• រដ្ឋសភា​នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​អង្គការ​នៅ​ថ្ងៃទី​១០ ខែកក្កដា​

    • ថ្ងៃចេញផ្សាយ ៣០-មិថុនា-២០១៥

    រដ្ឋសភា​នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​អង្គការ​នៅ​ថ្ងៃទី​១០ ខែកក្កដា​​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ឲ្យ​ដឹងថា​រដ្ឋសភា​នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល នៅ​ថ្ងៃទី​១០​ខែកក្កដា ខាងមុខនេះ ខណៈ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន​ចាប់ផ្តើម​យុទ្ធនា​ការតវ៉ា​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​ច្បាប់​នេះ​។​​លោក ឈាង វុន បានលើកឡើង​បែបនេះ​នៅក្នុង​ជំនួប​មួយ​ជាមួយ​លោក​Joachim Baron von Marschell ឯកអគ្គរដ្ឋទូត​អាឡឺម៉ង់​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​។ បើតាម​គេហទំព័រ​របស់​រដ្ឋសភា ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​បាន​សម្តែង​ការព្រួយបារម្ភ​ពី​សេចក្តីព្រាងច្បាប់​នេះ​។​​ជាការ​ឆ្លើយតប លោក ឈាង វុន មានប្រសាសន៍ថា​ច្បាប់​នេះ​គោលបំណង​ពង្រឹង​តួនាទី​របស់​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ឲ្យ​ទៅជា​ដៃគូ​អភិវឌ្ឍន៍​ល្អ​របស់​កម្ពុជា​។បើតាម​គេហទំព័រ លោក ឈាង វុន បាន​លើកឡើងថា​ក្រោយពី​បានទទួល​សេចក្តីព្រាងច្បាប់​នេះ គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា​ដែលមាន​លោក​ជា​ប្រធាន បាន​សហការ​ជាមួយ​គណៈកម្មការ​ជំនាញ​ទី​៤ និង​ទី​៦ ពិនិត្យ និង​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​។​​គេហទំព័រ​រដ្ឋ​សភាប​ន្ត​ថា​«​ឯកឧត្តម ឈាង វុន បាន​បញ្ជាក់ថា​រដ្ឋសភា​នឹងធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ពី​សេចក្តីព្រាងច្បាប់​នេះ​នៅ​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា អង្គការ​ជាតិ អន្តរជាតិ តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋសភា និង​ព្រឹទ្ធសភា​»​។​​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែល​រដ្ឋាភិបាល​បានដាក់​ទៅ​រដ្ឋសភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា​។ មាត្រា​២៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​ចែងថា​« អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្សនយោបាយ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​»​។ មាត្រា​១០​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ដែល​ត្រូវ បើក​សម្រាប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២៥​ចែងថា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយ​ការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ មាត្រា​២៥ បន្តថា​ក្នុងករណី​ចំ​បាច់ ក្រសួងមហាផ្ទៃ អាច​ស្នើសុំ​របាយការណ៍​ស្តីពី​សកម្មភាព និង​នយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម​។​ករណី​ដែល​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​អនុវត្តតាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ក្រសួងមហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដោយ​ទុក​រយៈពេល​យ៉ាង យូរ​៣០​ថ្ងៃ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។ ករណី​មិន​អនុវត្តតាម ក្រសួង​នឹង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន រយៈពេល​យ៉ាងយូរ​៩០​ថ្ងៃ​។ ក្នុងករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួងមហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ឈ្មោះ​ចេញពី​បញ្ជី​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ​២០១៥​។​