• សមត្ថកិច្ច​ចាប់ខ្លួន​ក្រុមយុវជន​ដែល​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ខេត្តកោះកុង​

    • ថ្ងៃចេញផ្សាយ ២៥-មិថុនា-២០១៥

    ​យ៉ាងហោចណាស់​យុវជន​៣​នាក់ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ម្នាក់ទៀត ត្រូវ​កម្លាំងចម្រុះ​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ហ​ស្ប​តិ៍​នេះ ខណៈ​ពួកគេ​ប្រមាណ​ជា​១០​នាក់ ព្យាយាម​ដាក់​ញត្តិ ជំរុញ​ឲ្យ​រដ្ឋសភា​បញ្ឈប់​ហ៊ុន​បូម​ខ្សាច់​មួយ​នៅ​ខេត្តកោះកុង ដែល​ក្រុមអ្នកតវ៉ា​អះអាងថា​សកម្មភាព​បូម​ខ្សាច់​នោះ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​មុខរប​នេសាទ​របស់​ពលរដ្ឋ​ជិត​៣០០​គ្រួសារ​។​​យុវជន​៣​នាក់​នោះ​ជា​សមាជិក​ចលនា​អង្គការ​មាតា​ធម្មជាតិ មានឈ្មោះ ឌឹ​ម គុណ​ឌី សន ចាន់​ដា​រ៉ា និង​លោក ចិ​ត្រា​។ ចំណែក​មន្ត្រី​ព័ត៌មាន​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ម្នាក់​ទៀត ដែល​ចុះ​ឃ្លាំមើល គឺ​លោក ឌិ​ត សុធី ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​​អភិបាលខណ្ឌ​ដូនពេញ លោក គួច ចំរើន ដែល​ចុះ​បញ្ជា​ផ្ទាល់​អះអាងថា​វិធានការ​ចាប់ខ្លួន ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​។​​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ស​មា​គម​អាដហុក លោក យី សុខសាន្ត ដែលមាន​វត្ត​មាននៅ​កន្លែងកើតហេតុ​បង្ហាញ​ការខកចិត្ត​ពី​វិធានការ​នេះ​។ មន្ត្រី​សិទ្ធិមនុស្ស​រូបនោះ​ឲ្យ​ដឹងថា​ការ​អនុ​វ​ច្បាប់​នៅ​កម្ពុជា មិន​ស្មើភាព​គ្នា​រវាង​អ្នកគាំទ្រ​បក្ស​កាន់អំណាច និង​សកម្មជន​ការពារ​បរិស្ថាន ឬ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដទៃទៀត ព្រោះតែ​យុវជន​ច្រើន​រយ​នាក់ ដែល​ធ្វើ​ពិធី​ស្បថ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មិនត្រូវ​បាន​អាជ្ញាធរ រារាំង​នឹង​ចាប់ខ្លួន​នោះទេ​។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ អះអាងថា​ការចាប់ខ្លួន​យុវជន​នាពេលនេះ លោ​កថា​គ្មាន​ការរើសអើង​ទេ ដែល​លោក​យល់ថា​ជា​វិធានការ​ច្បាប់​។​​នៅ​ម៉ោងជាង​១១​ព្រឹក សមត្ថកិច្ច​បាន​ដោះលែង​ពួកគេ​វិញ ក្រោយពី​មានការ​ផ្តិតមេដៃ​លើ​កិច្ច​សន្យាថា​មុនពេល​ដាក់​ញត្តិ ត្រូវសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាមុនសិន​។​​កន្លងទៅ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ច្រើន​រយ​ស្ថាប័ន​ធ្លាប់​តវ៉ា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទំលាក់ចោល​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ពួកគេ​យល់ថា​ច្បាប់​នោះ​នឹង​រឹតបន្តឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​។​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម លោក សួន ប៊ុន​ស័ក្តិ លើកឡើងថា​ការចាប់​ឃាត់ខ្លួន យុវជន​ដែល​ព្យាយាម​យក​ញត្តិ​ទៅ​ដាក់​រដ្ឋសភា​ដោយ​សន្តិវិធី​នេះ​បង្ហាញថា​សេរីភាព​បញ្ចេញមតិ​នៅ កំពុង តែ​ស្ថិតក្នុង​ការព្រួយបារម្ភ​ខ្លាំង​។​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​មុន​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន​នោះ​ថា​គម្រោង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​នេះ គឺ​គ្រាន់តែ​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បូម​ខ្សាច់​នៅ​ស្រុក​គី​រី​សាគរ ខេត្តកោះកុង ដែល​ពួក គេ​បញ្ជាក់ថា​បាន​បង្ក​ឲ្យ​បាត់បង់​ព្រៃកោងកាង និង​ប៉ះពាល់​មុខរបរ ប្រជា​នេសាទ​ជាង​៣០០​គ្រួសារ ហើយ ករណីនេះ អាជ្ញាធរ​គ្មាន​ការទប់ស្កាត់​ឡើយ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ​២០១៥​។​