-
គណបក្សសង្គ្រោះជាតិអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្តីព្រាងច្បាប់អង្គការ
- ថ្ងៃចេញផ្សាយ ២៣-មិថុនា-២០១៥
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមែនរដ្ឋាភិបាល ដោយចាត់ទុកថាសេចក្តីព្រាងនេះរឹតបន្តឹងសិទ្ធិសេរីភាពរបស់សង្គមស៊ីវិល។ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅរសៀលថ្ងៃចន្ទនេះ បានជួបជាមួយតំណាងអង្គការសង្គមស៊ីវិលជាង១០ នៅវិមានរដ្ឋសភា។អ្នកនាំពាក្យកណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់VODថាគណបក្សសង្គ្រោះជាតិចាត់ទុកថាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ នៅមិនទាន់ចាំបាច់នៅឡើយសម្រាប់កម្ពុជា។ លោកបន្តថាគណបក្សសង្គ្រោះជាតិចង់ឲ្យរដ្ឋាភិបាលទម្លាក់ច្បាប់នេះមួយរយៈសិន ដោយចាំលើកយកមកពិភាក្សានៅក្រោយឆ្នាំ២០១៨។លោក យឹម សុវណ្ណ បន្តថាគណបក្សសង្គ្រោះជាតិមិនគាំទ្រសេចក្តីព្រាងច្បាប់នេះនោះទេ បើសិនជាខ្លឹមសារមួយចំនួននៃច្បាប់នេះមិនមានការកែប្រែឲ្យសមស្របទៅតាមឆន្ទៈរបស់សង្គមស៊ីវិល។ លោកឲ្យដឹងទៀតថាបើសិនជាចាំបាច់ត្រូវតែមានច្បាប់នេះមាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងជំរុញឲ្យមានការបើកឲ្យទូលាយ ដើម្បីពិភាក្សាជាមួយសង្គមស៊ីវិល។លោកបន្ថែមថា«ក៏ចង់ឲ្យមានការកែប្រែឲ្យស្របទៅតាមឆ្ទៈរបស់ប្រជាពលរដ្ឋ ខាងយើងត្រូវដាក់សេចក្តីព្រាងច្បាប់ហ្នឹងឲ្យពិភាក្សាឲ្យបានទូលំទូលាយក្នុងចំណោមសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា ហើយមិនមែនដាក់ឲ្យពិភាក្សាទេ គឺត្រូវយកមតិយោបល់របស់គេមកដាក់ក្នុងសេចក្តីព្រាងច្បាប់ហ្នឹង ដើម្បីស្របតាមឆន្ទៈរបស់ពួកគេ ព្រោះយើងចង់ជួយសង្គមស៊ីវិល ប្រសើរជាជាងធ្វើច្បាប់ ដើម្បីរឹតបន្តឹងសិទិ្ធសេរីភាពរបស់សង្គមស៊ីវិល»។ លោក យឹម សុវណ្ណ ថាគណបក្សសង្គ្រោះជាតិយល់ឃើញថាច្បាប់នេះនឹងធ្វើឲ្យកម្ពុជាមានការខាតបង់ច្រើន ដោយលោកថាសមាគមតូចៗនៅតាមមូលដ្ឋានជាច្រើនដែលធ្វើប្រតិបត្តិការ ដោយមិនទាន់ចុះបញ្ជីនោះនឹងមិនអាចធ្វើប្រតិបត្តិការរបស់ខ្លួនទៀតបាន។ លោកថាកម្ពុជាទទួលជំនួយប្រមាណជា៧០០ទៅ៨០០លានដុល្លារក្នុងមួយឆ្នាំៗតាមរយៈអង្គការ សមាគម ទាំងនេះ ដើម្បីជួយបម្រើដល់សេវាសាធារណៈនៅកម្ពុជា។នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន ដែលបានចូលរួមពិភាក្សាជាមួយលោក សម រង្ស៊ី ឲ្យដឹងថាតំណាងអង្គការទាំងជាង១០នោះបានលើកពីកង្វល់របស់ពួកគេទាក់ទងនឹងខ្លឹមសាររបស់សេចក្តីព្រាងច្បាប់នេះ។ លោកថាតំណាងអង្គការទាំងនេះក៏បានលើកពីក្តីបារម្ភរបស់ពួកគេទៅលើខ្លឹមសារក្នុងច្បាប់នេះ ដោយយល់ថាបានផ្តល់សិទ្ធិអំណាចច្រើនពេកទៅដល់រដ្ឋាភិបាលក្នុងការលុបឈ្មោះអង្គការសមាគមចេញពីបញ្ជី។លោកសឿង សារឿន ឲ្យដឹងថា បើសិនជាច្បាប់នេះចាំបាច់ត្រូវតែមានសម្រាប់កម្ពុជា លោកថាគួរតែបើកឲ្យបានទូលាយក្នុងការពិភាក្សា។ លោកបន្ថែមថា«បើសិនជាចង់ឲ្យមានច្បាប់នេះពិតប្រាកដមែន ត្រូវមានការបើកឲ្យមានការពិគ្រោះយោបល់ឲ្យបានទូលំទូលាយពីសាធារណជនជនបានចូលរួមជាមតិយោបល់របស់គាត់ និងដើម្បីធានាធាថាច្បាប់នេះ នឹងលើកកម្ពស់សិទ្ធិសេរីភាពរបស់អង្គារសង្គមស៊ីវិលជាជាងការរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេក្នុងការជួយសង្គម»។មន្ត្រីសម្របសម្រួលផ្នែកតស៊ូមតិរបស់អង្គការសមាគមផ្ទះសាមគ្គី លោក អ៊ុំ វិសាល ប្រាប់VODថាសង្គមស៊ីវិលមួយចំនួននឹងជួបជុំគ្នានៅមុខរដ្ឋសភា ព្រឹកថ្ងៃអង្គារស្អែកនេះ ដើម្បីតវ៉ាសុំកុំឲ្យរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់នេះ។អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភា លោក ឈាង វុន ធ្លាប់ប្រាប់VODថាបើសិនជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់នេះមកកាន់គណៈកម្មការទី៥របស់លោក នោះលោកនឹងបើកឲ្យមានកិច្ចពិភាក្សាឲ្យបានទូលំទូលាយភ្លាម បន្ទាប់ពីពិភាក្សាផ្ទៃក្នុងគណៈកម្មការរួចរាល់។កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ហើយបញ្ជាក់ទៀតថារដ្ឋាភិបាលនឹងបង្កើតច្បាប់អង្គការនេះឲ្យបាន។ លោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា«ហើយការពិគ្រោះ យោបល់មិនមែនរឿងថ្មីថ្មោងទេ ពិគ្រោះយោបល់ហ្នឹងវាច្រើនពេកហើយ។ ឥឡូវធាតុចូលថ្មីៗបន្ថែមទៀត ក៏ត្រូវបានយកចិត្តទុកដាក់។ ប្រទេសដទៃមានច្បាប់ ប្រទេសខ្មែរហេតុអ្វីគេជំទាស់នឹងច្បាប់។ ប៉ុន្តែឥឡូវ សំឡេងហាក់ដូចជាមិនជំទាស់នឹងមិនឲ្យចេញច្បាប់ទេ ប៉ុន្តែសុំពិគ្រោះយោបល់។ ហើយយោបល់នេះយើងបានយកចិត្តទុកដាក់ពេញទំហឹង អ្វីដែលយើងអាចទទួលបាន អ្វីដែលយើងមិនអាចទទួលបាន»។ លោកអះអាងថាច្បាប់នេះនឹងការពារ និងបើកទូលាយឲ្យអង្គការ សមាគម ទាំងនេះធ្វើសកម្មភាពដោយទូលាយទៅតាមផ្លូវច្បាប់ និងមានច្បាប់គ្រប់គ្រង។សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលរដ្ឋាភិបាលបានដាក់ទៅរដ្ឋសភា មាន៩ជំពូក និងមាន៣៩មាត្រា។ មាត្រា២៤នៃសេចក្តីព្រាងច្បាប់នេះបានចែងថា« អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅ ព្រះរាជាណាចក្រកម្ពុជា»។ មាត្រា១០នៃសេចក្តីព្រាងច្បាប់នេះចែងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវ បើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុង ព្រះរាជាណាចក្រកម្ពុជា។ មាត្រា២៥ចែងថាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ញើបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។មាត្រា២៥ បន្តថាក្នុងករណីចំបាច់ ក្រសួងមហាផ្ទៃ អាចស្នើសុំរបាយការណ៍ស្តីពីសកម្មភាព និងនយោបាយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សមាគម។ករណីដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនអនុវត្តតាមមាត្រា១០ មាត្រា២៤ និងមាត្រា២៥ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដោយទុករយៈពេលយ៉ាង យូរ៣០ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ។ ករណីមិនអនុវត្តតាម ក្រសួងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាពបណ្តោះអាសន្ន រយៈពេលយ៉ាងយូរ៩០ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុវត្ត ក្រសួងមហាផ្ទៃត្រូវសម្រេចជាលាយលក្ខណ៍អក្សរលុបឈ្មោះចេញពីបញ្ជី៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៥។