-
ឧបការីអាមេរិកបារម្ភពីការរឹតត្បិតសេរីភាពនៅកម្ពុជា តាមរយៈច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា
- ថ្ងៃចេញផ្សាយ ៣-មិថុនា-២០១៥
ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក Scott Busby នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីឲ្យសាធារណជនបានចូលរួមផ្តល់យោបល់។លោកScott Busbyបានកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយលោកបានជួបជាមួយតំណាងអង្គការសង្គមស៊ីវិល និងរដ្ឋមន្ត្រីក្រសួងការបរទសកម្ពុជា លោក ហោ ណាំហុង។ ដំណើរទស្សនកិច្ចរបស់លោក ធ្វើឡើងស្របពេលដែលសង្គមស៊ីវិលកំពុងតែរិះគន់លើសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយសង្គមស៊ីវិលបានទាមទារឲ្យរដ្ឋាភិបាលបញ្ចេញសេចក្តីព្រាងជាសាធារណៈ ដើម្បីខ្លួនអាចផ្តល់យោបល់។ ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Scott Busby មានប្រសាសន៍ថាលោកមកប្រទេសកម្ពុជានេះ ដើម្បីពិនិត្យមើលសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល(NGO) ព្រមទាំងសេចក្តីព្រាងច្បាប់ដទៃទៀតស្តីពីសហជីព និងបទល្មើសតាមប្រព័ន្ធអ៊ីនធើណែត ដែលកំពុងត្រូវបានពិចារណាដោយរដ្ឋាភិបាលកម្ពុជា។ លោកបន្តថាក្នុងអំឡុងទស្សនកិច្ចរបស់លោករយៈពេល២ថ្ងៃកន្លងទៅនេះ លោកបានជួបជាមួយតំណាងនៃសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីស្តាប់យោបល់របស់គេលើសេចក្តីព្រាងច្បាប់ទាំងនេះ និងដំណើរការនៅជុំវិញសេចក្តីព្រាងច្បាប់ទាំងនេះ។លោក Scott Busby ក៏បានជំរុញឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងនេះ មុននឹងបញ្ជូនទៅរដ្ឋសភា ដើម្បីអនុម័ត។ លោកក៏បារម្ភថាសេចក្តីព្រាងច្បាប់ទាំងនេះនឹងរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា«ខ្ញុំសុំឲ្យមានការធ្វើតាមដំណើរការដូចគ្នានេះចំពោះច្បាប់ដែលគេចង់ឲ្យមានឡើង ស្តីពីសហជីព និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណែត ដែលជាផ្នែកពីរទៀតដែលមានសារៈសំខាន់សម្រាប់ជោគជ័យយូរអង្វែងរបស់ប្រទេសកម្ពុជា»។កាលពីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសចក្តីបំភ្លឺមួយ ដោយលើកឡើងថានៅពាក់កណ្តាលឆ្នាំ២០១០ ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើតក្រុមការងារមួយ ដើម្បីបំពេញការងារតាក់តែងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា ដោយមានអ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានពីក្រុមប្រឹក្សាអឺរ៉ុប។ សេចក្តីបំភ្លឺបន្ថែមថាការតាក់តែងព្រាងច្បាប់នេះ ក៏មានការសហការពីប្រទេសមួយចំនួនក្នុងតំបន់ មានប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្ត្រាលី និងណូវែលហ្សេឡង់។បើតាមសេចក្តីបំភ្លឺ ដំណើរការព្រាងច្បាប់នេះ ទើបតែបានចងក្រងឡើងដោយប្រមូលនូវឯកសារពាក់ព័ន្ធនានា ដាក់បញ្ចូលគ្នា និងបានធ្វើការពិភាក្សាខ្លះៗក្នុងកម្រិតការងារបច្ចេកទេសតែប៉ុណ្ណោះ។ សេចក្តីបំភ្លឺបញ្ជាក់បន្ថែមថាក្រោយមកសេចក្តីព្រាងច្បប់នេះទុកមួយអន្លើសិន ដោយសាររាជរដ្ឋាភិបាលជាប់ដោះស្រាយការងារនានាដែលមានលក្ខណៈបន្ទាន់ និងអាទិភាពជាង។ក្រសួងប្រៃសណីយ៍បន្តថាច្បាប់នេះមានបំណងកំណត់វិធានការអប់រំ បង្ការទប់ស្កាត់ និងបង្ក្រាបការប្រព្រឹត្តបទល្មើសនានាតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីធានាការអនុវត្តច្បាប់ ប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាសុវត្ថិភាព និងការពារផលប្រយោជន៍ស្របច្បាប់ក្នុងការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ សេចក្តីបំភ្លឺបន្តថា«ឧក្រិដ្ឋកម្ម និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានច្រើនប្រភេទ ហើយពាក់ព័ន្ធនឹងសមត្ថកិច្ចជាច្រើន រាប់ពីការភ្ជាប់ដោយខុសច្បាប់ទៅកាន់ប្រព័ន្ធកំព្យូទ័រអ្នកដទៃ ការជ្រៀតជ្រែកទិន្នន័យ-ប្រព័ន្ធការផលិតចែកចាយរូបអាសអាភាសកុមារ ការឆបោក ការក្លែងបន្លំតាមរយៈកំព្យូទ័រ ក៏ដូចជាបទល្មើសផ្សេងទៀតដែលប៉ះពាល់ដល់ឯករាជ្យ អធិបតេយ្យ សន្តិសុខជាតិ»៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥។