• វេទិកាសាធារណៈ​ចំនួន​២​ត្រូវបាន​អាជ្ញាធរ​នៅ​ខេត្ដ​ព្រះវិហារ​រារាំង​

    • ថ្ងៃចេញផ្សាយ ២៩-ឧសភា-២០១៥

    មន្ដ្រី​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ខេត្ដ​ព្រះវិហារ​ឲ្យ​ដឹងថា វេទិកាសាធារណៈ​ចំនួន​ពីរ ដែល​រៀបចំឡើង​ដើម្បី​សម្ដែង​មតិ និង​ផ្សព្វផ្សាយ​បទបញ្ជា​០១១​ដល់​សហគមន៍ ទាក់ទង​នឹង​ជម្លោះដីធ្លី​ពួកគាត់ ត្រូវបាន​អាជ្ញាធរ​រារាំង ដោយ​អះអាងថា​មិនមាន​ច្បាប់រ​អនុញ្ញាត ។​​វេទិកា​នោះ​រៀបចំ​នៅ​ស្រុក​ឆែប និង​នៅ​ស្រុក​រវៀង ខេត្ដ​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​​មន្ដ្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោ​ភណ្ឌ ប្រាប់ VOD ថា វេទិកាសាធារណៈ​នោះ​រៀបចំឡើង​ដើម្បី​ពលរដ្ឋ​សម្ដែង​មតិ​ករណី​ជម្លោះដីធ្លី ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​៣០០​នាក់ មកពី​ឃុំ​ចំនួន​៣ រួមមាន ឃុំ​រួសរាន់ ឃុំ​រៀបរយ និង​ឃុំ​រតនៈ​ក្នុងស្រុក​រវៀង​។ លោក​ថា កន្លែង​សំដែង​មតិ​នោះ ធ្វើ​នៅក្នុង​តំបន់​ជម្លោះដីធ្លី ប៉ុន្ដែ​ត្រូវបាន​សមត្ថកិច្ច​ប្រហែល​២០​នាក់ ប្រដាប់​ដោយ​អាវុធ​រារាំង ដោយ​បង្វែរ​ទៅ​កន្លែង​ផ្សេង​ទៅវិញ ។ ទោះយ៉ាងណា លោក​ថា ប្រជាពលរដ្ឋ​នៅតែ​មានះ​ធ្វើការ​សម្ដែង​មតិ ដើម្បី​បង្ហាញ​ការលំបាក​នៃ​ការបាត់បង់​ដីធ្លី ។លោក​បន្ថែមថា «​ពលរដ្ឋ​អ្នក​ជម្នះ​ធ្វើ បើតាម​សមត្ថកិច្ច គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ ពីព្រោះ​វា​មាន​លិខិត​យោង​ពី​សាលាស្រុក គេ​ថា​អត់​ឲ្យ​ធ្វើ​ដាច់ខាត ប៉ុន្តែ​ឥឡូវនេះ​ពលរដ្ឋ​ជម្នះ​ធ្វើ​នៅ​ហ្នឹង​កន្លែង បើទោះបីជា​សមត្ថកិច្ច​ប​ង្ក្រា​ប ឬ​រារាំង​បែបណា​ក៏​ពួកគាត់​នៅតែ​ជម្នះ ធ្វើការ​ពិភាក្សា​ហ្នឹង​ឲ្យ​ទាល់តែ​បាន​» ។​​ដោយឡែក​អ្នកសម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ដ​ព្រះវិហារ​លោក ឡោ ចាន់ ឲ្យ​ដឹងថា នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃនេះ សមត្ថកិច្ច​ជាច្រើន​នាក់មក​គំរាមកំហែង​ពលរដ្ឋ មិន​ឲ្យ​ចូលរួម​ស្ដាប់​វេទិការ​ផ្សព្វផ្សាយ​បទបញ្ជា​០០១​របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​លើកឡើងថា មិនមាន​ច្បាប់​អនុ​ញ្ញ​ត ។ លោក​ថា ពលរដ្ឋ​រស់នៅ​តំបន់​ជម្លោះដីធ្លី ក្នុង​ឃុំ​ម្លូព្រៃ​១ និង​ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប​នោះ មិន​ទទួលបាន​ព័ត៌មាន​នៃ​បទបញ្ជា​០០១​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ដីធ្លី ទើប​សង្គម​ស៊ីវិល​ចុះទៅ​ផ្សព្វផ្សាយ​បទបញ្ជា​នេះ គោលបំណង​ចង់​ឲ្យ​ពួកគាត់​យល់ដឹង​ពី​ប​ញ្ហ​ដីធ្លី ។ ប៉ុន្ដែ​ទោះយ៉ាងណា លោក​បញ្ជាក់ថា ពលរដ្ឋ​មួយចំនួន​បាន​ចូលរួម និង​ខ្លះទៀត​ភ័យខ្លាច​ពេល​អាជ្ញា​ចេញ​រារាំង ។ លោក​ថា «​ធ្វើ​ឲ្យ​គាត់​មានការ​រអា​ភ័យខ្លាច មិន​ហ៊ាន​ចូលរួម​វគ្គ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​កុះករ ទី​១ ។ ទី​២ ជា​គំនាប​ដើម្បី​កុំ​ឲ្យ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុងការ​ផ្សព្វផ្សាយ ក៏ដូចជា​ពាក់ព័ន្ធ​ទៅនឹង​ការបណ្តុះបណ្តាល ពង្រឹង​ចំណេះដឹង​ទៅ​សហគមន៍​មួយចំនួន​ថែមទៀត​» ។​VOD ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ដ​ព្រះវិហារ លោក ស៊ី គី​រី ជាច្រើនលើក​ដែរ​ដើម្បី​អំភ្លី​ពី​ការរារាំង​នេះ ប៉ុន្ដែ​មិនអាច​ទាក់ទង​បាន ។ ចំណែក​អភិបាលស្រុក​រវៀង លោក ឯ សារ៉ូ មានប្រសាសន៍ថា ការរារាំង​នោះ ដោយសារ​មិនមាន​ច្បាប់​អនុញ្ញាតិ ។ លោក​ថា «​គាត់​ធ្វើ​វេទិកា​ហ្នឹង ជា​តំណាង​របស់​ប្រជាពលរដ្ឋ ហើយ​ខ្ញុំ​ថា​ប្រសិន​គាត់​ជា​តំណាង​ប្រជាពលរដ្ឋ សូម​ឲ្យ​គាត់​ទំនាក់ទំនង​មក​ឃុំ​មក ព្រោះ​ឃុំ​ជា​តំណាង​ប្រជាពលរដ្ឋ មក​ឃុំ ឬ​មក​ស្រុក​មក ប៉ុន្តែ​សួរ​គាត់​ថា អ្នកណា អង្គការ​ណា​អ្នក​នាំ​ធ្វើ​? គាត់​ថា​អត់​មាន​ទេ​» ។​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៤១​ចែងថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​សេរីភាព​សម្ដែង​មតិ សេរីភាព​ខាង​ប្រជុំ សេរីភាព​ខាង​សារព័ត៌មាន ខាង​បោះពុម្ពផ្សាយ ។ ជន​ណាក៏ដោយ​មិនអាច​ឆ្លៀត យក​សិទ្ធិ​នេះ​ដោយ​រំលោភ​នាំអោយ​ប៉ះពាល់​ដល់​ទ​ម្លៀ​ម​ទម្លាប់​ល្អ សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្ដិសុខ​ជាតិ​បានឡើយ ។ ​គួរ​បញ្ជាក់ថា នៅ​ស្រុក​រវៀង និង​ស្រុក​ឆែប ខេត្ដ​ព្រះវិហារ​ជា​តំបន់​ជម្លោះដីធ្លី​ដ៍​ធ្ងន់ធ្ងរ រវាង​ក្រុមហ៊ុន​ដាំ​អំពៅ​របស់​ចិន រ៉ូ​យ​ហ្វេ​ង និង​ក្រុមហ៊ុន​ដាំ​ណាំ​ឧស្សាហកម្ម ហើយ​មកដល់ពេលនេះ មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ បើទោះបី​ពួកគាត់​ស្វែងរក​អន្ដរាគមន៍​ដល់​រាជធានី​ភ្នំពេញ​ក្ដី ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥​។​