-
កម្មករបារម្ភថាច្បាប់គ្រប់គ្រងសហជីពប៉ះពាល់ដល់ជីវភាពកម្មករ
- ថ្ងៃចេញផ្សាយ ២៥-មិថុនា-២០១៥
កម្មកររោងចក្រ អ្នកបម្រើការផ្នែកសេវាកម្សាន្ត និងអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រិះគន់ថា ច្បាប់ស្ដីពីការគ្រប់គ្រងសហជីពដែលកំពុងឋិតក្នុងសេចក្ដីព្រាងនៅឡើយនោះ នឹងប៉ះពាល់ដល់សេរីភាពរបស់សហជីព។ ក្រុមកម្មករបារម្ភថា ច្បាប់សហជីពនឹងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពួកគេ ប្រសិនបើរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័ត សេចក្ដីព្រាងច្បាប់នេះ។ការព្រួយរបស់កម្មកររោងចក្រ អ្នកបម្រើការផ្នែកសេវាកម្សាន្ត និងអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមកពីបណ្ដារោងចក្រ និងសហគ្រាសនៅពេលនេះ ធ្វើឡើងបន្ទាប់ពីច្បាប់សហជីពដែលកំពុងឋិតក្នុងដៃក្រសួងការងារ និងត្រៀមបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី។កម្មករទាំងនោះចង់ឃើញរដ្ឋាភិបាលទម្លាក់ចោលច្បាប់គ្រប់គ្រងសហជីព ព្រោះកម្មករយល់ថា ច្បាប់នេះ មិនទាន់សក្ដិសមនឹងស្ថានភាពកម្មករបច្ចុប្បន្ននៅឡើយ។បុគ្គលិកបម្រើការនៅតាមស្ថានីយសាំងនៅក្នុងរាជធានីភ្នំពេញ កញ្ញា ណុប បញ្ញា បាននិយាយថា កញ្ញាព្រួយបារម្ភថា ប្រសិនច្បាប់សហជីពត្រូវបានរដ្ឋាភិបាលអនុម័តមែននោះ ច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាព និងជីវភាពរស់នៅរបស់កម្មករដែលទទួលបានប្រាក់ខែតិចតួច។ កញ្ញាឲ្យដឹងថា ការងាររបស់កញ្ញាតែងតែត្រូវបានថៅកែស្ដីបន្ទោស និងបង្ខំឲ្យធ្វើការថែមម៉ោងជាដើម។ កញ្ញាថា កន្លងមកសហជីពបានជួយច្រើនណាស់ដល់កម្មករ ដូចជាការចរចាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុននៅពេលមានបញ្ហាណាមួយ៖ «»។កម្មកររូបនេះបាននិយាយទៀតថា កញ្ញាមិនពេញចិត្ត និងមិនចង់បានច្បាប់គ្រប់គ្រងសហជីពនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវតែបញ្ឈប់ការអនុម័តច្បាប់សហជីព ព្រោះច្បាប់នេះប៉ះពាល់ដល់ផលប្រយោជន៍កម្មករជាច្រើន៖ «»។កម្មកររោងចក្រម្នាក់ទៀតមកពីរោងចក្រ វីនស៊ីនតិច នៅម្ដុំជំពូវ័ន្ត កញ្ញា ហ៊ុយ រិន បានរៀបរាប់ថា កម្មកររោងចក្រនៅកម្ពុជា ភាគច្រើនជួបបញ្ហា ដូចជាគ្រោះថ្នាក់ការងារ បរិស្ថានកន្លែងការងារមិនល្អ ប្រាក់ខែតិច បញ្ហាសុខភាពដែលបណ្ដាលមកពីបរិភោគមិនគ្រប់គ្រាន់ និងការមិនបានសម្រាកគ្រប់គ្រាន់ជាដើម ដែលបញ្ហាទាំងនេះត្រូវទាមទារឲ្យមានសហជីពជួយដោះស្រាយជូនកម្មករ។ កម្មកររូបនេះព្រួយបារម្ភថា នៅពេលដែលមានច្បាប់គ្រប់គ្រងសហជីពពិតមែននោះ កម្មករជាច្រើននឹងបាត់បង់សេរីភាព និងរងការរំលោភសិទ្ធិកាន់តែខ្លាំងពីថៅកែរោងចក្រ៖ «»។ចំណែកឯអ្នកធ្វើការផ្នែកសេវាកម្សាន្តឯណេះវិញ លោកស្រី ស្រី ពៅ បានឲ្យដឹងដែរថា អ្នកបម្រើការខាងសេវាកម្សាន្ត តែងជួបប្រទះបញ្ហាជាច្រើនពីសំណាកថៅកែ និងភ្ញៀវជាដើម ដូចជា ពួកគេមិនបានផ្ដល់តម្លៃដល់អ្នកបម្រើសេវាកម្សាន្តជាដើម។ លោកស្រីថា រដ្ឋាភិបាលគួរតែដោះស្រាយប្រព័ន្ធសុវត្ថិភាពធ្វើដំណើរ ប្រព័ន្ធថែរក្សាសុខភាព និងដោះស្រាយប្រាក់ខែសមរម្យជូនកម្មករជាមុនសិន មុននឹងបង្កើតច្បាប់គ្រប់គ្រងសហជីពដែលអាចបង្អាក់ដល់សកម្មភាពទាមទារសិទ្ធិសេរីភាពជូនកម្មករ។ក្នុងវេទិកាយុវជនកម្មករ ស្ដីពី "បញ្ហាប្រឈម និងការទាមទារលក្ខខណ្ឌការងាររបស់ក្រុមកម្មករ" កាលពីថ្ងៃទី១៤ ខែមិថុនា កន្លងទៅ កម្មកររោងចក្រ អ្នកបម្រើការផ្នែកសេវាកម្សាន្ត និងអ្នកបម្រើការងារតាមផ្ទះ ដែលមកពីបណ្ដារោងចក្រ សហគ្រាសនៅកម្ពុជា បាននាំគ្នាជ្រើសរើសចំណុចសំខាន់ៗ ចំនួន ៥ចំណុច ចាត់ទុកជាចំណុចអាទិភាព និងទទូចឲ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់ រួមមាន ១. សុខភាព សុវត្ថិភាពនៅកន្លែងធ្វើការ ២. ប្រាក់ឈ្នួលគោលសមរម្យ ៣. ប្រព័ន្ធធ្វើដំណើរដែលមានសុវត្ថិភាព ៤. បញ្ហាស្ត្រីក្នុងវិស័យការងារ និងការឈប់សម្រាកលំហែមាតុភាព និងទី៥. ប្រព័ន្ធតុលាការឯករាជ្យ។កម្មករទាំងនោះក៏បានទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលច្បាប់សហជីព ដែលកំពុងឋិតក្នុងសេចក្ដីព្រាងនៅឡើយ ព្រោះកម្មករយល់ថា ចំណុចមួយចំនួននៅក្នុងច្បាប់នេះរឹតត្បិតសេរីភាពរបស់សហជីព ដែលអាចរារាំងដល់ការបំពេញការងារអោយបានពេញលេញរបស់សហជីពដើម្បីការពារប្រយោជន៍ពួកគេ ហើយច្បាប់នេះ នឹងបង្អាក់ដល់ដំណោះស្រាយទាំង ៥ចំណុចនេះ។កាលថ្ងៃទី២ ខែមិថុនា កន្លងទៅតំណាងក្រុមសហជីពកម្មករ និងសមាគមអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣១ ក៏បានទាមទារអោយរដ្ឋាភិបាលទម្លាក់ចោលច្បាប់សហជីព ដែលកំពុងឋិតក្នុងសេចក្ដីព្រាងនៅឡើយ ហើយពួកគេបានជំទាស់ដាច់ខាត ប្រសិនបើរដ្ឋាភិបាលនៅតែប្រកាន់ជំហរចេញច្បាប់នេះ។ទាក់ទងនឹងការលើកឡើងរបស់កម្មករនេះដែរ អគ្គលេខាធិការរបស់សហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោក ទុយ ស៊ីធៀង មានប្រសាសន៍ថា ច្បាប់សហជីពដែលបច្ចុប្បន្នស្ថិតនៅក្នុងដៃក្រសួងការងារនៅឡើយ បានធ្វើឲ្យក្រុមសហជីព និងកម្មករនៅកម្ពុជា កំពុងព្រួយបារម្ភ។លោកថា ចំណុចពីរដែលជាការរឹតត្បិតសិទ្ធិសេរីភាពសហជីពនៅក្នុងច្បាប់នេះ គឺការកំណត់ចំនួនកម្មករពី ២០% ទៅ ២៥% សម្រាប់បង្កើតសហជីព និងការពិន័យថ្នាក់ដឹកនាំសហជីព។ លោកបន្តថា ច្បាប់នេះមានចេតនាដាក់សម្ពាធសហជីពមិនឲ្យធ្វើសកម្មភាពតវ៉ាអំពីសិទ្ធិការងារផ្សេងៗ៖ «សំឡេង»។អគ្គលេខាធិការរបស់សហព័ន្ធសហជីពរូបនេះ បានបញ្ជាក់ពីជំហររបស់លោកថា លោកចង់ឲ្យរដ្ឋាភិបាលទាត់ចោលច្បាប់នេះ ព្រោះនៅពេលច្បាប់នេះត្រូវបង្កើតឡើងនឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពរបស់កម្មករគ្រប់វិស័យទាំងអស់នៅកម្ពុជា ដូច្នេះរដ្ឋាភិបាលត្រូវតែបញ្ឈប់ និងពិចារណាពីផលប៉ះពាល់នៃច្បាប់នេះទៅលើសេរីភាពសហជីព និងអត្ថប្រយោជន៍របស់កម្មករ៖ «សំឡេង»។វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដើម្បីសាកសួរជុំវិញដំណើរការពិភាក្សាលើសេចក្ដីព្រាងច្បាប់សហជីពបាននៅឡើយ នៅថ្ងៃទី២៤ ខែមិថុនា។ ប៉ុន្តែក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែឧសភា ប្រកាសថា ច្បាប់សហជីពនេះ មានគោលដៅការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងនិយោជក ជំរុញឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ បង្កើតការងារសមរម្យ ព្រមទាំងបង្កើនផលិតភាព និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតជាដើម។អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅ បានចេញសេចក្ដីអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកែលំអសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពឲ្យស្របតាមបទដ្ឋានអន្តរជាតិ និងដាក់ឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ។អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់ទុកសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពថា ជាមហន្តរាយមួយដល់សិទ្ធិមនុស្សរបស់កម្មករ។លើសពីនេះ នៅក្នុងសេចក្ដីអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានសរសេរថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពកម្ពុជា នឹងរំលោភសិទ្ធិស្ដីពីការរៀបចំសមាគម ហើយក៏ជាជំហានដើរថយក្រោយដ៏ធំមួយចំពោះកម្មករនៅកម្ពុជា។យ៉ាងណាក៏ដោយ កម្មករអះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ ប្រសិនបើរដ្ឋាភិបាលអនុម័តមែននោះ វានឹងមិនធានាដល់ការការពារសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពឡើយ។ កម្មករអំពាវនាវឲ្យរដ្ឋាភិបាលដកសេចក្ដីព្រាងច្បាប់នេះវិញ ហើយដាក់ឲ្យមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ សមាជិកសហជីព និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីកែលំអឲ្យស្របតាមបទដ្ឋានអន្តរជាតិ មុនពេលបញ្ជូនឲ្យសភាអនុម័ត៕ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៥។