំណឹងថា មានការវាយបង្ក្រាបលើបាតុករ ទើបលោកទៅចូលរួមឃ្លាំមើល គឺនៅម៉ោងប្រមាណ១១ និង៣០នាទី ។ លោកបន្តថា បើលោកជាអ្នកដឹកនាំធ្វើបាតុកម្ម នោះលោកនឹងជូនដំណឹងទៅសាលាខេត្ត ប៉ុន្តែលោកមិនបានជូនដំណឹងទេ ។ លោកថាការចោទប្រកាន់លើរូបលោក គឺចោទទាំងបំពាន ដោយគ្មានភស្តុតាង ។លោក ឌិន ពុទ្ធី បន្តថា ក្រុមកម្មករអូសរទេះទាំងនោះ មូលមតិគ្នាប្រឆាំងតវ៉ានឹងមន្ត្រីគយ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារមន្ត្រីទាំងនោះបង្ខំជម្រិតទារលុយពួកគេ ធ្វើឲ្យពួកគេគ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។ លោកបន្ថែមថា ពេលកម្មករតវ៉ា កងរាជអាវុធហត្ថបានចាត់ការបង្ក្រាប ជាហេតុនាំឲ្យមានអំពើហិង្សានោះកើតឡើង ។ លោកថា «គាត់(កម្មករអូសរទេះ)អូសរទេះមកបានប្រាក់ចំណូលតិចតួច គឺមន្ត្រីគយបង្ខំឲ្យគាត់បង់ពន្ធ ហើយមួយទៀតបើមិនបង់ពន្ធទេ គឺឲ្យបង់ក្បាលរទេះ អ៊ីចឹងគាត់អត់មានប្រាក់ចំណូលចិញ្ចឹមគ្រួសាររបស់គាត់ ។ ដល់គាត់ក្តៅក្រហាយ គាត់ទៅធ្វើបាតុកម្ម ពេលដែលធ្វើបាតុកម្មអាជ្ញាធរបញ្ជាកម្លាំង កងរាជអាវុធហត្ថឲ្យមកបង្ក្រាបដោយអំពើហិង្សា សាហាវព្រៃផ្សៃ វ៉ៃដល់មនុស្សសន្លប់ មានរបួសធ្ងន់ របួសស្រាលជាច្រើននាក់ ។ អ៊ីចឹងទង្វើទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យកម្មករកាន់តែក្តៅក្រហាយ ពុះកញ្ជ្រោល» ។អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក ខេត្ដបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា យល់ថា ការប្រើហិង្សាមកលើក្រុមអ្នកតវ៉ា ជារឿងខុសច្បាប់ ខណៈការតវ៉ានោះធ្វើឡើងគ្រាន់តែចង់រកកម្រៃមួយ ដើម្បីផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ ។ លោកថា ក្រុមកម្មករផ្ទុះការតវ៉ាញឹកញាប់កន្លងមកនោះ ដោយសារអាជ្ញាធរ និងមន្ដ្រីជំនាញមិនអនុវត្ដតាមការសន្យា ។សូមបញ្ជាក់ថា នៅសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ម្សិលមិញ សមត្ថកិច្ចចម្រុះក្រុងប៉ោយប៉ែតបានបង្ក្រាបការធ្វើបាតុកម្មរបស់កម្មករអូសរទេះ ដែលទាមទារឲ្យមេគយបន្ធូរបន្ថយតម្លៃទំនិញ និងថ្លៃចេញចូលប្រទេសថៃ ជាហេតុធ្វើឲ្យមានការប៉ះទង្គិចគ្នា ហើយសមត្ថកិច្ចបានប្រើស្វ័យកាំភ្លើងវាយទៅលើអ្នកតវ៉ា នាំឲ្យកម្មករ៦នាក់រងរបួស ក្នុងនោះមានម្នាក់សន្លប់ ហើយដឹកទៅសង្គ្រោះបន្ទាន់ទាំងដៃជាប់ខ្នោះ ។ ក្នុងការប៉ះទង្គិចនោះ សមត្ថកិច្ចក៏មានរបួសផងដែរ ៕ដកស្រង់ពីសារព័ត៍មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។