-
ក្រសួងការងារអះអាងថាច្បាប់សហជីពនឹងការពារប្រយោជន៍របស់ភាគីពាក់ព័ន្ធ
- ថ្ងៃចេញផ្សាយ ២៩-ឧសភា-២០១៥
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រនេះ បានអំពាវនាវកុំឲ្យមានការជំទាស់នឹងសេចក្តីព្រាងច្បាប់សហជីពដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៨ ដោយអះអាងថាសេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងធានាប្រយោជន៍របស់ភាគីពាក់ព័ន្ធ។សេចកី្តប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភានេះ ឲ្យដឹងថា នាពេលថ្មីៗនេះ អង្គការវិជ្ជាជីវៈមួយចំនួន«ដោយមានការគាំទ្រពីអង្គការបរទេស»បានបញ្ចេញមតិជំទាស់ទៅនឹងការអនុម័តច្បាប់ស្តីពីសហជីព ដែលត្រូវបានរៀបចំឡើង ចំនួន៧ឆ្នាំមកហើយ និងឈានដល់ការបញ្ចប់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខនេះ។ សេចក្តីប្រកាសបន្តថាច្បាប់សហជីពនេះបង្កើតឡើងដោយមានគោលដៅការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងនិយោជក ជំរុញឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ រួមចំណែកក្នុងការបង្កើតការងារសមរម្យ និងបង្កើនផលិតភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងបានសហការជាមួយតំណាងអង្គការអន្តរជាតិខាងការងារ(ILO) និងបានដាក់ជូនភាគីពាក់ព័ន្ធជាពិសេសសហជីព និងនិយោជក ពិនិត្យ និងពិភាក្សាជាបន្តបន្ទាប់ និងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈចំនួន០៧លើក ហើយមតិយោបល់របស់ភាគីនីមួយៗ ត្រូវបានយកមកបញ្ចូលក្នុងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។ ក្រសួងបន្តថាក្នងនោះក្រុមសហជីពដែលកំពុងជំទាស់នឹងច្បាប់នេះ ក៏បានចូលរួមពិភាក្សាផងដែរ។ក្រសួងការងារបានបញ្ជាក់ថាខ្លឹមសារនៃច្បាប់នេះត្រូវបានកសាងឡើងដោយឈរលើរដ្ឋធម្មនុញ្ញកម្ពុជា អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ(ILO) និងបទពិសោធន៍របស់បណ្តាប្រទេសមួយចំនួនលើពិភពលោក។ ក្រសួងបន្តថាសេចក្តីព្រាងច្បាប់នេះមានទម្រង់ និងលក្ខណៈ ស្របតាមបទដ្ឋានអន្តរជាតិ ជាពិសេសស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។ក្រសួងបន្តថា«ច្បាប់នេះក៏មានគោលដៅ ទប់ស្កាត់មជ្ឈដ្ឋានមួយចំនួនតូច ដែលមានចេតនាអាក្រក់ចង់បន្តប្រើប្រាស់កម្មករនិយោជិត ឬវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាបម្រើផលប្រយោជន៍របស់ខ្លួន និងបក្ខពួកដោយមិនបានគិតអំពីផលប្រយោជន៍ពិតប្រាកដរបស់កម្មករនិយោជិតផងដែរ»។ ក្រសួងការងារ អំពាវនាវដល់អ្នកជំទាស់នឹងសេចក្តីព្រាងច្បាប់នេះវិលមកគិតផលប្រយោជន៍កម្មករនិយោជិត និងផលប្រយោជន៍ជាតិពិតប្រាកដ និងចូលរួមគាំទ្រដល់ការកសាងច្បាប់សហជីពនេះ»។កាលពីថ្ងៃព្រហស្បតិ៍ សហជីពមួយចំនួនបានចេញលិខិតមួយច្បាប់ ដោយគ្រោងនឹងដាក់ទៅក្រសួងការងារ ដើម្បីបង្ហាញជំហរបដិសេធនឹងសេចក្តីព្រាងច្បាប់សហជីពនេះ។ សហជីពទាំងនោះមានសហភាពការងារកម្ពុជារបស់លោកអាត់ ធន់ សម្ព័ន្ធសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា សម្ព័ន្ធសហជីពជាតិរបស់លោក ហ្វា សាលី តំណាងសហព័ន្ធសហជីព និងសមាគម របស់លោក យ៉ាង សុភ័ណ្ឌ និងសហជីពមួយចំនួនទៀត។សហជីពទាំងនោះក៏នឹងដាក់លិខិតទៅសហភាពអឺរ៉ុប ដោយស្នើឲ្យជួយជំរុញរដ្ឋាភិបាលកម្ពុជា និងសភាជាតិ បញ្ឈប់ការបង្កើតច្បាប់ស្តីពីសហជីពនេះ។ សហជីពបានលើកឡើងថាកម្ពុជាមានរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិខាងការងារ ច្បាប់ស្តីពីការងារ ប្រកាស និងលិខតិបទដ្ឋានគតិយុត្តិផ្សេងៗ ដែលធានាដល់ការងារពារ និងលើកកម្ពស់ សិទ្ធិសេរីភាពក្នុងការបង្កើត និងការចូលរួមសហជីព។សហជីពលលើកឡើងថាសេចក្តីព្រាងច្បាប់នេះ«មិនបានឆ្លុះបញ្ចាំងពីការការពារ លើកកម្ពស់សិទ្ធិសេរីភាព និងផលប្រយោជន៍ជូនកម្មករនយោជិតនោះទេ ពីព្រោះមានមាត្រាជាច្រើនមានការរិតត្បិតដល់សិទ្ធិសេរីភាពសហជីព ជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់សហជីពពីស្ថាប័នរដ្ឋ និងភាគីនិយោជក និងមានចេតនាដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងការអនុវត្តសិទ្ធិសហជីពយ៉ាងពិតប្រាកដ»។គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ ត្រូវបានតាក់តែងឡើងតាំងពីឆ្នាំ២០០៨ ដែលមាន៩១មាត្រា ក្នុងនោះយ៉ាងតិច៣០មាត្រា ត្រូវបានសហជីពជំរុញឲ្យកែប្រែសម្រួលឲ្យស្របតាមបទដ្ឋានអន្តរជាតិ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥។