-
ឧបការីអាមេរិកអះអាងថាច្បាប់អង្គការមិនទាន់ចាំបាច់សម្រាប់កម្ពុជានោះទេ
- ថ្ងៃចេញផ្សាយ ២-មិថុនា-២០១៥
ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកScott Busby បានអះអាងថាច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល មិនទាន់ចាំបាច់មានសម្រាប់កម្ពុជានៅពេលនេះនោះទេ។លោកScott Busbyបានកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយលោកបានជួបជាមួយតំណាងអង្គការសង្គមស៊ីវិល និងរដ្ឋមន្ត្រីក្រសួងការបរទសកម្ពុជា លោក ហោ ណាំហុង។ ដំណើរទស្សនកិច្ចរបស់លោក ធ្វើឡើងស្របពេលដែលសង្គមស៊ីវិលកំពុងតែរិះគន់លើសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយសង្គមស៊ីវិលបានទាមទារឲ្យរដ្ឋាភិបាលបញ្ចេញសេចក្តីព្រាងជាសាធារណៈ ដើម្បីខ្លួនអាចផ្តល់យោបល់។ ដំណើរទស្សនកិច្ចនេះក៏ធ្វើឡើងស្របពេលដែលសហជីពកំពុងតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដោយចាត់ទុកថាច្បាប់នេះនឹងរឹតត្បិតសេរីភាពសហជីព។ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Scott Busby មានប្រសាសន៍ថាលោកបារម្ភពីសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយលោកគិតថាច្បាប់នេះនឹងរឹតត្បិតសិទ្ធិសេរីភាពរបស់សង្គមស៊ីវិល។ លោកបន្តថាលោកមិនជឿថាច្បាប់នេះនឹងជួយដល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដូចការអះអាងរបស់រដ្ឋាភិបាលកម្ពុជានោះទេ។ លោកបានបញ្ជាក់ថា«យើងគាំទ្រកិច្ចសហប្រតិបត្តិការបែបនេះ តែដូចអ្វីដែលយើងនិយាយទៅកាន់រដ្ឋមន្ត្រី[ហោ ណាំហុង]ថា យើងមិនជឿថាច្បាប់ថ្មីនេះត្រូវការ ដើម្បីសម្រេចកិច្ចសហប្រតិការនេះទេ។ ខ្ញុំជំរុញឲ្យមានការពិចារណាឡើងវិញថាតើសង្គមស៊ីវិលពិតជាត្រូវការច្បាប់នេះ នៅពេលនេះឬយ៉ាងណា ដោយសារកម្ពុជាមានច្បាប់ដែលប្រឆាំងនឹងភេរវកម្ម សកម្មភាពឧក្រិដ្ឋ ក៏ដូចជាក្រមព្រហ្មទណ្ឌដែលដោះស្រាយបញ្ហាព្រួយបារម្ភ ដែលសេចក្តីព្រាងច្បាប់អង្គការមានបំណងដោះស្រាយនឹងដោះស្រាយបញ្ហាទាំងនេះ»។លោកScott Busbyបញ្ជាក់បន្ថែមថា«យើងមិនជឿថាច្បាប់នេះមិនទាន់ចាំបាច់នោះទេ។ តែប្រសិនបើវាចាំបាច់សម្រាប់ការអនុម័តច្បាប់នេះ ច្បាប់នេះនឹងជួយអង្គការសង្គមស៊ីវិល មិនមែនរឹតត្បិតនោះទេ»។លោកScott Busbyអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចេញសេចក្តីព្រាងច្បាប់នេះជាសាធាណៈកាន់តែឆាប់បំផុត ដើម្បីឲ្យសង្គមស៊ីវិល និងប្រជាពលរដ្ឋ អាចចូលរួមជាយោបល់ មុននឹងបញ្ជូនទៅរដ្ឋសភា ដើម្បីអនុម័ត។ លោកបញ្ជាក់បន្ថែមថាពិភពលោកកំពុងតែមើលមកកម្ពុជាលើកិច្ចការនេះ។ លោកក៏បានជំរុញឲ្យកម្ពុជាគោរពនូវការទទួលស្គាល់ជាអន្តរជាតិលើសេរីភាពភាពនៃការបញ្ចេញមតិ និងលើការប្រមូលផ្តុំ។នៅពេលសួរសំណួរថាតើប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត សហអាមេរិកនឹងកាត់ជំនួយពីកម្ពុជា ឬយ៉ាងណា លោកScott Busby មានប្រសាសន៍ថារហូតមកដល់ពេលនេះ លោកមិនទាន់បានឃើញសេចក្តីព្រាងច្បាប់នេះនៅឡើយទេ ដូច្នេះលោកមិនទាន់អាចនិយាយនៅពេលនេះថាតើនឹងមានផលប៉ះពាល់អ្វីលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ក្នុងពិធីសម្ពោធផ្លូវនៅខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កន្លងទៅមានអង្គការក្រៅរដ្ឋាភិបាលរាប់រយបានផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ហើយលោកថាបច្ចុប្បន្ននេះ អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានខ្ចីប្រាក់ពីប្រជាពលរដ្ឋ ដោយយល់ព្រមផ្តល់អត្រាការប្រាក់១០ភាគរយក្នុងមួយខែ។ លោកនាយករដ្ឋមន្ត្រីចាត់ទុកទង្វើនេះថាជាការបោកប្រាស់។ លោកបន្ថែមទៀតថាច្បាប់អង្គការនេះនឹងអាចទប់ស្កាត់ករណីអង្គការណាមួយដែលមានបំណងធ្វើភេរវកម្មផងដែរ។លោកនាយករដ្ឋមន្ត្រីបានថ្លែងថា«អញ្ចឹងទេបានជាប្រទេសរបស់យើងត្រូវមានច្បាប់គ្រប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល និងសមាគមមួយជាក់លាក់ យើងអត់ចង់សម្លាប់មាន់យកពងទេ យើងចង់ចិញ្ចឹមមាន់ឲ្យធាត់ ដើម្បីផ្តល់ពង ផ្តល់សាច់ បានសេចក្តីថាច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល ឬសមាគម គឺជាច្បាប់ដែលទ្រទ្រង់ឲ្យសកម្មភាពទាំងឡាយរបស់អង្គការក្រៅរដ្ឋាភិបាលឬសមាគម ប្រព្រឹត្តទៅដោយមានច្បាប់ធានា និងការពារ និងលើកទឹកចិត្តឲ្យធ្វើសកម្មភាព»។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អំពាវនាវកុំឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលមានក្តីបារម្ភចំពោះច្បាប់នេះ ។ លោកថាច្បាប់នេះនឹងការពារ និងបើកទូលាយឲ្យអង្គការ សមាគម ទាំងនេះធ្វើសកម្មភាពដោយទូលាយទៅតាមផ្លូវច្បាប់ និងមានច្បាប់គ្រប់គ្រង។អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃស៊ីផាន ធ្លាប់អះអាងថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ឆ្លងគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រសប្តាហ៍នេះ ហើយនឹងត្រូវបញ្ជូនទៅរដ្ឋសភាពីរបីថ្ងៃបន្ទាប់ ប្រសិនបើមិនមានការកែប្រែលើសេចក្តីព្រាងច្បាប់នេះ។បើតាមលោក ហោ ណាំហុង អង្គការសមាគមដែលចុះបញ្ជីជាមួយក្រសួងកហាផ្ទៃមានចំនួនជាង៣ពាន់អង្គការ-សមាគម និងអង្គការអន្តរជាតិដែលបានចុះបញ្ជីជាមួយក្រសួងការបរទេសកម្ពុជាមានជាង៤០០ ។ លោកអះអាងប្រាប់ទៅឧបការីរងក្រសួងការបរទេសអាមរិកថាចំនួននេះជាចំនួនដ៏ច្រើន ដែលមិនមានប្រទេសណាក្នុងសកលលោកមានចំនួនច្រើនដូចកម្ពុជា ។គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងមហាផ្ទៃបានអះអាងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិ ដោយអំពាវនាវកុំឲ្យមានការព្រួយបារម្ភពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាព៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៥។