-
ពលរដ្ឋប្ដឹងមេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមាថាប្រើហិង្សានិងគំរាមកំហែង
- ថ្ងៃចេញផ្សាយ ១៥-មិថុនា-២០១៥
ប្រជាពលរដ្ឋរស់នៅភូមិស្រែអំពិល ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្ដឹងមេបញ្ជាការកងរាជអាវុធហត្ថស្រុក ពីបទដឹកនាំកងកម្លាំងចាប់អ្នកភូមិដាក់ខ្នោះ និងវាយដំរាងកាយ ទាក់ទិនជម្លោះទាមទារដីស្រែ ៧១ហិកតារ។ចំណែកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបដិសេធថា មន្ត្រីកងរាជអាវុធហត្ថមិនបានប្រើអំពើហិង្សាដូចការចោទនោះទេ។មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៅថ្ងៃទី១៣ ខែមិថុនា អំពាវនាវសុំឲ្យមន្ត្រីអយ្យការតុលាការខេត្តមណ្ឌលគិរី ស៊ើបអង្កេតពាក្យប្ដឹងចោទប្រកាន់របស់ប្រជាពលរដ្ឋ ដើម្បីរកឲ្យឃើញថា តើមន្ត្រីកងរាជអាវុធហត្ថ ពិតជាបានប្រព្រឹត្តអំពើផ្ទុយនឹងវិន័យកងទ័ព រំលោភច្បាប់ និងសិទ្ធិមនុស្ស ឬយ៉ាងណា?មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិពីរនាក់ គឺលោក ដេន ណារ៉ា និងអ្នកស្រី កើត ទ្រើយ កាលពីថ្ងៃទី១២ ខែមិថុនា បានដាក់ពាក្យប្ដឹងសុំមកសមាគមលោក ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ដោយចោទប្រកាន់មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា គឺលោក សាក់ សារុន និងកងកម្លាំងពីរនាក់ ថាបានចាប់ប្រជាពលរដ្ឋបីនាក់ដាក់ខ្នោះ និងវាយដំរាងកាយ គំរាមកំហែងជេរប្រមាថទៅលើពលរដ្ឋពីរនាក់ផ្សេងទៀត ដែលបានថតរូបនៅក្នុងរោងចាំដីរបស់លោក៖ «ក្រោយជួបជនរងគ្រោះឃើញថា ពួកគាត់ដាច់ដោចខោអាវ ហើយមានស្លាកស្នាមជាំសបញ្ជាក់ឲ្យឃើញករណីនេះ ពិតជាមានប្រើអំពើហិង្សាថាពួកគាត់»។យោងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋដាក់ជូនសមាគមអាដហុក ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឈ្មោះ ឡឹក ហ៊ា ជាអ្នកមើលការខុសត្រូវដីរបស់ លោក សាក់ សារុន បានមកហៅប្រជាពលរដ្ឋ ១៨នាក់ កំពុងត្រួសត្រាយព្រៃធ្វើស្រែនៅចំណុចភូមិទ្រោមចាស់ ឲ្យទៅជួប លោក សាក់ សារុន នៅរោងចាំដីមួយកន្លែងចម្ងាយប្រមាណ ៣០០ម៉ែត្រពីកន្លែងអ្នកភូមិកាប់ឆ្ការ ដើម្បីដោះស្រាយរឿងដីស្រែ ៧១ហិកតារ ដែលអ្នកភូមិបម្រុងធ្វើស្រែ។ រហូតដល់ម៉ោងប្រមាណ ២រសៀល ទើបអ្នកភូមិ ៨នាក់ បានទៅដល់ស្នាក់ការកងរាជអាវុធហត្ថ ក៏ប៉ុន្តែមិនបានឃើញមន្ត្រីអាវុធហត្ថនៅទីនោះទេ។ គ្រានោះ អ្នកភូមិម្នាក់បានយកទូរស័ព្ទថតរូបពួកគេដែលនៅរង់ចាំក្នុងរោង ស្រាប់តែពីរនាទីបន្ទាប់មក លោក សាក់ សារុន និងកងរាជអាវុធហត្ថពីរនាក់មានអាវុធខ្លីមួយដើម