• ពលរដ្ឋ​មានទំនាស់​ដីធ្លី​ចោទ​អាជ្ញាធរ​ខេត្តក្រចេះ​ថា​ប្រើ​អាវុធ​បាញ់​គំរាម​បណ្ដេញចេញ​

    • ថ្ងៃចេញផ្សាយ ២២-មិថុនា-២០១៥

    ពលរដ្ឋ​រស់នៅ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដាក់​ញត្តិ​ជា​លើក​ទី​ពីរ​ទៅ​ថ្នាក់ជាតិ និង​ស្ថានទូត​ប្រទេស​មហាអំណាច​នៅ​ថ្ងៃទី​២០ មិថុនា​។ ពលរដ្ឋ​អះអាងថា កម្លាំង​សមត្ថកិច្ច​បាន​ឈូសឆាយ​ផលដំណាំ​កសិកម្ម​ពលរដ្ឋ​ជាច្រើន​ហិកតារ និង​ប្រើ​អាវុធ​បាញ់រះ​គំរាម​ពលរដ្ឋ​កាលពី​ថ្ងៃទី​១៩ មិថុនា​។ ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់ទុក​ទង្វើ​របស់​ស​ម​ត្ថ​កិច្ច​ថា​រំលោភសិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ​។​​ពលរដ្ឋ​ជាង ៥០​នាក់​ក្នុងចំណោម​ពលរដ្ឋ ៦៥​គ្រួសារ មានទំនាស់​ដីធ្លី​នៅ​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២០ មិថុនា ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​កំពូល​ថ្នាក់ជាតិ ជួយ​អន្តរាគមន៍​ទាក់ទិន​អាជ្ញាធរ​ខេត្តក្រចេះ ឈូសឆាយ​ផលដំណាំ​កសិកម្ម​ពួកគាត់​តាំងពី​ថ្ងៃទី​២៥ ខែឧសភា រហូត​បច្ចុប្បន្ន ព្រមទាំង​ប្រើ​កម្លាំងប្រដាប់អាវុធ​បាញ់​គំរាម​ពលរដ្ឋ នៅពេលដែល​អាជ្ញាធរ​ចុះ​វាស់វែង​ដី​សម្រាប់​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដ​ល់​ពលរដ្ឋ​ផ្សេងទៀត​។​​ក្រុម​ពលរដ្ឋ ៦៥​គ្រួសារ​រស់នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង អះអាងថា ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ បាន​ចុះ​វាស់វែង​ដីធ្លី​ដើម្បី​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ​ផ្សេងទៀត ដែលជា​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​។​​តំណាង​ពលរដ្ឋ អ្នកស្រី សុវណ្ណ ច្រឹប រៀបរាប់​នៅ​ថ្ងៃទី​២០ មិថុនា ថា គ្រួសារ​អ្នកស្រី​មាន​ដីធ្លី​អាស្រ័យ​ផល​ចំនួន ៣​ហិកតារ មាន​ដំណាំ​ដូចជា​ដំឡូង និង​ស្វាយចន្ទី ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​យក​គ្រឿងចក្រ​ឈូសឆាយ​អស់​ជិត ១​ហិកតារ ថែមទាំង​គំរាម​ចាប់​ពលរដ្ឋ​ដាក់គុក បើ​ពលរដ្ឋ​ណា​នៅតែ​រឹងទទឹង​មិន​ព្រម​ចាកចេញ​។ ជាងនេះទៅទៀត សមត្ថកិច្ច​ទាំងនោះ​ចោទ​ក្រុម​ពលរដ្ឋ​ថា រស់នៅ​លើដី​រដ្ឋ​ខុសច្បាប់​។ អ្នកស្រី​អំពាវនាវ​ឲ្យ​ស្ថាប័ន​ថ្នាក់ជាតិ ជួយ​អន្តរាគមន៍ និង​ទប់ស្កាត់​ជាបន្ទាន់​៖ «​បើ​យើង​មិន​ទប់ស្កាត់​ទេ វា​ត្រូវ​អា​លាយ​ទាំងអស់ គ្នា​ចងការ​គេ​ដូចជា​ខ្ញុំ​អី​យកលុយ​មក​ទិញ​ពូជ​ដាំដំឡូង​។ សូមជួយ​ដោះស្រាយ​ឲ្យ​ពួកយើងខ្ញុំ​ទាំងអស់គ្នា​ផង យើងខ្ញុំ​ទាំងអស់គ្នា​លំបាក​ណាស់ គ្មាន​ស្អី​ទេ​ជា​សំអាង មានតែ​ចម្ការ​ស្រែ​ប៉ុណ្ណឹង​»​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បញ្ហា​នេះ​ពី​អភិបាល​ខេត្តក្រចេះ លោក ស ចំរុង បានទេ​នៅ​ថ្ងៃទី​២០ មិថុនា ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​មិនបាន​ឈូស​ដី​ពលរដ្ឋ​ណា​រស់នៅ​លើដី​ស្របច្បាប់​នោះទេ​។ លោក​ចោទប្រកាន់ថា ក្រុម​ពលរដ្ឋ​ទាំងនោះ​ចូលមក​រស់នៅ​ដោយ​អនាធិបតេយ្យ​លើដី​រដ្ឋ ដោយមាន​អ្នក​ញុះញង់​។​​អនុក្រឹត្យ​លេខ​៥៤ របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១២ សម្រេច​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៣.