• លោក ឈាង វុន អះអាងថា នឹង​បើក​ឲ្យ​មាន​កិច្ចពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​អង្គការ​

    • ថ្ងៃចេញផ្សាយ ២៤-មិថុនា-២០១៥

    ​ប្រធាន​គណៈកម្មការ​ទី​៥​រដ្ឋសភា លោក ឈាង វុន អះអាងថា លោក​នឹង​បើក​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ិ​វិល និង​អង្គទូត​នានា ទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បន្ទាប់ពី​គណៈកម្មការ​ទី​៥​របស់លោក​ទទួលបាន​ភារកិច្ច​ធ្វើការ​ត្រួតពិនិត្យ​លើ​សេចក្ដីព្រាងច្បាប់​នេះ ។​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រជុំ​សម្រេច​ប្រគល់​ភារកិច្ច​ក្នុងការ​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទៅ​ឲ្យ​គណៈកម្មការ​ទី​៥ (​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​) ជា​អ្នកពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​នេះ ដោយ​សហ​ការណ៍​ជាមួយ​គណៈកម្មការ​ទី​៤ (​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​កិច្ចការ​សាធារណៈ​) និង​គណៈកម្មការ​ទី​៦ (​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​) ។​​លោក ឈាង វុន ប្រាប់​VOD នៅ​រសៀល​នេះ​ថា គណៈកម្មការ​របស់លោក នឹងធ្វើ​ការសិក្សា​ពី​សេចក្តីព្រាងច្បាប់​នេះ នៅក្នុង​ផ្ទៃក្នុង​គណៈកម្មការ​រប​ស់លោក រួច​នឹងធ្វើ​ការពិភាក្សា​ជា​សហ​គណៈកម្មការ​ជាមួយ​គណៈកម្មការ​ទី​៤ និង​ទី​៦ ។ លោក​ថា ក្នុងដំណាក់កាល​សិក្សា​នេះ គណៈកម្មការ​របស់លោក យល់ថា សេចក្តីព្រាងច្បាប់​នេះ​ក៏​នឹងត្រូវ​បើក​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ពី​អង្គការក្រៅរដ្ឋាភិបាល អង្គទូត​នានា និង​ព្រឹទ្ធសភា​ផងដែរ ដើម្បី​ប្រមូល​មតិយោបល់​សម្រាប់​សេចក្តីព្រាងច្បាប់​នេះ ។​​លោក ឈាង វុន បន្តទៀតថា ក្រោយពី​ប្រមូល​មតិយោបល់​បាន​ហើយ គណៈកម្មការ​របស់លោក​នឹង​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ នៅមុខ​គណៈកម្មការ​ទាំ​ង​១០​នៅ​រដ្ឋសភា​។ ​លោក ឈាង វុន បញ្ជាក់ថា «​តាម​ខ្ញុំ​យល់ថា សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ នឹងត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនូ​ន ក្នុងនោះ​រួមទាំង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ដែល​ត្រូវ​ឲ្យ​គាត់​ដឹង រួម​ជា​គំនិត​យោបល់ រួមទាំង​អង្គទូត​នានា​ផង រួច​យើង​យក​ព័ត៌មាន​ទាំងអស់​ហ្នឹង​ទៅ​ចរចា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​» ។​​ស្រដៀង​គ្នា​ដែរ ប្រធាន​គណៈកម្មការ​ទី​៤ លោក ហ៊ុន ណេង អះអាងថា សមាជិក​គណៈកម្មការ​ទាំង​៣ នឹងធ្វើ​ការសិក្សា និង​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា ដើម្បី​ប្រមូល​មតិ​ពី​សិក្ខាសាលា​ផងដែរ ។​​លោក​បន្ថែម «​គេ​នឹងសិក្សា​នៅតាម​គណៈកម្មការ​មួយៗ នៅ​វែងឆ្ងាយ​ទៀត នៅ​ធ្វើ​សិក្ខាសាលា ដើម្បី​មានការ​ចូល​រូ​ម​មតិ​ពី​សិក្ខាសាលា​ទៀត អញ្ចឹង​នៅ​មិនទាន់​បានធ្វើ​អ្វី​ទេ ទើបតែ​ប្រជុំ​ចប់​នៅ​នៅ​ព្រឹក​មិញ​(​តើ​សិក្ខាសាលា​ហ្នឹង​នឹងមាន​បើក​ឲ្យ​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​ទេ ឯកឧត្តម បាទ​?) បាទ​ពេល​ហ្នឹង​គេ​មាន​បើក​ហើយ​» ។​​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ មន្ត្រី និង​សកម្មក​ជន​ស​ង្គ​ការ​សង្គម​ស៊ិ​វិល​ប្រមាណ​ជា​៥០០​នាក់​បាននាំគ្នា​ដើរ​ហែរ​ក្បួន និង​លើក​បដា​តវ៉ា នៅមុខ​រដ្ឋសភា ដើម្បី​បង្ហាញ​ការមិន​ពេញ​របស់​ពួកគេ​ទៅនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ។ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ក៏បាន​ដាក់​ញត្តិជំទាស់​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ផងដែរ ។​​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពី​ថ្ងៃ ទី​៥ ខែមិថុនា រួច​បញ្ជូន​ទៅកាន់​រដ្ឋ​សភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ​២០១៥​។​