• សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​សកម្មជន​ធនធានធម្មជាតិ គុជ វេ​ង នៅ​ថ្ងៃទី​២៦​ខែមិថុនា​

    • ថ្ងៃចេញផ្សាយ ១៧-មិថុនា-២០១៥

    សាលា ឧទ្ធរណ៍ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បានបញ្ចប់​ការសាកសួរ​ទៅលើ​សកម្មជន​ធនធានធម្មជាតិ​មកពី​ខេត្ត​ពោធិ៍សាត់ លោក គុជ វេ​ង ដោយ​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក​។​​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​កាត់ទោស​ឲ្យ​លោក គុជ វេ​ង ជាប់ពន្ធនាគារ​១​ឆ្នាំ និង​បង់ប្រាក់​សំណង​៤៥០០​ដុល្លារ​។ តុលាការ​បាន​ចោទ​លោក​ពីបទ​ឆបោក​ប្រាក់​ចំនួន​៤៥០០​ដុល្លារ ពី​ដើមបណ្តឹង​អ្នកស្រី អ៊ុំ ធា​រី ពាក់ព័ន្ធ​នឹង​ការសន្យា​ថា​នាំ​ប្តី​របស់​អ្នកស្រី​ឲ្យ​បាន​ចូល​ធ្វើជា នគរបាល​មាន​ស័ក្តិ​២​។ ប៉ុន្តែ​តុលាការ​បានសម្រេច​ឲ្យ​គុជ វេ​ង ជាប់ពន្ធនាគារ​តែ​៣​ខែ​កន្លះ​ប៉ុណ្ណោះ ហើយ​នៅសល់​ប៉ុន្មាន​ព្យួរទោស​។​​ទាក់ទង​នឹង​ការចោទប្រកាន់​នេះ លោក គុជ វេ​ង បាន​ប្រាប់​ចៅក្រម​នៅក្នុង​សវនាការ​ថា​លោក​មិនបាន​យកប្រាក់​ពី​ដើមបណ្តឹង នោះទេ​។ លោ​កថា​លោក​ជា​កសិករ​ក្រីក្រ ហើយ​បងប្អូន​លោក​ក៏​សុទ្ធតែជា​កសិករ និង​អ្នករត់ម៉ូតូឌុប ដែល​លោក​អះអាងថា​លោក​គ្មាន​លក្ខណៈសម្បត្តិ​នឹងធ្វើ​ឲ្យ​ដើមបណ្តឹង​ជឿថា លោក​មាន​សមត្ថភាព​ក្នុង​ការរក​កា​ងារ​ជា​មន្ត្រីរាជការ​ជូន​ដល់​ប្តី​របស់ ដើម្បណ្តឹង​នោះទេ​។​​ក្នុង​សវនាការ​សាលាឧទ្ធរណ៍ ចៅក្រម​ជំនុំជម្រះ​បាន​សាកសួរ​លោក គុជ វេ​ង ថា​តើ​បានទទួល​ប្រាក់​ពី​ដើមបណ្តឹង ឬ​យ៉ាងណា និង​សាក​សួរថា​តើ​ជនជាប់ចោទ​ធ្លាប់​ស្គាល់ ឬ​មាន​ជម្លោះ​ជាមួយ​ដើមបណ្តឹង​ឬ​យ៉ាងណា​។ លោក គុជ វេ​ង បាន​បដិសេធ និង​ថា​លោក​ស្គាល់​ដើមបណ្តឹង​នៅ​ឆ្នាំ​២០១០​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ដើមបណ្តឹង​ថា​អ្នកស្រី​បាន​ស្គាល់​លោក គុជ វេ​ង តាំងពី​កុមារភាព តែ​អ្នកស្រី​ប្រាប់​ចៅក្រម​ថា​អ្នកស្រី​មិន​ស្គាល់​បងប្អូន​ជនជាប់ចោទ នោះទេ​។​​លោក គុជ វេ​ង បានផ្តល់​បទសម្ភាសន៍​នៅក្រៅ​សវនាការ​ថា​ការចោទប្រកាន់​មកលើ​រូបលោក​ពី បទ​ឆបោក​នេះ មិន​ត្រឹមត្រូវ​ទេ លោ​កថា​ការចោទប្រកាន់​នេះ​គ្រាន់តែ​ជាការ​រារាំង​លោក​មិន​ឲ្យ​ធ្វើ សកម្មភាព​ការពារ​ធនធានធម្មជាតិ​តែប៉ុណ្ណោះ​។ លោក​ចាត់ទុក​ការចោទប្រកាន់​នេះ​មាន​អ្នកមានអំណាច​នៅ​ពីក្រោយ តែ​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​អ្នកមានអំណាច​នោះទេ​។ លោក​បញ្ជាក់ថា​បើសិនជា​តុលាការ​ឯករាជ្យ តុលាការ​នឹង​សម្រេច​ឲ្យ​រូបលោក​រួចផុត​ពី​ការចោទប្រកាន់​នៅ​ថ្ងៃ​ប្រ កាស​សាលដីកា ថ្ងៃទី​២៦ ខែមិថុនា​។​​ដើមបណ្តឹង​អ្នកស្រី អ៊ុំ ធា​រី មិន​និយាយ​អ្វី​ទេ ក្រោយ​ចេញពី​បន្ទប់​សវនាការ ដោយ​អ្នកស្រី​បញ្ជាក់ថា​សូម​រង់ចាំ​ការចេញ​សាលដីកា​ជាមុនសិន​។​​លោក ចាន់ សុជាតិ ដែលជា​មេធាវី​របស់​គុច វេ​ង មានប្រសាសន៍ថា​លោក គុជ វេ​ង បាន​អនុវត្ត​ទោស​៣​ខែ​កន្លះ​រួចមកហើយ នៅតែ​មិនទាន់​បង់ប្រាក់​សំណង​ជូន​ដើមបណ្តឹង​។ លោក​បញ្ជាក់ថា​ការ​ប្តឹងទៅ​សាលាឧទ្ធរណ៍​នេះ គឺ​ដើម្បី​លុបចោល​ការចោទប្រកាន់​នានា​មកលើ​រូបលោក និង​ដើម្បី​រួច​ពី​ការបង់​សំណង​៤៥០០​ដុល្លារ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ​២០១៥