• ពលរដ្ឋ​ប្រមាណ​៣០០​នាក់​នៅ​ខេត្ដ​សៀមរាប​បិទផ្លូវ​ជាតិ ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជម្លោះដីធ្លី​

    • ថ្ងៃចេញផ្សាយ ១២-មិថុនា-២០១៥

    ​អ្នកមាន​ជម្លោះដីធ្លី​ប្រមាណ​៣០០​នាក់ មកពី​ឃុំ​ចំនួន​ពីរ នៅ​ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប នាំគ្នា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៦៥ ត្រង់ចំណុច​សាលាស្រុក​នេះ មិន​ឲ្យ​ធ្វើ​ចរាចរណ៍ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ពួកគាត់ និង​ដក​គ្រឿងចក្រ​ចេញពី​ដី​ជម្លោះ ។​​ករណីនេះ​ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​ប្រមាណ​៣០០​នាក់ ជួបប្រជុំ​ដោះស្រាយ​ជម្លោះដីធ្លី នៅ​ចំណុច​ជប់​ព្រីង ឃុំ​ស្វាយ​លើ និង​ចំណុច​អូរ​ទី​៤​ឃុំ​កន្ទួត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​​ពលរដ្ឋ​មកពី​ភូមិ​រលំ​ទូក ឃុំ​ស្វាយ​លើ លោក ផា ឡាន ឲ្យ VOD ដឹងថា ដី​ពលរដ្ឋ​ជាង​២០០០​ហិកតា ប្រឈម​នឹង​ការបាត់បង់ ដោយសារ​អាជ្ញា​ធរមាន​គម្រោង​ឈូសឆាយ យក​ប្រគល់​ឲ្យ​ពលរដ្ឋ​មកពី​តំបន់​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ដោយ​មិនមាន​ដោះស្រាយ​នៅឡើយ ។លោក​បន្ដ កាលពី​ថ្ងៃទី​២២ ខែឧសភា អាជ្ញាធរ​ខេត្ដ​បាន​សន្យា ចុះ​ដោះស្រាយ និង​ឲ្យ​ផ្អាក​គ្រឿងចក្រ​បណ្ដោះអាសន្ន ប៉ុន្ដែ​មកដល់ពេលនេះ គ្រឿងចក្រ​នៅតែ​បន្ដធ្វើ​សកម្មភាព​ឈូសឆាយ​ដដែល ។​​ពលរដ្ឋ​មួយរូប​ទៀត មកពី​ឃុំ​កន្ទួត ដែលមាន​ជម្លោះដីធ្លី​ជាមួយ​យោធា យោធភូមិភាគ​ទី​៤ លោក ឃីម យូ ឲ្យ​ដឹងថា ក្រុម​យោធា​បាន​គំរាមកំហែង និង​ដុតបំផ្លាញ​ផ្ទះ ព្រមទាំង​ហាមឃាត់​ពួកគាត់​មិន​ឲ្យ​បង្កបង្កើនផល​ចិញ្ចឹមជីវិត ដោយ​មិនមាន​ដំណោះស្រាយ ទើប​បណ្ដាល​ឲ្យ​ពួកគេ​បិទផ្លូវ​ជាតិ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍ ។ លោក​បញ្ជាក់​បន្ដថា បច្ចុប្បន្ននេះ ផ្ទះ​ពលរដ្ឋ​ចំនួន​ពីរ​ខ្នង ត្រូវបាន​ទា​ហ៊ាន​ឡើង​ចូលទៅ​រស់នៅ ខណៈដែល​ពួកគាត់​ចេញទៅ​ប្រកបរ​បរដូច​សព្វដង ដោយ​ទាហាន​លើកឡើងថា​ជា​ដី​យោធា ។​​អភិបាលស្រុក​ស្វាយ​លើ លោក ស៊ិ​ក ប៊ុន​ស៊ិន មានប្រសាសន៍ថា លោក​បាន​សម្រួល​ឲ្យ​មានការ​បើកផ្លូវ​ឡើងវិញ ហើយនឹង​បញ្ឈប់​គ្រឿងចក្រ​បណ្ដោះអាសន្ន​តាម​ការទាមទារ របស់​ពលរដ្ឋ ។​​តំណាងរាស្ដ្រ​ខេត្ដ​សៀមរាប មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី កែ សុវណ្ណ​រតន៍ លោកស្រី​ធ្លាប់​អន្ដរាគមន៍​ឲ្យ​អាជ្ញាធរ​ខេត្ដ បែងចែក​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​តំបន់​នោះ ឲ្យ​បាន​ផលចំណេញ​ទាំង​ពលរដ្ឋ​មកពី​តំបន់​ផ្សេង និង​រស់នៅ​ផ្ទាល់ ចៀង​វាង​ជម្លោះដីធ្លី​ចេះតែ​អូសបន្លាយ និង​បង្ក​ឲ្យ​មាន​ជម្លោះ​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​ខ្លួនឯង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់ ។​អ្នកសម្របសម្រួល​អង្គ​ការការពារ​សិទ្ធិមនុស្ស​លីកាដូ ខេត្ដ​សៀមរាប លោក​យល់ឃើញថា សកម្មភាព​បិទផ្លូវ​រក​ដំណោះស្រាយ​របស់​ប្រជាពលរដ្ឋ​ន​នេះ បង្ហាញ​ឲ្យ​អាជ្ញាធរ​មិនមាន​ឆន្ទៈ ក្នុង​ដោះស្រាយ​ជម្លោះដីធ្លី តាម​ការ​ការសន្យា​រប​ស់​ខ្លួន ។ លោក​ថា ពលរដ្ឋ​បាន​រក​អន្ដរាគមន៍​ពី​អាជ្ញាធរ​ជាច្រើនលើក​មកហើយ ប៉ុន្ដែ​បាន​ត្រឹម​សន្យា​ប៉ុណ្ណោះ ។​​សូម​រំឭកថា កាលពី​ថ្ងៃទី​២២ ខែឧសភា អភិបាលរង​ខេត្ដ​សៀមរាប លោក គឹម ឆៃ​ហៀ​ង បានទទួល​យក​ញ​ត្ដិ អ្នកមាន​ជម្លោះដីធ្លី​ចំនួន​៧​ស្រុក ក្នុងនោះ​មានស្រុក​ស្វាយ​លើ​ផងដែរ ដោយ​សន្យា​ចុះ​ដោះស្រាយ​តាម​លទ្ធភាព រយៈពេល​១០​ថ្ងៃក្រោយ ។ ប៉ុន្ដែ​រហូតមក​ថ្ងៃនេះ មិនទាន់មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ឡើយ ទើប​ពួកគាត់​បិទផ្លូវ​រក​ដំណោះស្រាយ​បន្ដ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០១៥​។​