វែងមួយដើម បានមកដល់ ហើយរករឿងថា ប្រជាពលរដ្ឋថតរូបក្នុងរោងនោះ ហើយចាប់អ្នកភូមិបីនាក់វាយតប់ជាច្រើនដៃ ទើបដាក់ខ្នោះ។ ចំណែកប្រជាពលរដ្ឋ ៥នាក់ទៀត បានរត់គេចចេញពីរោង និងផ្តល់ព័ត៌មានទៅមេឃុំ ដើម្បីជួយអន្តរាគមន៍បញ្ហានេះ។វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែមិថុនា មិនអាចទាក់ទង លោក សាក់ សារុន សុំអធិប្បាយការចោទប្រកាន់នេះបានទេ។ដោយឡែកមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោក សាក់ សារាំង ដែលត្រូវជាបងបង្កើត លោក សាក់ សារុន បដិសេធថា មន្ត្រីអាវុធហត្ថមិនបានប្រើអំពើហិង្សាអ្វីរំលោភសិទ្ធិប្រជាពលរដ្ឋនោះឡើយ៖ «អ្នកណាទៅវាយគេ គេធ្វើតាមផ្លូវច្បាប់តើ! បីនាក់ហ្នឹងគាត់មកដល់ផ្ទះគេ គាត់ថតផ្ទះ គេមកថតផ្ទះគេៗមិនចាប់»។ដើមបណ្ដឹងមួយរូប គឺលោក ដេត ណារ៉ា រៀបរាប់ថា លោក សាក់ សារុន ខឹងនឹងប្រជាពលរដ្ឋចូលទៅត្រួសត្រាយព្រៃធ្វើស្រែនៅលើដីតំបន់នោះ ដែលលោកប៉ុនប៉ងយក ក៏ប៉ុន្តែអ្នកភូមិមកធ្វើស្រែនៅទីនោះដោយសារមានលិខិតអនុញ្ញាតពីមេឃុំ ប្រគល់ដីតំបន់នោះសម្រាប់អ្នកភូមិធ្វើស្រែ។ លោកថា នេះជាមូលហេតុធ្វើឲ្យ លោក សាក់ សារុន ប្រើអំណាចកងប្រដាប់អាវុធ រំលោភសិទ្ធិប្រជាពលរដ្ឋ៖ «ក្រុមខ្ញុំម្នាក់គាត់ថតក្រុមខ្ញុំទេ ស្រាប់តែ សាក់ សារុន ជិះឡានមកជាមួយប៉េអិមពីរនាក់ ឡានពីរ ឈប់នៅមុខផ្ទះ ចុះពីលើឡានអត់និយាយរកគេមួយម៉ាត់ទេ ស្រាប់តែវាយយកៗ»។ទាក់ទិនករណីនេះដែរ មេឃុំស្រែខ្ទុំ លោក ព្យើក ប៉េ ទទួលស្គាល់ថា លោកបានទទួលទូរស័ព្ទពីអ្នកភូមិឲ្យជួយអន្តរាគមន៍ ខណៈអ្នកភូមិអះអាងថា មន្ត្រីអាវុធហត្ថចាប់វាយដំដាក់ខ្នោះអ្នកភូមិ។ ហេតុនេះ លោកបានអន្តរាគមន៍ទៅអាជ្ញាធរស្រុក និងខេត្ត ទើបក្រុមអាវុធហត្ថដោះលែងអ្នកភូមិវិញ៖ លោកកត់សម្គាល់ថា ដីតំបន់នោះជាអតីតដីប្រជាពលរដ្ឋជនជាតិដើមធ្វើចម្ការវិលជុំ ប៉ុន្តែ លោក សាក់ សារុន បានសង់រោងកាន់កាប់ដីនោះដោយមិនមានការអនុញ្ញាត៖ «ប្រជាជនទូរស័ព្ទមកខ្ញុំដែរ បានខ្ញុំអន្តរាគមន៍ទៅលោកអភិបាលស្រុក ស្រុកទូរស័ព្ទទៅប៉េអិម គេអត់លើកលោកអភិបាលស្រុកខឹងដែរ គាត់ទូរស័ព្ទឲ្យខ្ញុំទូរស័ព្ទទៅខេត្ត»។ទោះជាយ៉ាងនេះក្តី សេចក្តីរាយការណ៍របស់អ្នកភូមិឲ្យដឹងថា មន្ត្រីស្ថាប័នអយ្យការបានទទួលពាក្យប្ដឹងរបស់អ្នកភូមិហើយកាលពីថ្ងៃទី១២ ខែមិថុនា។ អ្នកភូមិទាមទារឲ្យផ្ដន្ទាទោសមន្ត្រីអាវុធហត្ថពីបទប្រើអំពើហិង្សាដោយចេតនា គំរាមកំហែង និងជេរប្រមាថ រួមទាំងទាមទារជំងឺចិត្តជាប្រាក់ ៥ពាន់ដុល្លារ៕ដកស្រង់ពីវិទ្យុអាស៊ីសេរីចេញផ្សាយថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៥។