• ILO ចង់​ឲ្យ​មានការ​ចូលរួម​ពី​សហជីព និង​និយោជក​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​សហជីព​

    • ថ្ងៃចេញផ្សាយ ១២-មិថុនា-២០១៥

    ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លើកឡើងថា ខ្លួន​ចង់​ឲ្យ​ដំណើរការ​នៃ​ការតាក់តែង​ច្បាប់​ស្ដីពី​សហជីព​មានការ​ចូលរួម​ពី​៣​ភាគី គឺ​រដ្ឋាភិបាល សហជីព និង​និយោជក ។​ការលើកឡើង​នេះ​ធ្វើឡើង​ស្របពេល​ដែល​សហជីព​មួយចំនួន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការធ្វើ​សេចក្ដី ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ ដោយ​លើកឡើង​ច្បាប់​នេះ​កំពុង​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព ។​​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​ចេញផ្សាយ​កាលពី​ម្សិលមិញ ឲ្យ​ដឹងថា តាម​ការស្នើសុំ​ពី​រាជរដ្ឋាភិបាល អង្គការ ILO បាន​ជួយ​ដល់​ដំណើរការ​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ចាប់ពី​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០១១ ។ សេចក្ដីប្រកាស​បន្តថា ក្នុង​រយៈពេល​នោះ កិច្ចប្រជុំ​ជាច្រើន​ត្រូវបាន​រៀបចំឡើង ដោយមាន​ការចូលរួម​ពី​សំណាក់​ភាគី​ទាំងបី ។​​សេចក្តីប្រកាស​ព័ត៌មាន​បន្តទៀតថា នៅ​ដើមឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ធ្វើការ​ងារ​ជាថ្មី​ទៅលើ​សេចក្ដីព្រាងច្បាប់​ស្តីពី​សហជីព​នេះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ស្នើសុំ​ជំនួយ​ម្តងទៀត​ពី ILO ។ អង្គការ ILO បន្តថា ខ្លួន​បានធ្វើ​ការពិគ្រោះ​យោបល់​ជាច្រើន​ជាមួយ​រដ្ឋាភិបាល ហើយ​ILO ផ្តល់ជូន​យោបល់​ជា​លាយលក្ខណ៍អក្សរ​ជាច្រើន​ផងដែរ ។ ILO បញ្ជាក់ទៀតថា ក្នុង​រយៈពេល​នោះ កិច្ចប្រជុំ​ដែលមាន​ការចូលរួម​ពី​៣​ភាគី​ត្រូវ​បានរៀបចំ​បាន​ម្តង ។​​សេចក្ដីប្រកាស​បន្តថា «​គួរ​បញ្ជាក់ថា អង្គការ ILO សង្កត់ធ្ងន់​លើ​ការចូលរួម​ត្រីភាគី នៅក្នុង​ការវិវឌ្ឍ​នៃ​ច្បាប់​ការងារ​» ។​​អង្គការ ILO ក៏បាន​ប្រកាសថា ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បន្ត​ជួយ​គាំទ្រ​ដល់​ដំណើរ​ការធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ទៅតាម​ការស្នើសុំ​របស់​ភាគី​រដ្ឋាភិបាល សហជីព និង​និយោជក និង​បញ្ជាក់​ឡើងវិញ​ពី​ប្ដេជ្ញា​របស់ខ្លួន​ក្នុងការ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​ភាគី​ទាំង​៣ ដើម្បី​ឲ្យ​សម្រេចបាន​នូវ​លក្ខខណ្ឌ​ការងារ​សម​រម​ទាំងអស់គ្នា ។​​អង្គការ ILO បញ្ជាក់​ផងដែរ​ថា តួនាទី​របស់ ILO គឺ​ផ្តល់​ការប្រឹក្សា​ផ្នែក​បច្ចេកទេស និង​អនុសាសន៍​មួយចំនួន ទៅកាន់​ភាគី​ទាំងបី​ទៅលើ​ខ្លឹមសារ​នៃ​ច្បាប់​នេះ និង​ដើម្បី​ឲ្យ​ប្រក​ដ​ថា​ច្បាប់​នេះ នឹង​អនុវត្ត​ទៅតាម​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន ។ អង្គការ​បន្តថា ដើម្បី​ធានាថា​សេរីភាព​ក្នុងការ​ប្រមូលផ្ដុំ​ត្រូវបាន​ឆ្លុះបញ្ចាំង​ទាំង​ក្នុង​ច្បាប់ និង​ការអនុវត្ត ទាមទារ​ឲ្យ​មានការ​ប្រឹងប្រែង​ជា​បន្ត​បន្ទាប់ពី​គ្រប់ភាគី​ពាក់ព័ន្ធ ។​VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​នៅឡើយ​ទេ​ដោយ​ទូរ​សព្ទ​ចូល​តែ​ពុំមាន​អ្នកទទួល ។​​គួរ​បញ្ជាក់ថា កាលពីដើម​ខែមិថុនា​នេះ សហជីព​ចំនួន​៣១​បានស្នើ​ឲ្យ​ក្រសួង​ការងារ​ផ្អាក​ធ្វើ​សេចក្តីព្រាងច្បាប់​ស្ដីពី​សហជីព ដោយ​អះអាងថា​ច្បាប់​ថ្មី​នេះ​រឹតបន្តឹង​សេរីភាព​ពួគគេ និង​លើកឡើងថា សេចក្តីព្រាង​នេះ​ធ្វើឡើង​ដោយ​អាថ៌កំបាំង ពោលគឺ​មិន​ឲ្យ​សហជីព​យោបល់ ។ សហជីព​ទាំងនោះ​អះអាង​ទៀតថា ច្បាប់​ស្តីពី​ការងារ​បច្ចុប្បន្ននេះ​មាន​ជាង​៣០​មាត្រា បានធ្វើ​ឡើង​ដោយ​តម្លាភាព និង​ស្របតាម​បទដ្ឋាន​អន្តរជាតិ និង​ស្របតាម​អនុសញ្ញា​អង្គការ​អន្តរជាតិ ILO រួចហើយ ដើម្បី​ការពារ​សហជីព ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​១១ ខែ មិថុនា ឆ្នាំ​២០១៥​។​