-
សង្គមស៊ីវិលថា ការពិគ្រោះយោបល់ស្តីពីច្បាប់អង្គការក្នុងរយៈពេលខ្លីគឺគ្រាន់តែជាការបង្គ្រប់កិច្ច
- ថ្ងៃចេញផ្សាយ ១-កក្កដា-២០១៥
អង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា ការបើកឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ គឺគ្រាន់តែជាសិក្ខាសាលាបង្គ្រប់កិច្ចមួយប៉ុណ្ណោះ បើសិនជាសិក្ខាសាលានេះនឹងត្រូវធ្វើឡើងតែមួយព្រឹក ឬមួយថ្ងៃនោះ ។នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ រដ្ឋសភានឹងបើកឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយបើកឲ្យមានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភា ។អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការពិគ្រោះយោបល់មួយដែលមានប្រសិទ្ធភាព តម្លាភាព គឺត្រូវការពេលវេលា និងមានការពិភាក្សាគ្នាច្រើនដង ដើម្បីមានឱកាសផ្តល់យោបល់ឲ្យគ្នាទៅវិញទៅមក និងមានការកែប្រែជាដើម ។ លោកថា បើសិនជាសិក្ខាសាលានេះ ធ្វើឡើងជាសាធារណៈ និងមានចំនួនច្រើនដង លោកថា សង្គមស៊ីវិលនឹងពេញចិត្តក្នុងការចូលរួមពិគ្រោះយោបល់ ។លោកបន្ថែមថា «បើសិនជាកិច្ចពិគ្រោះយោបល់ធ្វើឡើងតែមួយព្រឹក ឬមួយថ្ងៃដូចជាច្បាប់ គ.ជ.ប ឬក៏ច្បាប់ការបោះឆ្នោត គឺខ្ញុំគិតថាអាហ្នឹងវាគ្រាន់តែជាការបង្គ្រប់កិច្ចទេ មិនមែនជាសិក្ខាសាលា ឬការពិគ្រោះយោបល់នោះទេ ។ អញ្ចឹងយើងជាសង្គមស៊ីវិលចាំមើល បើសិនជាការពិគ្រោះយោបល់បែបបង្គ្រប់កិច្ច អាហ្នឹងវាពិបាកណាស់ក្នុងការចូលរួមសិក្ខាសាលានោះបាទ»។នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម លើកឡើងថា ការធ្វើសិក្ខាពិគ្រោះយោបល់គួរតែមានរយៈពេលសមរម្យមួយ ដើម្បីធ្វើការពិភាក្សាគ្នា និងថ្លឹងថ្លែងថាតើមតិយោបល់ណាមួយអាចដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់នេះបាន ។ លោកបន្តថា ការបើកឲ្យមានសិក្ខាសាលាពិភាក្សារយៈពេលខ្លី គឺមិនគ្រប់គ្រាន់ក្នុងការពិភាក្សាប្រកបដោយអត្ថន័យនោះទេ ។ លោកបន្ថែមថា «ខ្ញុំគិតថាវាអត់មានន័យក្នុងការការពិគ្រោះយោបល់ក្នុងរយៈពេលកន្លះថ្ងៃ ឬមួយថ្ងៃ ព្រោះថាវាអត់គ្រប់គ្រាន់នោះទេ ការដែលបើកឲ្យមានសិក្ខាសាលា ការបើកឲ្យមានការពិគ្រោះយោបល់យើងត្រូវការពេលវេលា...មិនមែនរៀបចំតែមួយព្រឹកធ្វើបទបង្ហាញហើយ បង្ខំឲ្យទទួលយកនោះទេបាទ» ។លោក អ៊ី សារ៉ុម បន្តទៀតថា សង្គមស៊ីវិលចង់ឲ្យទម្លាក់ចោលច្បាប់នេះតែម្តង ដោយលោកយល់ថានៅកម្ពុជាមិនទាន់ចាំបាច់ត្រូវមានច្បាប់នេះនោះទេ ។ លោកថា អ្វីដែលចាំបាច់សម្រាប់កម្ពុជា គឺរដ្ឋាភិបាលគួរគិតគូពីបញ្ហាអត់ការងារធ្វើ បញ្ហាព្រំដែន អំពើពុករលួយ និងប្រព័ន្ធយុត្តិធម៌មិនឯករាជជាដើម ។ទោះយ៉ាងណា លោកថា លោកនឹងទៅរួមសង្កេតមើលការពិគ្រោះយោបល់នៅថ្ងៃទី១០ ខែកក្កដា ។អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ លោក ឈាង វុន មានប្រសាសន៍ថា រដ្ឋសភានឹងធ្វើលិខិតអញ្ជើញទៅអង្គការសង្គមស៊ីវិល សមាគម និងអង្គទូតនានា ដើម្បីឲ្យចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ។ លោកឲ្យដឹងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះ អាចធ្វើឡើងក្នុងរយៈពេលកន្លះថ្ងៃ ឬរហូតដល់ពីរថ្ងៃទៅតាមស្ថានភាពជាក់ស្តែង ។ លោក ឈាង វុន បន្ថែមថា «ខ្ញុំមិនដឹងថាទទួលឬមិនទទួលទេ តែយោបល់ល្អខ្ញុំទទួល យោបល់អត់ល្អខ្ញុំអត់ទទួលទេ» ។គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ ក្រុមអង្គការសង្គមស៊ិវិល និងសកម្មជនដីធ្លីជិត៦០០នាក់បានធ្វើយុទ្ធនាការហែក្បួនទៅជួបជុំគ្នានៅមុខរដ្ឋសភា ប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពផងដែរ ដោយពួកគេយល់ថា សេចក្តីព្រាងច្បាប់ទាំងពីរនោះមានលក្ខណៈគាបសង្កត់ ។សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលរដ្ឋាភិបាលបានដាក់ទៅរដ្ឋសភា មាន៩ជំពូក និងមាន៣៩មាត្រា ។ សេចក្ដីព្រាងច្បាប់នោះតម្រូវឲ្យអង្គការសង្គមស៊ីវិលប្រកាន់ជំហរអព្យាក្រិត និងត្រូវផ្ញើរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ច្បាប់នេះក៏អនុញ្ញាតឲ្យក្រសួងមហាផ្ទៃអាចលុបឈ្មោះអង្គការសង្គមស៊ីវិល ដែលមិនអុវត្តតាមមាត្រាមួយចំនួននៃច្បាប់នេះផងដែរ ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០១៥។