៦៧១​ហិកតារ ឲ្យ​ទៅ​ក្រុម​ពលរដ្ឋ ៩៩៨​គ្រួសារ នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​។ ក្រុម​ពលរដ្ឋ ៦៥​គ្រួសារ​អះអាងថា ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ ត្រូវបាន​ក្រុមហ៊ុន​កា​សូ​ទី​ត របស់​រុស្ស៊ី បណ្ដេញចេញ​កាលពី​ឆ្នាំ​២០០៧​។ បន្ទាប់មក ក្រុម​ពលរដ្ឋ​ទាំង​នោះបាន​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ទៅ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​បានសម្រេច​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​កំពង់​ដំរី ជូន​ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ លើ​ផ្ទៃដី​ទំហំ ៣.៦៧១​ហិកតារ ចំ​ដី​ពលរដ្ឋ​ចំនួន ៦៥​គ្រួសារ​។​​មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) ប្រចាំខេត្ត​ក្រចេះ លោក ហេង ភារៈ រិះគន់​យន្តការ​របស់​អាជ្ញាធរ​ខេត្ត​នេះ ថា​មិនបាន​សិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​ជាក់លាក់ មុនពេល​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដែល​ប៉ះពាល់​ដល់​ការរស់នៅ និង​ការប្រកប​របរ​អាស្រ័យ​ផល​។ លោក​ថា ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដ​ល់​ពលរដ្ឋ​ផ្សេង និង​មាន​ពលរដ្ឋ​ផ្សេងទៀត​ត្រូវ​បណ្ដេញចេញ និង​ត្រូវ​ឈូសឆាយ​ផលដំណាំ មិនមែនជា​យន្តការ​ត្រឹមត្រូវ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នោះទេ ថែមទាំង​ជាការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ផ្អាក​ការ​ឈូសឆាយ​ផលដំណាំ​ពលរដ្ឋ ស្រប​ពេលដែល​រដ្ឋសភា​កំពុង​ស៊ើបអង្កេត​៖ «​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពលរដ្ឋ​មួយក្រុម ទៅ​បណ្ដេញ​ពលរដ្ឋ​មួយក្រុម​អ៊ីចឹង​ទេ វា​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយក្រុម​រងគ្រោះ ហើយ​វា​ជា​ករណី​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ព្រោះថា ប្រជាពលរដ្ឋ​ត្រូវបាន​គេ​បំផ្លាញ​ដំណាំ ត្រូវបាន​គេ​ធ្វើ​ឲ្យ​យំ​ស្រែក​»​។​​ទាក់ទិន​ករណីនេះ ប្រធានស្តីទី​គណៈកម្មកា​រ​ទី​១ នៃ​រដ្ឋសភា លោក សុខ ឥសាន ឲ្យ​ដឹង​នៅ​ថ្ងៃទី​២០ មិថុនា ថា កន្លងទៅ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា បាន​ចុះទៅ​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ និង​ទាក់ទង​ទៅ​អាជ្ញាធរខេត្ត តែ​មិនទាន់មាន​ការឆ្លើយតប​ពី​អាជ្ញាធរខេត្ត​នៅឡើយ​ទេ​។ លោក​ថា គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា គ្រោង​កោះអញ្ជើញ​អភិបាលខេត្ត​ជា​លើក​ទី​ពីរ ដើម្បី​ឆ្លើយបំភ្លឺ​ទាក់ទិន​ទំនាស់​ដីធ្លី​ពលរដ្ឋ ៦៥​គ្រួសារ​៖ «​ទៅ​ខេត្តក្រចេះ ហើយ​បាន​ត្រួតពិនិត្យ​លើ​បញ្ហា​ហ្នឹង ហើយ​កំពុងតែ​ទាក់ទង​ទៅនឹង​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​»​។​​ពលរដ្ឋ​ឲ្យ​ដឹងថា ពលរដ្ឋ​ចំនួន ៦៥​គ្រួសារ មាន​ដីធ្លី​នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ចំនួន ១៤៥​ហិកតារ ដែល​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០០៤​។ ចំណែក​ផលដំណាំ​កសិកម្ម ត្រូវ​អាជ្ញាធរ​ឈូសឆាយ​មាន​ចំនួន​ជាង ២០​ហិកតារ​។ ការ​ឈូសឆាយ​ផលដំណាំ​នោះ ចាប់ផ្ដើម​កាលពី​ចុងខែ​ឧសភា រហូតមកដល់​បច្ចុប្បន្ន នៅតែ​បន្ត​ការ​ឈូសឆាយ​បន្តទៀត ហើយ​ក្រុម​ពលរដ្ឋ​ច្រើន​ចេញមក​រារាំង​រហូតដល់​យក​អាវុធ​បាញ់​គំរាម​ចំនួន ៨​គ្រាប់ កាលពី​ថ្ងៃទី​១៩ មិថុនា ថែមទាំង​ព្រមាន​ចាប់​ពលរដ្ឋ បើ​ពលរដ្ឋ​មករា​រាំង​ប្រតិបត្តិការ​សមត្ថកិច្ច​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ​២០១៥​។​