-
អង្គការជប៉ុននឹងប្រាប់នាយករដ្ឋមន្ត្រីជប៉ុនពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់អង្គការនៅកម្ពុជា
- ថ្ងៃចេញផ្សាយ ២២-មិថុនា-២០១៥
មន្ត្រីអង្គការអន្តរជាតិជប៉ុនដែលធ្វើការលើការការពារ និងលើកតម្កើងសិទ្ធិមនុស្សនៅលើពិភពលោក(Human Rights Now) បានឲ្យដឹងថាខ្លួននឹងបញ្ជូនសេចក្តីថ្លែងការណ៍អំពីការបារម្ភលើសេចក្តីព្រាងច្បាប់អង្គការនៅកម្ពុជាទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនសេចក្តីព្រាងច្បាប់អង្គការដែលត្រូវបានរិះគន់ពីសំណាក់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។នៅថ្ងៃនេះអង្គការHuman Rights Now ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍មួយដោយបារម្ភពីសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា។ អង្គការបានស្នើឲ្យរដ្ឋាភិបាលជប៉ុន និងសហគមន៍អន្តរជាតិ ជំរុញទៅរដ្ឋាភិបាលកម្ពុជាក្នុងការពិនិត្យមើលសេចក្តីព្រាង ច្បាប់នេះឡើងវិញ ដោយចាត់ទុកថាសេចក្តីព្រាងច្បាប់នេះមិនស្របតាម ស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។សេចក្តីថ្លែងការណ៍របស់Human Rights Now ឲ្យដឹងថាអង្គការបានពិនិត្យលើសេចក្តីព្រាងច្បាប់ ហើយ វិភាគឃើញថាច្បាប់នេះនឹងដាក់ទណ្ឌកម្មហួសហេតុទៅលើអង្គការសង្គមស៊ីវិល ដែលធ្វើការនៅប្រទេសកម្ពុជា។ អង្គការបន្តថាច្បាប់នេះនឹងផ្តល់អំណាចលើសលុបទៅរដ្ឋាភិបាលកម្ពុជា ក្នុងការត្រួតពិនិត្យសកម្មភាពរបស់សង្គមស៊ីវិល និងរឹតត្បិតសេរីភាព។ សេចក្តីថ្លែងការណ៍បញ្ជាក់ថាច្បាប់នេះមិនស្របទៅនឹង រដ្ឋធម្មនុញ្ញកម្ពុជា និងក្រមព្រហ្មទណ្ឌឆ្នាំ២០១១។បើតាមសេចក្តីថ្លែងការណ៍ អង្គការHuman Rights Now បានបញ្ជាក់ថា«យើងជាសង្គមស៊ីវិលជប៉ុន ព្រួយបារម្ភលើសេចក្តីព្រាងច្បាប់នេះ ព្រោះវារំលោភលើកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធានា សេរីភាពនៃការជួបជុំ បញ្ចេញមតិ និងការប្រមូលផ្តុំ និងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិសម្រាប់សិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល ដែលកម្ពុជាជាប្រទេសហត្ថលេខី»។អង្គការHuman Rights Now បានស្នើទៅរដ្ឋាភិបាលជប៉ុន និងសហគមន៍អន្តរជាតិ អន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់នេះ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា«[តាមរយៈរដ្ឋាភិបាល ជប៉ុន និងសហគមន៍អន្តរជាតិ] អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញជាចាំបាច់លើ សេចក្តីព្រាងច្បាប់អង្គការ ឲ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ»និងបើកឲ្យមានការពិភាក្សា ជាមួយសង្គមស៊ីវិលជាតិ និងសហគមន៍អន្តរជាតិ»។អគ្គលេខាធិការអង្គការHuman Rights Nowលោកស្រី Kazuko Ito ប្រាប់VODតាមរយៈអ៊ីម៉េលនៅថ្ងៃសៅរ៍នេះថាលោកស្រីបានបញ្ជូនសេចក្តីថ្លែងការណ៍នេះទៅកាន់ក្រសួងការបរទេសជប៉ុនរួចរាល់ហើយ។ លោកស្រីបញ្ជាក់បន្ថែមថា«យើងនឹងបញ្ជូន[សេចក្តីថ្លែងការណ៍នេះ]ជាផ្លូវការទៅកាន់នាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃចន្ទ»។លោកស្រីមានប្រសាសន៍ថាប្រសិនបើរដ្ឋាភិបាលកម្ពុជាបន្តអនុម័តសេចក្តីព្រាងច្បាប់អង្គការនេះ សហគមន៍អន្តរជាតិនឹងកាន់តែមានចម្ងល់ខ្លាំងទៅលើការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ហើយបញ្ជាក់ទៀតថារដ្ឋាភិបាលនឹងបង្កើតច្បាប់ អង្គការនេះឲ្យបាន។ លោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា«ហើយការពិគ្រោះ យោបល់មិនមែនរឿងថ្មីថ្មោងទេ ពិគ្រោះយោបល់ហ្នឹងវាច្រើនពេកហើយ។ ឥឡូវធាតុចូលថ្មីៗបន្ថែមទៀត ក៏ត្រូវបានយកចិត្តទុកដាក់។ ប្រទេសដទៃមានច្បាប់ ប្រទេសខ្មែរហេតុអ្វីគេជំទាស់នឹងច្បាប់។ ប៉ុន្តែឥឡូវ សំឡេងហាក់ដូចជាមិនជំទាស់នឹងមិនឲ្យចេញច្បាប់ទេ ប៉ុន្តែសុំពិគ្រោះយោបល់។ ហើយយោបល់នេះយើងបានយកចិត្តទុកដាក់ពេញទំហឹង អ្វីដែលយើងអាចទទួលបាន អ្វីដែលយើងមិនអាចទទួលបាន»។ លោកអះអាងថាច្បាប់នេះនឹងការពារ និងបើកទូលាយឲ្យអង្គការ សមាគម ទាំងនេះធ្វើសកម្មភាពដោយទូលាយទៅតាមផ្លូវច្បាប់ និងមានច្បាប់គ្រប់គ្រង។អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថារដ្ឋសភាបានទទួលសេចក្តីព្រាងច្បាប់នេះហើយ។ លោកបញ្ជាក់ថាបើសិនជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាប្រគល់ សេចក្តីព្រាងច្បាប់នេះមកកាន់គណៈកម្មការទី៥របស់លោក នោះលោកនឹងបើកឲ្យមានកិច្ចពិភាក្សាឲ្យបានទូលំទូលាយភ្លាម បន្ទាប់ពីពិភាក្សាផ្ទៃក្នុងគណៈកម្មការរួចរាល់។សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលរដ្ឋាភិបាលបានដាក់ទៅរដ្ឋសភា មាន៩ជំពូក និងមាន៣៩មាត្រា។ មាត្រា២៤នៃសេចក្តីព្រាងច្បាប់នេះបានចែងថា« អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅ ព្រះរាជាណាចក្រកម្ពុជា»។ មាត្រា១០នៃសេចក្តីព្រាងច្បាប់នេះចែងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវ បើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុង ព្រះរាជាណាចក្រកម្ពុជា។ មាត្រា២៥ចែងថាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ញើបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មាត្រា២៥ បន្តថាក្នុងករណីចំបាច់ ក្រសួងមហាផ្ទៃ អាចស្នើសុំរបាយការណ៍ស្តីពីសកម្មភាព និងនយោបាយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សមាគម។ករណីដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនអនុវត្តតាមមាត្រា១០ មាត្រា២៤ និងមាត្រា២៥ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដោយទុករយៈពេលយ៉ាង យូរ៣០ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ។ ករណីមិនអនុវត្តតាម ក្រសួងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាពបណ្តោះអាសន្ន រយៈពេលយ៉ាងយូរ៩០ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុវត្ត ក្រសួងមហាផ្ទៃត្រូវសម្រេចជាលាយលក្ខណ៍អក្សរលុបឈ្មោះចេញពីបញ្ជី។ប្រធានគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន យល់ថាបើគណបក្សនយោបាយណាមួយនៅតែរឹងទទឹងបន្តអនុម័តសេចក្តីព្រាងច្បាប់នេះ នោះគណបក្សនយោបាយទាំងនោះនឹងបាត់បង់ប្រជាប្រិយភាព ព្រោះប្រជាពលរដ្ឋអស់ជំនឿ។ លោកមានប្រសាសន៍ថា«ធម្មតាទេនៅពេលដែលមាន ផលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋដែលធ្លាប់បាននូវសេវាកម្ម សុខាភិបាល អប់រំអីពីសង្គមស៊ីវិល ជំនួយមនុស្សធម៌ ឬក៏សេវាកម្មផ្សេងៗពីសង្គមស៊ីវិល ហើយត្រូវបានក្រោយមានច្បាប់នេះចេញអាចមានការរឹតត្បិតមិនឲ្យមានការចូលរួមពេញលេញពីសង្គមស៊ីវិល ហើយពួកគាត់ខតបង់ អាហ្នឹងខ្ញុំគិតថាជាAutomatically(ជាស្វ័យប្រវត្តិ) គឺច្បាប់នេះនឹងអាចបង្កភាពក្ដៅក្រហាយដល់ប្រជាពលរដ្ឋជាជាងដែលជំរុញប្រជាពលរដ្ឋគាត់ចូលរួមក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវមួយសម្រាប់អនាគតនៃការបោះឆ្នោតហ្នឹង»៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៥។