-
អង្គការសិទ្ធិមនុស្ស ថ្កោលទោសតុលាការករណីព្យួរទោសអ្នកមានជម្លោះដីធ្លីនៅបឹងកក់១
- ថ្ងៃចេញផ្សាយ ២៩-មិថុនា-២០១៥
អង្គការការពារសិទ្ធិមនុស្សក្នុងស្រុក ថោ្តលទោស សាលាដំបូងរាជធានីភ្នំពេញ ដែលបានព្យួរទោសជាប់ពន្ធនាគាររយៈពេល ៦ ខែ ចំពោះក្រុមគ្រួសារអ្នកមានជនម្លោះដីធ្លីនៅបឹងកក់១ ជាមួយក្រុមហ៊ុន ឃ៊ុន សៀ ដោយអះអាថា ពុំមានភស្តុតាងជាមូលដ្ឋានគ្រប់គ្រាន់ ។សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ចេញកាលពីម្សិលមិញ ឲ្យដឹងថា កាលពីថ្ងៃទី ២៥ សាលាដំបូងរាជធានីភ្នំពេញ បានផ្ទន្ទាទោសឈ្មោះ លី ស្រ៊ាខេង ម៉ក់ សៀវហ៊ូង និងកូនស្រីរបស់គាត់ លី សៀវមិញ ពីបទប្រើប្រាស់ហិង្សាប្រឆាំងលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា ២៥៣ នៃច្បាប់ភូមិបាល ឆ្នាំ ២០០១ ហើយផ្ទនាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ដោយព្យួរទោស។ក្នុងករណីនេះ CCHR ថ្កោលទោសចំពោះការផ្ទន្ទាទោសដែលពុំមានភស្តុតាងជាមូលដ្ឋានគ្រប់គ្រាន់ ។VOD មិនទាន់អាចសុំការបំភ្លឺលើបញ្ហានេះ ពីភាគីសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយនេះនៅថ្ងៃនេះ។សេចក្តីថ្លែងការណ៍ដដែលបន្តថា កាលពីខែវិច្ឆិកា ឆ្នាំ ២០១៤ លោកលី ស្រ៊ាខេង និងកូនស្រីរបស់គាត់គឺកញ្ញា លី សៀវមិញ ត្រូវបានចាប់ខ្លួនក្នុងបរិបទជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន ឃ៊ុន សៀ បន្ទាប់ពីពួកគេមិនព្រមចាកចេញពីទីតាំងដីមានជម្លោះនៅតំបន់បឹងកក់ ១ ដែលពួកគេអះអាងថា រស់នៅតាំងពីឆ្នាំ ១៩៨២ ។ តែអ្នកទាំងពីរត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីពួកគេព្រមទទួលសំណងពីភាគីក្រុមហ៊ុន ។យ៉ាងនេះក្តី CCHR កត់សម្គាល់ថា ការប្រើប្រាស់តុលាការដើម្បីដាក់សម្ពាធលើប្រជាពលរដ្ឋ និងការដោះស្រាយវិវាទដីធ្លី គឺផ្ទុយនឹងច្បាប់ សិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ ហើយចង្អុលបង្ហាញពីតម្រូវការឲ្យមានកំណែទម្រង់ប្រព័ន្ធតុលាការនិងការគោរពសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ ។ មន្ត្រីសម្របសម្រួលគម្រោងការពារសិទ្ធិសេរីភាពមូលដ្ឋានកញ្ញា ឆាយ ឈុនលី មានប្រសាសន៍តាមរៈសេចក្តីថ្លែងការណ៍ថា "ជនជាប់ចោទ មិនគួររកឃើញថាមានទោសនោះទេ។ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញពុំមានហេតុផលគ្រប់គ្រាន់ ហើយផ្ទុយនឹងស្តង់ដារនៃការជំនុំជម្រះក្តីដោយយុត្តិធម៌។ មន្ត្រីតុលាការកម្ពុជា គួរតែធានាការទទួលបាននូវយុត្តិធម៌ឲ្យបានពេញលេញ និងសំណងសម្រាប់ពលរដ្ឋទាំងអស់ "។ ក្រុមគ្រួសារ លោក លី ស្រ៊ាខេង ធ្លាប់រងនូវការប្រមាថដល់ជីវិតជាច្រើនដង ដូចជាការបោះពស់វែកចូលផ្ទះ ការបង្កអគ្គិភ័យ និងការលួចវាយប្រហារពេលធ្វើដំណើរតាមផ្លូវជាដើម ក្នុងនោះកញ្ញា លី សៀវម៉ិញ ជាកូនស្រីរបស់លោកលី ស្រ៊ាខេង ធ្លាប់ត្រូវក្រុមជនមិនស្គាល់មុខកាប់ជាច្រើនកាំបិត ដែលគ្រួសារនេះអះអាងថា ជនមិនស្គាល់មុខទាំងនោះ ជាកម្មករស៊ីឈ្នួលរបស់ក្រុមហ៊ុនឃុន សៀ ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៥។